នៅពេលថ្មីៗនេះ អង្គការ Localization Lab ផ្សព្វផ្សាយកូនសៀវភៅណែនាំមួយជាទម្រង់ PDF ដល់អ្នកប្រើប្រាស់អ៊ីនធឺណិត ដើម្បីឈ្វេងយល់ពីការទំនាក់ទំនងនៅលើអ៊ីនធឺណិតដោយសុវត្ថិភាព និងភាពឆ្លាតវៃ។
កូនសៀវភៅណែនាំនេះ គឺរៀបចំដោយអង្គការ Localization Lab សហការជាមួយអ្នកជំនាញផ្នែកសុវត្ថិភាពឌីជីថល និងអ្នករចនានៅដើមឆ្នាំ២០២២ ដើម្បីកែសម្រួល និងរៀបរៀងជាភាសាខ្មែរ។ អង្គការ Localization Lab ជាសហគមន៍អន្តរជាតិមួយដែលជាទូទៅតែងតែកែសម្រួល ឬបកប្រែភាសាពីឧបករណ៍សុវត្ថិភាពភាសាអង់គ្លេសទៅជាភាសានៃប្រទេសផ្សេងៗ។
បើតាមអង្គការនេះ នៅដើមឆ្នាំ២០២២ ពួកគេបានរៀបចំកូនសៀវភៅណែនាំមួយជាភាសាខ្មែរដែលមាន ៤៧ទំព័រ និងមានខ្លឹមសារសំខាន់ៗចំនួន ៥ចំណុច គឺ៖
- ណែនាំពីកម្មវិធីទំនាក់ទំនង Signal ដែលកំពុងពេញនិយម និងមានសុវត្ថិភាពខ្ពស់
- ណែនាំពីកម្មវិធី OnionShare សម្រាប់ចែករំលែកឯកសារ បង្ហោះវេបសាយ ឬបង្កើតបន្ទប់ជជែកដោយសុវត្ថិភាព
- ណែនាំពីកម្មវិធី VPN សម្រាប់ធ្វើកូដនីយកម្មទិន្នន័យ និងរក្សាឯកជនភាពនៅពេលអ្នកប្រើប្រាស់អ៊ីនធឺណិតសាធារណៈ ជាដើម
- TOR Browser ជាកម្មវិធីរុករកដែលរក្សាឯកជនភាពរបស់អ្នកប្រើប្រាស់អ៊ីនធឺណិតសម្រាប់ប្រព័ន្ធប្រតិបត្តិការ Windows, MacOS, Linux និង Android
- Onion Browser ជាកម្មវិធីរុករកមួយទៀតដូចនឹងកម្មវិធី TOR Browser ដែរ ប៉ុន្តែវាសម្រាប់តែអ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ iOS (iPhone និង iPad)។
លើសពីនេះទៀត កូនសៀវភៅនេះមានរឿងខ្លីចំនួន៤ អមដោយរូបត្លុកស្អាតៗ និងច្បាស់ ដោយពន្យល់ពីមូលហេតុ និងអត្ថប្រយោជន៍ដែលអ្នកប្រើប្រាស់អ៊ីនធឺណិតគួរបែរមកចាប់អារម្មណ៍ការពារពីឯកជនភាព និងសុវត្ថិភាពនៅលើអ៊ីនធឺណិត។
អង្គការនេះឱ្យដឹងថា ការចែករំលែកកូនសៀវភៅនេះ គឺមានគោលបំណងពង្រឹងសមត្ថភាពដល់អ្នកប្រើប្រាស់អ៊ីនធឺណិត ដូចជាអ្នកជំនួញ បុគ្គលិកក្រុមហ៊ុន និយោជក បុគ្គលិកអង្គការ អ្នកកាសែត មន្ត្រីរាជការ អ្នកធ្វើការក្នុងសហគមន៍ សិស្ស និស្សិត និងអ្នកដែលគិតដល់ឯកជនភាព ដើម្បីឈ្វេងយល់ និងប្រើប្រាស់អ៊ីនធឺណិតដោយសុវត្ថិភាព៕
ចុចត្រង់នេះ ដើម្បីទាញយកសៀវភៅនេះ!!!