Update ភ្លាម បើ​មិន​ចង់​ឲ្យ Hackers គ្រប់គ្រង​ម៉ាស៊ីន​របស់​អ្នក

កម្មវិធី​ទាំងពីរ​ដែល​ក្រុមហ៊ុន​នេះ​ប្រកាស​ឲ្យ​អតិថិជន​របស់​ខ្លួន​ប្រញាប់ Update នោះ គឺ​កម្មវិធី Adobe Acrobat និង Adobe Acrobat Reader ទាំង​សម្រាប់ Windows និង Mac OS។

3070
Adobe
Adobe

ថ្មីៗ​នេះ ក្រុមហ៊ុន Adobe បាន​ប្រកាស​ឲ្យ​អ្នក​ប្រើប្រាស់​កម្មវិធី​របស់​ខ្លួន​ប្រញាប់​ធ្វើ​បច្ចុប្បន្នភាព (update) កម្មវិធី​ចំនួន​ពីរ ទៅ​កាន់​កំណែ​ចុងក្រោយ ដើម្បី​ជៀស​ផុត​ពី​ការ​វាយ​ប្រហារ​ពី​សំណាក់​ក្រុម​ហេគឃឺ (Hackers)

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

កម្មវិធី​ទាំងពីរ​ដែល​ក្រុមហ៊ុន​នេះ​ប្រកាស​ឲ្យ​អតិថិជន​របស់​ខ្លួន​ប្រញាប់ Update នោះ គឺ​កម្មវិធី Adobe Acrobat និង Adobe Acrobat Reader ទាំង​សម្រាប់ Windows និង Mac OS

សេចក្ដី​ប្រកាស​លើ​វេបសាយ​កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៩ ក្រុមហ៊ុន Adobe ឲ្យ​ដឹង​ថា ចំណុច​ខ្សោយ​នៅ​ក្នុង​កម្មវិធី​ទាំង​ពីរ​របស់​ខ្លួន អាច​ឲ្យ​អ្នក​វាយ​ប្រហារ ឬ​ហេគឃឺ ដំណើរការ​កូដ​ណា​មួយ​ដើម្បី​ចូល​ទៅ​គ្រប់គ្រង​ម៉ាស៊ីន​កុំព្យូទ័រ​របស់​អ្នក​បាន​ទាំងស្រុង​តែ​ម្ដង។ ដូច្នេះ ប្រសិន​បើ​អ្នក​កំពុង​តែ​ប្រើប្រាស់​កម្មវិធី​ណា​មួយ​នៃ​កម្មវិធី​ទាំង​ពីរ​ខាង​លើ ឬ​ក៏​កំពុង​តែ​ប្រើប្រាស់​ទាំង​ពីរ​កម្មវិធី សូម​ប្រញាប់​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​ទាំងនោះ​ភ្លាម។

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នោះ​បញ្ជាក់​ថា ចំណុច​ខ្សោយ​ចំនួន​ពីរ​នេះ​ត្រូវ​បាន​រាយការណ៍​ដោយ​អ្នក​ស្រាវជ្រាវ​ផ្នែក​សន្តិសុខ​ពីរ​នាក់​មក​ពី​ក្រុមហ៊ុន Trend Micro ក្រោម​គម្រោង Trend Micro’s Zero Day Initiative (ZDI) គឺ​លោក Sebastian Apelt និង​លោក Abdul Aziz Hariri

លោក Sebastian Apelt បាន​រក​ឃើញ​ចំណុច​ខ្សោយ​ផ្នែក Use After Free ដែល​មាន​លេខ​សម្គាល់ CVE-2018-16011 ដែល​អាច​ឲ្យ​មាន​ការ​ដំណើរការ​កូដ​បាន។ តាម​រយៈ​ចំណុច​ខ្សោយ​នេះ ក្រុម​ហេគឃឺ​អាច​វាយ​ប្រហារ​បាន​ដោយ​គ្រាន់​តែ​បញ្ជោត​អ្នក​ប្រើប្រាស់​ឲ្យ​ចុច​បើក​ឯកសារ​ប្រភេទ PDF របស់​ក្រុម​ហេគឃឺ បន្ទាប់​មក ឯកសារ​នោះ​នឹង​ដំណើរការ​មេរោគ​ដោយ​ឯកឯង ហើយ​ម្ចាស់​កុំព្យូទ័រ​មិន​ដឹង​ខ្លួន​ឡើយ។ ចំណែក​ឯ​ចំណុច​ខ្សោយ​មួយ​ទៀត​ដែល​រក​ឃើញ​ដោយ​លោក Abdul Aziz Hariri គឺ​ជា​កំហុស​ឆ្គង​ផ្នែក Security Bypass ដែល​មាន​លេខ​សម្គាល់ CVE-2018-16018។ ចំណុច​ខ្សោយ​នេះ គឺ​អាច​ឲ្យ​អ្នក​វាយ​ប្រហារ​ទទួល​បាន​នូវ​សិទ្ធិ​គ្រប់គ្រង​លើ​ម៉ាស៊ីន​បាន។

នៅ​ក្នុង​សេចក្ដី​ប្រកាស​ដដែល​នេះ ក្រុមហ៊ុន Adobe ក៏​បាន​ថ្លែង​អំណរ​គុណ​ផង​ដែរ​ដល់​អ្នក​ស្រាវជ្រាវ​ទាំង​ពីរ​រូប ដែល​បាន​រាយការណ៍​នូវ​ចំណុច​ខ្សោយ​របស់​កម្មវិធី​របស់​ខ្លួន។

តើ​កម្មវិធី​ណា​ខ្លះ​ដែល​ចាំបាច់​ត្រូវ​ធ្វើ​បច្ចុប្បន្នភាព?

តារាង​ខាង​ក្រោម បង្ហាញ​ពី​កម្មវិធី​ដែល​មាន​ចំណុច​ខ្សោយ​ធ្ងន់ធ្ងរ និង​ចាំបាច់​ត្រូវ​ធ្វើ​បច្ចុប្បន្នភាព​ភ្លាមៗ ដើម្បី​ជៀសវាង​ក្រុម​ហេគឃឺ​វាយ​ប្រហារ និង​អាច​គ្រប់គ្រង​លើ​ម៉ាស៊ីន​កុំព្យូទ័រ​របស់​អ្នក​បាន។

Affected Version for Adobe
Affected Version for Adobe

ដំណោះស្រាយ​ចំពោះ​បញ្ហា​នេះ

ក្រុមហ៊ុន Adobe ណែនាំ​ឲ្យ​អតិថិជន​របស់​ខ្លួន​ធ្វើ​បច្ចុប្បន្នភាព​ទាំងនោះ​ទៅ​កាន់​ជំនាន់​ចុងក្រោយ​បង្អស់​ដូច​ការ​ណែនាំ​ខាង​ក្រោម៖

សម្រាប់​អ្នក​ប្រើប្រាស់​ទូទៅ

  • ធ្វើ​បច្ចុប្បន្នភាព​ដោយ​ខ្លួន​ឯង​តាម​រយៈ​ចូល​ទៅ​កាន់ Help → ចុច​លើ Check for Updates រួច​ធ្វើ​តាម​ការ​ណែនាំ​របស់​កម្មវិធី
  • កម្មវិធី​នឹង​ធ្វើ​បច្ចុប្បន្នភាព​ដោយ​ស្វ័យប្រវត្តិ ប្រសិន​បើ​វា​មើល​ឃើញ​មាន​កំណែ​ថ្មី​នោះ

សម្រាប់​អ្នក​គ្រប់គ្រង​ផ្នែក IT

  • ទាញ​យក enterprise installers ពី​តំណ ftp://ftp.adobe.com/pub/adobe/ ឬ​ទាញ​យក​ជំនាន់​ណា​មួយ​ដែល​ត្រូវ​នឹង​តម្រូវការ​របស់​អ្នក
  • ធ្វើ​បច្ចុប្បន្នភាព​តាម​រយៈ​វិធីសាស្ត្រ​ដែល​អ្នក​ចូល​ចិត្ត​ដូចជា AIP-GPO, bootstrapper, SCUP/SCCM (សម្រាប់ Windows) Apple Remote Desktop និង SSH (សម្រាប់ MacOS)

តារាង​ខាង​ក្រោម​ជា​តារាង​ដែល​ក្រុមហ៊ុន Adobe បាន​បំណែង​ចែក និង​ណែនាំ​អតិថិជន​របស់​ខ្លួន​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​ទៅ​កាន់​ជំនាន់​ចុងក្រោយ៖

Updated Version for Adobe
Updated Version for Adobe

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​ឲ្យ​បាន​ដឹង​អំពី​ព័ត៌មាន​នេះ​ផង។ សូម​អរគុណ..!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។