Explore Feed នឹង​លែង​មាន​ទៀត​ហើយ​ក្នុង​សប្ដាហ៍​នេះ

ក្រុមហ៊ុន​ហ្វេសប៊ុក (Facebook) ប្រកាស​បញ្ឈប់​ការ​សាកល្បង​មុខងារ Explore Feed នៅ​ក្នុង​សប្ដាហ៍​នេះ។ មុខងារ Explore Feed ជា​មុខងារ​ថ្មី​មួយ​ដែល​ហ្វេសប៊ុក​បាន​បំបែក​ចេញ​ពី News Feed កាល​ពី​ខែ​តុលា ឆ្នាំ​២០១៧។

2187
ទំព័រ​ថ្មី​ដែល​ក្រុមហ៊ុន​ហ្វេសប៊ុក (Facebook) ទើប​ដាក់​ឲ្យ​ដំណើរការ​សាកល្បង គឺ Explore Feed។
ទំព័រ​ថ្មី​ដែល​ក្រុមហ៊ុន​ហ្វេសប៊ុក (Facebook) ទើប​ដាក់​ឲ្យ​ដំណើរការ​សាកល្បង គឺ Explore Feed។

ក្រុមហ៊ុន​ហ្វេសប៊ុក (Facebook) ប្រកាស​បញ្ឈប់​ការ​សាកល្បង​មុខងារ Explore Feed នៅ​ក្នុង​សប្ដាហ៍​នេះ។ មុខងារ Explore Feed ជា​មុខងារ​ថ្មី​មួយ​ដែល​ហ្វេសប៊ុក​បាន​បំបែក​ចេញ​ពី News Feed កាល​ពី​ខែ​តុលា ឆ្នាំ​២០១៧ ដើម្បី​បែងចែក​ព័ត៌មាន​អំពី​មិត្តភ័ក្ដិ និង​គ្រួសារ ឲ្យ​ដាច់​ដោយឡែក​ពី​ព័ត៌មាន​សង្គម សារព័ត៌មាន អាជីវកម្ម និង​ព័ត៌មាន​ផ្សេងៗ​ទៀត​ដែល​ផុស​ចេញ​ពី​ផេក (Facebook Page)

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក (Facebook) ចេញ​ផ្សាយ​ដោយ​ប្រធាន​ផ្នែក​ព័ត៌មាន (Head of News Feed) លោក អាដាម ម៉ូសើរី (Adam Mosseri) នៅ​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០១៨ បាន​ឲ្យ​ដឹង​ថា «យើង (ក្រុមហ៊ុន​ហ្វេសប៊ុក) តែងតែ​ព្យាយាម​សាកល្បង​មុខងារ​ថ្មី ការ​ផ្លាស់ប្ដូរ​ការ​រចនា​ថ្មី និង​ចាត់​ចំណាត់ថ្នាក់​បច្ចុប្បន្នភាព​នានា ដើម្បី​ឲ្យ​ដឹង​ពី​វិធី​ដែល​យើង​អាច​ធ្វើ​ឲ្យ Facebook ល្អ​ប្រសើរ​សម្រាប់​អ្នក​រាល់​គ្នា»

សេចក្ដី​ប្រកាស​បន្ត​ថា «ការ​ផ្លាស់ប្ដូរ​ខ្លះ ដូចជា Reactions, Live Video និង GIFs បាន​ដំណើរការ​ល្អ អ៊ីចឹង​យើង​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ទូទាំង​ពិភពលោក។ ចំណែក​ឯ​ការ​សាកល្បង​ផ្សេង​ទៀត​ដែល​មិន​ដំណើរការ​ល្អ យើង​ក៏​បាន​ដក​វា​ចេញ​វិញ»។ នៅ​ថ្ងៃ​នេះ យើង​នឹង​បញ្ចប់​ការ​សាកល្បង​មួយ​ក្នុង​ចំណោម​ការ​សាកល្បង​ទាំងនោះ គឺ​ការ​សាកល្បង Explore Feed»

សេចក្ដី​ប្រកាស​នេះ​បញ្ជាក់​ថា Explore Feed គឺ​ជា​ការ​សាកល្បង​មួយ​ដែល​ឆ្លើយតប​នឹង​ការ​បញ្ចេញ​មតិ (feedback) របស់​អ្នក​ប្រើប្រាស់​ដែល​យើង​ទទួល​បាន​កាល​ពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ ដែល​និយាយ​ថា​ពួក​គេ​ចង់​ឃើញ​ព័ត៌មាន​កាន់​តែ​ច្រើន​ពី​មិត្តភ័ក្ដិ និង​គ្រួសារ​នៅ​ក្នុង News Feed។ តាម​រយៈ​គំនិត​នេះ Facebook បាន​បង្កើត Facebook ថ្មី​មួយ​ទៀត​ដែល​មាន News Feed ពីរ​ផ្សេង​គ្នា គឺ​មួយ​សម្រាប់​តែ post ដែល​ចេញ​ពី​មិត្តភ័ក្ដិ និង​គ្រួសារ (ហៅ​ថា News Feed) ចំណែក​មួយ​ទៀត​សម្រាប់​តែ post ដែល​ចេញ​ពី Pages ផ្សេងៗ (ហៅ​ថា Explore Feed)

Facebook គ្រោង​បញ្ចប់​ការ​សាកល្បង​បែងចែក Explore Feed។
Facebook គ្រោង​បញ្ចប់​ការ​សាកល្បង​បែងចែក Explore Feed។

ក្រុមហ៊ុន​ហ្វេសប៊ុក (Facebook) បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​នោះ​ថា ដើម្បី​ដឹង​ច្បាស់​ថា​អ្នក​ប្រើប្រាស់​ចូល​ចិត្ត​ការ​បែងចែក​ព័ត៌មាន​ជា​ពីរ​ឬ​យ៉ាង​ណា យើង​ក៏​ចាប់​ផ្ដើម​សាកល្បង​វា​នៅ​ខែ​តុលា ឆ្នាំ​២០១៧ នៅ​ក្នុង​ប្រទេស​ចំនួន​៦។ ប្រទេស​ទាំង ៦ នោះ​រួម​មាន កម្ពុជា (Cambodia) បូលីវី (Bolivia) ស្លូវ៉ាគី (Slovakia) ហ្គាតេម៉ាឡា (Guatemala) ស៊ែប៊ី (Serbia) និង​សិរីលង្កា (Sri Lanka)

ទោះ​យ៉ាង​ណា ហ្វេសប៊ុក ក៏​ទទួល​បាន​ការ​ឆ្លើយតប​ពី​អ្នក​ប្រើប្រាស់​ជាច្រើន​ដែល​មិន​ពេញ​ចិត្ត​ឲ្យ​មាន​ការ​បែងចែក News Feed ជា​ពីរ​នេះ​ឡើយ។ នៅ​ក្នុង​លទ្ធផល​ស្ទង់​មតិ​បាន​បង្ហាញ​ថា អ្នក​ប្រើប្រាស់​មិន​សូវ​ពេញ​ចិត្ត​នឹង posts ដែល​ពួក​គេ​បាន​ឃើញ និង​មិន​សូវ​ពេញ​ចិត្ត​ឲ្យ​មាន​ការ​បំបែក​ព័ត៌មាន​ជា​ពីរ​បែប​នេះ​ឡើយ ពីព្រោះ​មិន​បាន​ជួយ​ពួក​គេ​ឲ្យ​មាន​ទំនាក់ទំនង​ជាមួយ​មិត្តភ័ក្ដិ និង​គ្រួសារ​បាន​ច្រើន​ជាង​មុន​ឡើយ។

ក្រុមហ៊ុន​ហ្វេសប៊ុក (Facebook) ក៏​បាន​ទទួល​មតិ​រិះគន់ (feedback) អំពី​ការ​បែងចែក News Feed ជា​ពីរ ដែល​បាន​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​ពិបាក​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​សំខាន់ៗ​នៅ​ក្នុង​ប្រទេស​ដែល​ហ្វេសប៊ុក​បាន​ដំណើរការ​សាកល្បង​នេះ និង​មិន​មាន​ទំនាក់ទំនង​ច្បាស់លាស់​អំពី​ការ​សាកល្បង។

ផ្អែក​លើ​ការ​វាយ​តម្លៃ​លើ​មតិ​រិះគន់ (feedback) ពី​អ្នក​ប្រើប្រាស់ Facebook សម្រេច​មិន​បន្ត​មុខងារ Explore Feed ទូទាំង​ពិភពលោក​នៅ​ក្នុង​សប្ដាហ៍​នេះ។

ទំព័រ​ថ្មី​ដែល​ក្រុមហ៊ុន​ហ្វេសប៊ុក (Facebook) ទើប​ដាក់​ឲ្យ​ដំណើរការ​សាកល្បង គឺ Explore Feed។
ទំព័រ​ថ្មី​ដែល​ក្រុមហ៊ុន​ហ្វេសប៊ុក (Facebook) ទើប​ដាក់​ឲ្យ​ដំណើរការ​សាកល្បង គឺ Explore Feed។

Facebook បញ្ជាក់​បន្ថែម​នៅ​ក្នុង​សេចក្ដី​ប្រកាស​នោះ​ថា ក្រុមហ៊ុន​ហ្វេសប៊ុក​តែងតែ​ស្វែងរក​វិធី​ដើម្បី​ជួយ​អ្នក​ប្រើប្រាស់​មាន​ទំនាក់ទំនង​ជាមួយ​អ្នក​ប្រើប្រាស់ និង​ព័ត៌មាន​សំខាន់ៗ​សម្រាប់​ពួក​គេ។ តាម​រយៈ​ការ​សាកល្បង​ទាំង​ពីរ​នេះ យើង​ទទួល​បាន​ការ​រិះគន់ (feedback) ដ៏​មាន​តម្លៃ ដែល​យើង​នឹង​ប្រើប្រាស់​វា​ដើម្បី​កែ​លំអ News Feed សម្រាប់​អ្នក​រាល់​គ្នា។

សូម​ចែក​រំលែក​ព័ត៌មាន​នេះ​ដល់​មិត្តភ័ក្ដិ​របស់​អ្នក ឲ្យ​ដឹង​អំពី​បញ្ហា​នេះ​ផង។ សូម​អរគុណ!

ចុច​អាន​អត្ថបទ៖

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។