យល់​ដឹង​ពី​សុភនិច្ឆ័យ​ក្នុង​ការ​ប្រើប្រាស់​អ៊ីនធឺណិត ឬ​ហ្វេសប៊ុក (វគ្គ​១)

នេះ​ជា​គោលការណ៍​ទី១ ក្នុង​ចំណោម​គោលការណ៍​សំខាន់ៗ​ទាំង​៥ នៅ​ក្នុង​សៀវភៅ​ណែនាំ​អំពី​ក្រម​សីលធម៌​សម្រាប់​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត របស់​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN Cambodia)។

4842
គោលការណ៍​ទី១៖ សុភនិច្ឆ័យ​ក្នុង​ការ​ប្រើប្រាស់​អ៊ីនធឺណិត
គោលការណ៍​ទី១៖ សុភនិច្ឆ័យ​ក្នុង​ការ​ប្រើប្រាស់​អ៊ីនធឺណិត

បណ្ដាញ​ទំនាក់ទំនង​សង្គម ជាពិសេស​ហ្វេសប៊ុក (Facebook) ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ប្រភព​នៃ​ព័ត៌មាន ដែល​អ្នក​ប្រើប្រាស់​អាច​ទទួល​បាន​ព័ត៌មាន​ទាំង​ពិត និង​មិន​ពិត ជា​កន្លែង​ចែក​រំលែក​បន្ត​នូវ​ព័ត៌មាន កន្លែង​ជជែក​កម្សាន្ត​ជាមួយ​មិត្តភ័ក្ដិ ឬ​សាច់ញាតិ ជា​កន្លែង​បង្ហាញ​ពី​អារម្មណ៍​របស់​ខ្លួន ឬ​ផ្ដល់​មតិ​ផ្សេងៗ ជាដើម។

អត្ថប្រយោជន៍​ដ៏​ច្រើន​នេះ បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​កម្ពុជា​ភាគច្រើន​ងាក​មក​ប្រើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក​នេះ​កាន់​តែ​ច្រើន​ឡើងៗ។ យោង​តាម​របាយការណ៍​របស់​វែបសាយ Geek in Cambodia បង្ហាញ​ថា អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​សរុប​នៅ​កម្ពុជា គិត​ត្រឹម​ឆ្នាំ​២០១៨ មាន ៦​លាន ៨​សែន​នាក់ គឺ​កើន​ឡើង ៤១,៦៧% ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧ មាន​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក ៤​លាន ៨​សែន​នាក់

ដោយសារ​មើល​ឃើញ​កំណើន​នៃ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​នេះ និង​សង្កេត​ឃើញ​ពី​សកម្មភាព​នៃ​អ្នក​ប្រើប្រាស់​នៅ​កម្ពុជា ភាគច្រើន​ហាក់បីដូចជា​នៅ​ខ្វះ​ការ​យល់​ដឹង​អំពី​ក្រម​សីលធម៌​ផង ទើប​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN Cambodia) សហការ​ជាមួយ​អ្នក​ស្រាវជ្រាវ​ឯករាជ្យ លោក ប៉ា ចន្ទរឿន ក្រោម​ជំនួយ​ឧបត្ថម្ភ​ផ្នែក​ហិរញ្ញវត្ថុ​ពី​អង្គការ American Jewish World Service (AJWS) បាន​ចងក្រង​សៀវភៅ​មួយ​ណែនាំ​អំពី​ក្រម​សីលធម៌​សម្រាប់​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត ក្នុង​គោល​បំណង​ជួយ​បំពេញ​នូវ​កង្វះ​ខាត​របស់​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ពី​អ្វី​ដែល​គួរ​ធ្វើ និង​អ្វី​ដែល​មិន​គួរ​ធ្វើ​នៅ​លើ​អ៊ីនធឺណិត ដើម្បី​ឲ្យ​ពួក​គេ​គេច​ផុត​ពី​បញ្ហា​ប្រឈម​នឹង​ផល​វិបាក​ទាំង​ផ្នែក​សីលធម៌ និង​ផ្លូវ​ច្បាប់​ផង​ដែរ។ សៀវភៅ​នេះ ត្រូវ​បាន​បែងចែក​ជា ៥​គោលការណ៍​សំខាន់ៗ។

អាន​អត្ថបទ​ផ្សេង​ទៀត៖

ដើម្បី​ចូលរួម​ចំណែក​ចែក​រំលែក​ខ្លឹមសារ​នៃ​សៀវភៅ​នេះ Tech Khmer សូម​ដកស្រង់​ខ្លឹមសារ​ទាំងស្រុង​នៃ​គោលការណ៍​ទី​១ មក​បង្ហាញ​លោក​អ្នក​ដូច​ខាង​ក្រោម ហើយ Tech Khmer នឹង​ដកស្រង់​គោលការណ៍​បន្តបន្ទាប់​ទៀត​មក​ចែក​រំលែក​នៅ​ពេល​ក្រោយ៖

គោលការណ៍​ទី១៖ សុភនិច្ឆ័យ​ក្នុង​ការ​ប្រើប្រាស់​អ៊ីនធឺណិត

គោលការណ៍​ទី​១ នេះ សំដៅ​លើ​គោលការណ៍​ណែនាំ​ជាទូទៅ​ដែល​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​គួរ​យល់​ដឹង និង​ប្រតិបត្តិ។

  1. អ៊ីនធឺណិត​នាំ​មនុស្ស​ឲ្យ​ស្គាល់​គ្នា ទោះបីជា​ពួក​គេ​ខ្លះ​មិន​ធ្លាប់​ជួប​មុខ​គ្នា​ដោយ​ផ្ទាល់​ក៏ដោយ ហេតុនេះ ចូរ​អ្នក​ចងចាំ​ថា អ្នក​ទាក់ទង​ជាមួយ​នឹង​មនុស្ស​ដូច​គ្នា​នៅ​តាម​អ៊ីនធឺណិត។

  2. ប្រសិន​បើ​អ្នក​ទើប​តែ​ចាប់ផ្ដើម​ប្រើប្រាស់​អ៊ីនធឺណិត​ដំបូង អ្នក​គួរ​តែ​សិក្សា​ពី​វា​ដើម្បី​ឲ្យ​មាន​ការ​យល់​ដឹង​ពី​អ៊ីនធឺណិត​ឲ្យ​បាន​ទូលំទូលាយ ជាពិសេស​ឈ្វេង​យល់​ពី​គុណសម្បត្តិ និង​ផល​វិបាក​នៃ​ការ​ប្រើប្រាស់​អ៊ីនធឺណិត (សម្រាប់​ព័ត៌មាន​បន្ថែម សូម​អាន​សៀវភៅ​ណែនាំ​អំពី​បច្ចេកវិទ្យា​ព័ត៌មាន និង​សារ​គមនាគមន៍​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា)

  3. ត្រូវ​ឈ្វេង​យល់​ពី​សិទ្ធិ សេរីភាព និង​ការ​ទទួល​ខុស​ត្រូវ​របស់​អ្នក​ក្នុង​ការ​ប្រើប្រាស់​អ៊ីនធឺណិត ទទួល និង​ផ្សព្វផ្សាយ​ព័ត៌មាន។

  4. មុន​នឹង​ផ្ញើ ផ្សព្វផ្សាយ និង​ចែក​រំលែក​អ្វី​មួយ​បន្ត​នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត អ្នក​គួរ​តែ​សួរ​ខ្លួន​ឯង​នូវ​សំណួរ​ទាំង​នេះ​ជា​មុន​សិន៖ តើ​វា​មាន​ប្រយោជន៍​ទេ? តើ​វា​ចាំបាច់​ទេ? តើ​វា​ជំរុញ​ចិត្ត​ទេ (Is it inspired) តើ​វា​សប្បុរស​ទេ (Is it kind)?

  5. ផ្ញើ ផ្សព្វផ្សាយ និង​ចែក​រំលែក​អ្វី​ដែល​មាន​ខ្លឹមសារ​ជា​លក្ខណៈ​អប់រំ កម្សាន្ត និង​ជា​ព័ត៌មាន​ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង សេរីភាព​នៃ​ការ​បញ្ចេញ​មតិ បង្កើន​ជំនាញ ការ​ច្នៃប្រឌិត និង​ការ​ផ្លាស់ប្ដូរ​ឥរិយាបថ​បែប​វិជ្ជមាន​សម្រាប់​សង្គម។

  6. ត្រូវ​ប្រកាន់​យក​ផ្នត់​គំនិត​ជជែក​ពិភាក្សា​គ្នា​តាម​អ៊ីនធឺណិត ដើម្បី​យល់​ដឹង និង​រៀន​សូត្រ​ពី​គ្នា​ទៅ​វិញ​ទៅ​មក ជាជាង​ដើម្បី​យក​ចាញ់​ឈ្នះ​ជាមួយ​អ្នក​ដទៃ។

  7. មិន​គួរ​ធ្វើ​ដាក់​អ្នក​ដទៃ​នូវ​ទង្វើ​ទាំងឡាយ​ណា​ដែល​អ្នក​មិន​ចង់​ឲ្យ​អ្នក​ដទៃ​ធ្វើ​មក​លើ​អ្នក​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត។

ប្រសិន​បើ​លោក​អ្នក​ចង់​យល់​ដឹង​បន្ថែម សូម​ចុច​ត្រង់​នេះ ដើម្បី​ទាញ​យក​សៀវភៅ​ជា​ទម្រង់ PDF

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​បាន​ដឹង​ផង។ សូម​អរគុណ!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

ជុំ រ៉ាស៊ី
លោក ជុំ រ៉ាស៊ី គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា។ គាត់​ចូលចិត្ត​បច្ចេកវិទ្យា ដូច្នេះ​គាត់​សិក្សា​ពី​វា និង​ចែក​រំលែក​គ្រប់​យ៉ាង​ពី​វា​ទៅ​កាន់​មនុស្ស​ទូទៅ។ គាត់​សង្ឃឹម​ថា​ការ​ចែក​រំលែក​នេះ​នឹង​ក្លាយ​ជា​ដើមទុន​ចំណេះដឹង​សម្រាប់​សិស្ស​ដែល​ចង់​ចាប់​យក​ជំនាញ​បច្ចេកវិទ្យា និង​ជា​ជំនួយ​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​បន្ថែម​របស់​និស្សិត​ផ្នែក​បច្ចេកវិទ្យា ព្រម​ទាំង​ជា​ចំណេះដឹង​ទូទៅ​ដល់​មនុស្ស​សាមញ្ញ​ផង​ដែរ។ ម្នាក់​បន្តិច នោះ​នឹង​បាន​ច្រើន!