គន្លឹះ ៩​ចំណុច ការពារ​ទូរស័ព្ទ​និង​ទិន្នន័យ​របស់​អ្នក​ឲ្យ​មាន​សុវត្ថិភាព

ទូរស័ព្ទ​វៃឆ្លាត (Smart Phone) ក៏​ដូចជា​កុំព្យូទ័រ (Computer) អ៊ីចឹង​ដែរ។ លោក​អ្នក​ត្រូវ​ការពារ​វា​ឲ្យ​មាន​សុវត្ថិភាព ជៀសវាង​មាន​ហានិភ័យ​ណា​មួយ​កើត​ឡើង​ដោយ​ការ​ធ្វេសប្រហែស​មិន​បាន​ការពារ​ទុក​ជា​មុន។

6256
Protect Mobile Data

ទូរស័ព្ទ​វៃឆ្លាត ឬ​ហៅថា ស្មាតហ្វូន (Smartphone) ថេបប្លេត (Tablets) ក៏​ដូចជា​កុំព្យូទ័រ (Computer) ដែរ ​អ្នក​ត្រូវ​ការពារ​វា​ឲ្យ​មាន​សុវត្ថិភាព ពីព្រោះ​អត្តសញ្ញាណ ទិន្នន័យ​ធនាគារ ទិន្នន័យ​អាជីវកម្ម និង​ទិន្នន័យ​សំខាន់ៗ​ផ្សេងទៀត​របស់​អ្នក គឺ​ត្រូវ​បាន​ផ្ទុក​នៅ​លើ​ឧបករណ៍​ទាំងនេះ​ដើម្បី​ងាយស្រួល​យក​ប្រើប្រាស់។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

សព្វថ្ងៃ និន្នាការ​នៃ​ការ​ប្រើប្រាស់​ទូរស័ព្ទ​ស្មាតហ្វូន ឬ​ថេបប្លេត​ច្រើន​ជាង​ការ​ប្រើប្រាស់​កុំព្យូទ័រ​បម្រើ​ឱ្យ​កិច្ចការងារ​ប្រចាំ​ថ្ងៃ នោះ​គេ​ឃើញ​ថា Malware ឬ​មេរោគ​លើ​ឧបករណ៍​ទាំងនេះ​ក៏​កើនឡើង​ដែរ ដូច្នេះ​អ្នក​ត្រូវ​តែ​ប្រាកដ​ថា ទូរស័ព្ទ​របស់​​អ្នក​គឺ​មាន​សុវត្ថិភាព​ជានិច្ច ហើយ Tech Khmer សូម​លើក​យក​គន្លឹះ ៩ចំណុច​ដែល​អាច​ធ្វើ​ឲ្យ​ទូរស័ព្ទ និង​ទិន្នន័យ​ក្នុង​ទូរស័ព្ទ​របស់​អ្នក​មាន​សុវត្ថិភាព​ដូច​ខាង​ក្រោម៖

ចំណុច​ទី​១៖ ចាក់​សោ​ទូរស័ព្ទ​របស់​​អ្នក​ជានិច្ច (Lock Your Phone)

វា​មាន​សារសំខាន់​មែនទែន​ដែល​​អ្នក​ត្រូវ​តែ​កំណត់​ទូរស័ព្ទ​របស់​​អ្នក​ឲ្យ​ចាក់​សោ​ដោយ​ស្វ័យប្រវត្តិ​នៅ​ក្នុង​រយៈពេល​ខ្លី​ណា​មួយ​ដែល​​អ្នក​មិន​បាន​ប្រើប្រាស់​វា ពីព្រោះ​នៅ​ពេល​ដែល​ទូរស័ព្ទ​របស់​​អ្នក​ជាប់​សោ នោះ​វា​នឹង​ការពារ​មិន​ឲ្យ​អ្នក​ដទៃ​ប្រើប្រាស់​ទូរស័ព្ទ​របស់​អ្នក ក៏​ដូចជា​មិន​អាច​ចូល​មើល​ទិន្នន័យ​សំខាន់ៗ និង​កម្មវិធី​ទាំងអស់​នៅ​ក្នុង​ទូរស័ព្ទ​ផង​ដែរ។

បច្ចុប្បន្ន ទូរស័ព្ទ​ឆ្លាតវៃ (Smartphone) ផ្ដល់​ជម្រើស​ជាច្រើន​ក្នុង​ការ​ចាក់​សោ​ទូរស័ព្ទ ដូចជា​ប្រើ​ម្រាមដៃ (ខ្ចៅដៃ / fingerprint) ស្កេន​មុខ (facial recognition) ដាក់​លេខ​កូដ (passcode) ដាក់​ជា​ពាក្យ​សម្ងាត់ (password) ឬ​ដាក់​ជា pattern ជាដើម។ ដូច្នេះ ​អ្នក​​អាច​ប្រើ​ជម្រើស​ណា​មួយ​ដែល​អ្នក​គិត​ថា​សមស្រប និង​តាម​​សមត្ថភាព​នៃ​ទូរស័ព្ទ​របស់​អ្នក។ ចំណែកឯ​ការ​ដោះ​សោ​ទូរស័ព្ទ វា​មិន​ចំណាយ​ពេល​យូរ និង​មិន​ពិបាក​ទេ​សម្រាប់​អ្នក​ជា​ម្ចាស់។

ការ​កំណត់​រយៈពេល​​ចាក់​សោ​ដោយ​ស្វ័យប្រវត្តិ​កាន់​តែ​ខ្លី នោះ​នឹង​​ធានា​ថា​គ្មាន​នរណា​ម្នាក់​អាច​ចូល​ប្រើ​ទូរស័ព្ទ​របស់​​អ្នក​បាន​ទេ​ពេល​ពួក​គេ​យក​បាន​ទូរស័ព្ទ​របស់​​អ្នក​បាន ឬ​អ្នក​មិន​បាន​ប្រើ​វា។ ម្យ៉ាង​ទៀត ​អ្នក​ក៏​គួរ​កំណត់​ឲ្យ​ទូរស័ព្ទ​ទាមទារ​លេខ​កូដ​សម្ងាត់​នៅ​ពេល​ទូរស័ព្ទ​របស់​​អ្នក​ត្រូវ​បាន​គេ Restart និង​ទាមទារ PIN ផង​ដែរ។

អាន​អត្ថបទ៖ របៀប​ដាក់​លេខ​កូដ​សម្ងាត់​លើ iPhone, iPad និង iPod Touch

ទូរស័ព្ទ​ឆ្លាតវៃ (Smartphone) ដែល​ជាប់​សោ។
ទូរស័ព្ទ​ឆ្លាតវៃ (Smartphone) ដែល​ជាប់​សោ។

អាន​អត្ថបទ​ផ្សេង​ទៀត៖

ចំណុច​ទី​២៖ ធ្វើ​បច្ចុប្បន្នភាព​ប្រព័ន្ធ​ប្រតិបត្តិការ​ទូរស័ព្ទ (Keep the OS Up to date)

អ្នក​ត្រូវ​ធ្វើ​បច្ចុប្បន្នភាព​ប្រព័ន្ធ​ប្រតិបត្តិការ​ទូរស័ព្ទ (Update OS) ទៅ​កាន់​ជំនាន់​ចុងក្រោយ​បង្អស់ ពីព្រោះ​រាល់​ការ​ចេញ​នូវ​ជំនាន់ OS នីមួយៗ​មិន​ថា iOS ឬ Android គឺ​ក្រុមហ៊ុន​បាន​ជួសជុល​កំហុស​ឆ្គង​ជាច្រើន​ដែល​បាន​កើត​ឡើង និង​ជួសជុល​បញ្ហា​មិន​ប្រក្រតី​មួយ​ចំនួន​ដើម្បី​ការពារ​មិន​ឲ្យ​ក្រុម​ហេគឃឺ (Hackers) ចូល​លួច​ទិន្នន័យ​ពី​ក្នុង​ទូរស័ព្ទ​របស់​អ្នក​បាន។ អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​អែនឌ្រោយ (Android OS) គឺ​មាន​អត្រា​ងាយ​រងគ្រោះ​ច្រើន​ជាង​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ អាយអូអេស (iOS)

ក្នុង​ករណី​ទូរស័ព្ទ​របស់​​អ្នក​មិន​អាច Update OS ទៅ​កាន់​ជំនាន់​ចុងក្រោយ​បាន​ទេ Tech Khmer សូម​ណែនាំ​អ្នក​ត្រូវ​ផ្លាស់ប្ដូរ​ទូរស័ព្ទ​ស៊េរី​ថ្មី​មក​ប្រើប្រាស់​វិញ ដើម្បី​ធានា​ថា​ទិន្នន័យ​សំខាន់ៗ​របស់​​អ្នក​ត្រូវ​បាន​ការពារ។ នៅ​ពេល​​អ្នក​ទិញ​ទូរស័ព្ទ​ស៊េរី​ថ្មី សូម​ពិចារណា​ថា​តើ​ទូរស័ព្ទ​នោះ​អាច​ធ្វើ​បច្ចុប្បន្នភាព​ប្រព័ន្ធ​ប្រតិបត្តិការ​បាន​ប៉ុន្មាន​ដង និង​អាច​បាន​យូរ​ដល់​ពេល​ណា។ ជាទូទៅ ទូរស័ព្ទ​ប្រើ Android អាច​អាប់ដេត OS បាន​ពី​រយៈពេល ២-៣​ឆ្នាំ ខណៈ​ផលិតផល​របស់ Apple អាច​ទទួល​បាន​ការ​អាប់ដេត​ក្នុង​រយៈពេល ៥-៦​ឆ្នាំ។

ទាញ​យក​កំណែ iOS 11.2.2 សម្រាប់ iPhone or iPad។
ទាញ​យក​កំណែ iOS 11.2.2 សម្រាប់ iPhone or iPad។

ចំណុច​ទី​៣៖ ជៀសវាង​ប្រើប្រាស់​ទូរស័ព្ទ​គ្មាន​ម៉ាក​ច្បាស់លាស់ (Avoid Insecure Brands)

ទូរស័ព្ទ​ឆ្លាតវៃ (Smartphone) នៅ​លើ​ទីផ្សារ​សព្វថ្ងៃ​មាន​ច្រើន​ប្រភេទ ច្រើន​ម៉ាក និង​មាន​តម្លៃ​ខុស​គ្នា​ច្រើន​ផង​ដែរ។ ទោះ​បី​ជា​ទូរស័ព្ទ​នៅ​លើ​ទីផ្សារ​មាន​ច្រើន​ម៉ាក​ពិត​មែន​ក៏ដោយ យើង​មិន​ប្រាកដ​ថា​ទូរស័ព្ទ​ទាំងអស់​នោះ​នឹង​ការពារ​អ្នក​ប្រើប្រាស់​បាន​ដូច​គ្នា​នោះ​ទេ។ ទូរស័ព្ទ​ខ្លះ​បាន​បង្កប់​កូដ​ដែល​តាមដាន​​អ្នក​រាល់​សកម្មភាព និង​អាច​លួច​ចម្លង​ទិន្នន័យ​ពី​ក្នុង​ទូរស័ព្ទ​របស់​​អ្នក ហើយ​ផ្ញើ​ទៅ​កាន់​ម្ចាស់​ពួក​វា​ផង​ដែរ។

ដូច្នេះ សូម​ពិចារណា​ជ្រើសរើស​យក​ទូរស័ព្ទ​ដែល​មាន​កិត្តិសព្ទ​ល្អ និង​កេរ្តិ៍​ឈ្មោះ​ល្អ​នៅ​លើ​ទីផ្សារ ដើម្បី​សុវត្ថិភាព​ទិន្នន័យ​ផ្ទាល់​ខ្លួន​របស់​​អ្នក។

ទូរស័ព្ទ​ស្មាតហ្វូន (Smartphone)។
ទូរស័ព្ទ​ស្មាតហ្វូន (Smartphone)។

ចំណុច​ទី​៤៖ កូដនីយកម្ម (Encryption)

សូម​ពិនិត្យ​មើល​ថា តើ​ទូរស័ព្ទ​របស់​​អ្នក​ជា​ប្រភេទ​ទូរស័ព្ទ​ដែល​មាន​ជម្រើស​ដើម្បី​កំណត់ Encrypt Storage ដែរ​ឬ​អត់? ទូរស័ព្ទ​ទាំងអស់​នៅ​លើ​ទីផ្សារ​មិន​ដូច​គ្នា​ទេ។ ទូរស័ព្ទ​ខ្លះ​បាន​កំណត់ Encrypt Storage រួច​ជាស្រេច ចំណែក​ទូរស័ព្ទ​ខ្លះ​ទៀត អនុញ្ញាត​ឲ្យ​​អ្នក​មាន​ជម្រើស​កំណត់ Encrypt ឬ​មិន​ចង់ Encrypt។ កូដនីយកម្ម (Encryption) គឺ​ក្នុង​គោល​បំណង​ការពារ​ទិន្នន័យ​ទាំងអស់​នៅ​ក្នុង​ទូរស័ព្ទ​ឲ្យ​មាន​សុវត្ថិភាព។ មានន័យថា នៅពេល​ដែល​ទូរស័ព្ទ​របស់​អ្នក​ត្រូវ​បាន​ធ្វើ​កូដនីយកម្ម នោះ​វា​ទាមទារ​អ្នក​ត្រូវ​តែ​ដាក់​លេខ​កូដ​សម្ងាត់ ដូច្នេះ​វា​ប្រើ​លេខ​កូដ​សម្ងាត់​នេះ​ការពារ​ទិន្នន័យ​របស់​អ្នក​មិន​ឱ្យ​អ្នកដទៃ ឬ​ក្រុម​ហេគឃឺ​ដែល​គ្មាន​លេខ​កូដ​សម្ងាត់​​អាច​បើក ឬ​មើល​ទិន្នន័យ​នៅ​ក្នុង​ទូរស័ព្ទ​បាន​ឡើយ។

Tech Khmer សូម​លើក​ទឹក​ចិត្ត​​អ្នក​ឲ្យ​កំណត់ Encryption Storage នៅ​លើ​ទូរស័ព្ទ​ឆ្លាតវៃ​របស់​អ្នក។

Encryption Storage ទូរស័ព្ទ​ស្មាតហ្វូន (Smartphone)។
Encryption Storage ទូរស័ព្ទ​ស្មាតហ្វូន (Smartphone)។

ចំណុច​ទី​៥៖ ដំឡើង​កម្មវិធី​កម្ចាត់​មេរោគ និង​ស្កេន​រក​មេរោគ (Install Anti-virus Software & Scan for Viruses)

ទន្ទឹម​នឹង​ទូរស័ព្ទ​ឆ្លាតវៃ (Smartphone) កើន​ឡើង​ជាច្រើន និង​មាន​ច្រើន​ម៉ាក​ផង​នោះ កម្មវិធី​ទូរស័ព្ទ (Mobile Apps) ជាច្រើន​ក៏​ត្រូវ​បាន​បង្កើត​ឡើង​ដែរ។ មិន​មែន Apps ទាំងអស់​សុទ្ធតែ​ល្អ​នោះ​ទេ មាន Apps ខ្លះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុម​ហេគឃឺ និង​បាន​បង្កប់ Malware ឬ​មេរោគ​នៅ​ក្នុង​នោះ។ ដូច្នេះ អ្នក​គួរ​ដំឡើង​កម្មវិធី​កម្ចាត់​មេរោគ ឬ​កម្មវិធី​កម្ចាត់ Malware នៅ​លើ​ឧបករណ៍​របស់​អ្នក ដើម្បី​ការពារ​ទូរស័ព្ទ​របស់​អ្នក​ឲ្យ​កាន់​តែ​មាន​សុវត្ថិភាព​ថែម​ទៀត។

កម្មវិធី​កម្ចាត់​មេរោគ (anti-viruses)។
កម្មវិធី​កម្ចាត់​មេរោគ (anti-viruses)។

ចំណុច​ទី៦៖ ប្រុងប្រយ័ត្ន​ក្នុង​ការ​ទាញ​យក​កម្មវិធី (Apps)

នៅ​ពេល​ដែល​អ្នក​ទាញ​យក​កម្មវិធី​ទូរស័ព្ទ (Apps) ត្រូវ​តែ​ប្រាកដ​ថា​អ្នក​ទាញ​យក​ពួក​វា​ពី​ហាង​ផ្លូវការ (official app store) ដូចជា Apple Store ឬ Google Play Store និង​ចាំបាច់​ត្រូវ​ឈ្វេងយល់​ពី​មតិ​របស់​អ្នក​ប្រើប្រាស់​កម្មវិធី​ទាំងនោះ​នៅ​ក្នុង​ផ្នែក comment ជាពិសេស​មើល​ពី​ការ​ដាក់​ពិន្ទុ ចំនួន​ទាញ​យក និង​ព័ត៌មាន​ទំនាក់ទំនង​អ្នក​បង្កើត​កម្មវិធី។ ម្យ៉ាងទៀត សូម​អាន​ពី​គោលការណ៍​ឯកជនភាព​របស់​កម្មវិធី មុន​នឹង​សម្រេច​ដំឡើង​នៅ​លើ​ទូរស័ព្ទ។

ក្រុម​ហេគឃឺ​បង្កើត​កម្មវិធី​ទូរស័ព្ទ​ដោយ​បន្លំ​ឈ្មោះ​ស្រដៀង​នឹង​កម្មវិធី​ដែល​ល្បីៗ​ក្នុង​គោលបំណង​ធ្វើ​ឱ្យ​អ្នក​ប្រើប្រាស់​យល់ច្រឡំ ដើម្បី​មាន​ឱកាស​លួច​យក​ទិន្នន័យ​សម្ងាត់​របស់​អ្នក​ប្រើប្រាស់។ អ្នក​ប្រើប្រាស់​ទូរស័ព្ទ Android អាច​រងគ្រោះ​ច្រើន​ជាង​អ្នក​ប្រើប្រាស់ iOS ដោយសារ​ការ​ត្រួតពិនិត្យ​លើ​កម្មវិធី​ដែល​បាន​ដាក់​ទៅ​ហាង Google Play Store មិន​សូវ​តឹងរ៉ឹង​ដូច​នៅ​លើ​ហាង Apple Store នោះ​ទេ។

Apps on Play Store and Apple Store

ចំណុច​ទី៧៖ ប្រុងប្រយ័ត្ន​ចំពោះ​ការ​ភ្ជាប់ Wi-Fi

ស្មាតហ្វូន​សុទ្ធតែ​អាច​ភ្ជាប់​ទៅកាន់​អ៊ីនធឺណិត​គ្រប់​ទីកន្លែង​ដែល​យើង​ទៅ​ដល់ និង​អាច​ភ្ជាប់​តាមរយៈ Wi-Fi។ កន្លែង​ដែល​ពេញនិយម​បំផុត​ក្នុង​ការ​ភ្ជាប់ Wi-Fi នោះ គឺ​ហាង​កាហ្វេ និង​ភោជនីយដ្ឋាន​ដែល​តែងតែ​ផ្ដល់​អ៊ីនធឺណិត​ដោយ​មិន​គិតថ្លៃ។

ដូច្នេះ អ្នក​គួរ​ពិចារណា​មុន​នឹង​ភ្ជាប់​ទៅ​កាន់ Wi-Fi ដែល​មិន​មាន​សុវត្ថិភាព​ដូចជា​មិន​មាន​ដាក់​ពាក្យ​សម្ងាត់​ដើម្បី​ភ្ជាប់ ជាពិសេស​នៅ​ទីសាធារណៈ។ ប្រសិនបើ​ក្នុង​ករណី​ចាំបាច់​ដែល​អ្នក​ត្រូវតែ​ភ្ជាប់ សូម​ប្រើប្រាស់ VPN និង​កុំ​ធ្វើ​ប្រតិបត្តិការ​សំខាន់ៗ​ដូចជា​ប្រតិបត្តិការ​ហិរញ្ញវត្ថុ ដំណើរការ​កម្មវិធី​ធនាគារ ឬ​ទិន្នន័យ​ដែល​អ្នក​គិត​ថា​សំខាន់។

អត្ថបទ​គួរ​អាន៖ គន្លឹះ​គួរ​ដឹង​នៅ​ពេល​ប្រើ Public Wi-Fi ឱ្យ​មាន​សុវត្ថិភាព

Public WiFi/Free WiFi
Public WiFi/Free WiFi

ចំណុច​ទី​៨៖ កុំ Jailbreak ឬ Root ទូរស័ព្ទ​របស់​​អ្នក (Don’t Jailbreak Your Phone)

​អ្នក​ដែល​ជា fan របស់​ទូរស័ព្ទ iPhone ប្រាកដ​ជា​ធ្លាប់​ឮ​ពាក្យ Jailbreak ជាក់​ជា​មិន​ខាន។ Jailbreak iPhone មាន​ន័យ​ថា hack iPhone ដើម្បី​អាច​ដំឡើង​កម្មវិធី​បាន​ដោយ​សេរី ទាំង​កម្មវិធី​គិត​ថ្លៃ និង​កម្មវិធី​មិន​គិត​ថ្លៃ ឬ​អាច​ដាក់ Sim Card ក្រុមហ៊ុន​ផ្សេង​ប្រសិន​បើ​ទូរស័ព្ទ​នោះ​ត្រូវ​បាន​កំណត់​សម្រាប់​តែ​ក្រុមហ៊ុន​ទូរស័ព្ទ​ជាក់លាក់​ណា​មួយ។ លើស​ពី​នេះ​ទៀត ក្រោយ​ពី Jailbreak អ្នក​ក៏​អាច​ចូល​ទៅ​គ្រប់គ្រង file system បាន​ទាំងមូល​ផង​ដែរ។ ចំណែក​ឯ​ពាក្យ Root Phone វិញ​សម្រាប់​អ្នក​ប្រើប្រាស់ Android OS គឺ​មាន​ន័យ​ដូច​នឹង​ពាក្យ Jailbreak និង​ក្នុង​គោល​បំណង​ប្រហាក់ប្រហែល​គ្នា​ដែរ។

ទាំង Jailbreak iPhone និង Root Phone គឺ​ជា​ឱកាស​មួយ​ផង​ដែរ​សម្រាប់​ក្រុម​ហេគឃឺ (Hackers) អាច​បញ្ជ្រាប​មេរោគ ឬ Malware ចូល​ទៅ​កាន់​ទូរស័ព្ទ​របស់​​អ្នក ដើម្បី​លួច​យក​ព័ត៌មាន​សំខាន់ៗ​នៅ​ក្នុង​ទូរស័ព្ទ និង​ធ្វើ​សកម្មភាព​ផ្សេងៗ​ជាច្រើន​ទៀត។

ហេតុផល​នេះ ​អ្នក​ពុំ​គួរ Jailbreak Root device របស់​​អ្នក​នោះ​ទេ ដើម្បី​ការពារ​ទូរស័ព្ទ​របស់​លោក​អ្នក​ឲ្យ​មាន​សុវត្ថិភាព។

Jailbreak ទូរស័ព្ទ iPhone។
Jailbreak ទូរស័ព្ទ iPhone។

ចំណុច​ទី៩៖ ថត​ចម្លង​ទិន្នន័យ​ជា​ប្រចាំ (Backup your data)

ការ​ថត​ចម្លង​ទិន្នន័យ​របស់​អ្នក​ជា​ទៀងទាត់ នោះ​នឹង​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​បាត់បង់​ទិន្នន័យ​សំខាន់ៗ​ពី​ទូរស័ព្ទ​នៅ​ពេល​ដែល​អ្នក​បាត់​ទូរស័ព្ទ ឬ​ទូរស័ព្ទ​ខូច​ជាដើម។ ចំពោះ​ទីកន្លែង​រក្សា​ទុក​ទិន្នន័យ​ចម្លង អ្នក​អាច​ផ្ទុក​នៅ​លើ​កុំព្យូទ័រ ឬ​ផ្ទុក​នៅ​លើ​ក្លោដ (Cloud) ទៅ​តាម​លទ្ធភាព​របស់​អ្នក៕

Backup mobile data

Comments

ជុំ រ៉ាស៊ី
លោក ជុំ រ៉ាស៊ី គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា។ គាត់​ចូលចិត្ត​បច្ចេកវិទ្យា ដូច្នេះ​គាត់​សិក្សា​ពី​វា និង​ចែក​រំលែក​គ្រប់​យ៉ាង​ពី​វា​ទៅ​កាន់​មនុស្ស​ទូទៅ។ គាត់​សង្ឃឹម​ថា​ការ​ចែក​រំលែក​នេះ​នឹង​ក្លាយ​ជា​ដើមទុន​ចំណេះដឹង​សម្រាប់​សិស្ស​ដែល​ចង់​ចាប់​យក​ជំនាញ​បច្ចេកវិទ្យា និង​ជា​ជំនួយ​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​បន្ថែម​របស់​និស្សិត​ផ្នែក​បច្ចេកវិទ្យា ព្រម​ទាំង​ជា​ចំណេះដឹង​ទូទៅ​ដល់​មនុស្ស​សាមញ្ញ​ផង​ដែរ។ ម្នាក់​បន្តិច នោះ​នឹង​បាន​ច្រើន!