គេហទំព័រផែនទីដែលបង្ហាញទិន្នន័យអំពីករណីជំងឺឆ្លងកូវីដ-១៩ (Covid-19) បែងចែកតាមរាជធានីខេត្តទូទាំងប្រទេសកម្ពុជា ត្រូវបានក្រសួងសុខាភិបាល ដាក់ឱ្យដំណើរការហើយនៅក្នុងពេលថ្មីៗនេះ។
នៅលើគេហទំព័រផែនទីថ្មីនេះ អ្នកនឹងងាយស្រួលស្វែងរកទិន្នន័យទាក់ទងនឹងករណីឆ្លងមេរោគកូវីដ-១៩ ទៅតាមខេត្ត ឬរាជធានីដែលអ្នកចង់ដឹង ដោយអ្នកគ្រាន់តែចុចទៅលើឈ្មោះខេត្តនៅខាងឆ្វេងដៃ ឬចុចលើរង្វង់ពណ៌ក្រហមនៅលើផែនទី នោះអ្នកនឹងឃើញចំនួន៖
- ករណីឆ្លងថ្មី
- ចំនួនករណីឆ្លងសរុប
- ករណីអ្នកកំពុងផ្ទុកមេរោគ
- ករណីជាសះស្បើយ
- ករណីអ្នកជំងឺស្លាប់
- និងព័ត៌មានលម្អិត។
គេហទំព័រផែនទីជំងឺឆ្លងកូវីដ-១៩ មានអាសយដ្ឋាន https://covid19-map.cdcmoh.gov.kh ក៏មានដាក់បង្ហាញព័ត៌មានជាវីដេអូអប់រំអំពីវិធីបង្ការការឆ្លងមេរោគ អំពីការអនាម័យ អំពីអ្វីទៅជាកូរ៉ូណាវីរុស ព្រមទាំងវីដេអូអប់រំជាច្រើនទៀត។
គេហទំព័រនេះបញ្ជាក់ថា គោលបំណងនៃការបង្កើតគេហទំព័រនេះឡើង គឺដើម្បីសម្រួល ក៏ដូចជាធ្វើ ឱ្យមានភាពប្រសើរឡើងនូវការផ្តល់ព័ត៌មាន និងទំនាក់ទំនងរវាងទិន្នន័យរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងជាមួយប្រជាពលរដ្ឋ ដើម្បីអាចឱ្យប្រជាពលរដ្ឋអាចទទួលបានទិន្នន័យទុកចិត្ត និងងាយស្រួលក្នុងការឈ្វេងយល់ពីព័ត៌មានលម្អិតទាក់ទងនឹងករណីឆ្លងនៃជំងឺកូវីដ-១៩។
ប្រព័ន្ធតាមដានករណីឆ្លងកូវីដ-១៩ ត្រូវបានបង្កើតឡើងដោយអង្គការអ៊ីនស្តេត (InSTEDD iLab) និងដកស្រង់ទិន្នន័យចេញពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្រោមជំនួយថវិកាដោយអង្គការ Ending Pandemics៕