គន្លឹះ​១១​ចំណុច​អ្នក​ប្រើ Facebook គួរ​ដឹង​ដើម្បី​ការពារ​ភាព​ឯកជន

អ្នក​ប្រើប្រាស់​ហ្វេសប៊ុក (facebook) ​អាច​កម្រិត​ចំនួន​នៃ​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក​ទៅ​ឲ្យ​ក្រុមហ៊ុន​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​បាន ដោយ​មិន​ចាំបាច់​លុប​គណនី​ចេញ​នោះ​ទេ។

3718
facebook privacy
facebook privacy

បន្ទាប់​ពី​មាន​រឿង​អាស្រូវ​បែកធ្លាយ​ទិន្នន័យ​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក (Facebook) ជាង ៨៧​លាន​នាក់​មក ក្រុមហ៊ុន​ហ្វេសប៊ុក​កំពុង​តែ​ខិតខំ​កែសម្រួល​ឡើង​វិញ​ពី​បញ្ហា​ទាក់ទង​នឹង​ភាព​ឯកជន​របស់​អ្នក​ប្រើប្រាស់​របស់​ខ្លួន​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

ក្រុមហ៊ុន​នេះ​សន្យា​ថា នឹង​ធ្វើ​បច្ចុប្បន្នភាព​អ្នក​ប្រើប្រាស់ ថា​តើ​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​ពួក​គេ ត្រូវ​បាន​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន Cambridge Analytica ដែរ​ឬ​អត់ បន្ទាប់​ពី​មាន​រឿង​អាស្រូវ​អំពី​ទិន្នន័យ។

បច្ចុប្បន្ន អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​សរុប​ជាង ២​ពាន់​លាន​គណនី ហើយ​ក្នុង​ចំណោម​អ្នក​ប្រើប្រាស់​ទាំងអស់​នេះ មាន​អ្នក​ប្រើប្រាស់​មួយ​ចំនួន​បាន​សន្យា​ថា​នឹង​លុប​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​ចោល​ផង​ដែរ ដោយសារ​តែ​បញ្ហា​រឿង​អាស្រូវ​បែកធ្លាយ​ទិន្នន័យ​ទៅ​ក្រុមហ៊ុន Cambridge Analytica នៅ​ពេល​ថ្មីៗ​នេះ។

ទោះ​យ៉ាង​ណា​ក៏ដោយ អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ក៏​អាច​កម្រិត​ចំនួន​នៃ​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក​ទៅ​ឲ្យ​ក្រុមហ៊ុន​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​បាន​ដែរ ដោយ​មិន​ចាំបាច់​លុប​គណនី​ចេញ​នោះ​ទេ។

អាន​អត្ថបទ​ផ្សេង​ទៀត

ទាក់ទង​នឹង​បញ្ហា​នេះ Tech Khmer សូម​លើក​យក​គន្លឹះ​មួយ​ចំនួន​មក​ជម្រាប​ជូន​លោក​អ្នក អំពី​របៀប​ការពារ​ភាព​ឯកជន​របស់​អ្នក​ដូច​ខាង​ក្រោម៖

  1. លេខ​ទូរស័ព្ទ​នៅ​លើ Facebook

    សូម​អ្នក​កុំ​ដាក់​បង្ហាញ​លេខ​ទូរស័ព្ទ​របស់​អ្នក​ជា​សាធារណៈ​ឲ្យ​សោះ ទោះ​បី​ជា​ហ្វេសប៊ុក​បាន​ទាមទារ​ឲ្យ​អ្នក​បំពេញ​វា​ចូល​ក្ដី។ ប្រសិន​បើ​អ្នក​បាន​បញ្ចូល​លេខ​ទូរស័ព្ទ សូម​អ្នក​លាក់​វា​កុំ​ឲ្យ​អ្នក​ផ្សេង​ឃើញ​ក្រៅ​ពី​អ្នក​ឲ្យ​សោះ។

  2. ថ្ងៃខែឆ្នាំ​កំណើត

    ថ្ងៃ​ខែ​ឆ្នាំ​កំណើត​របស់​អ្នក គឺ​ជា​ផ្នែក​មួយ​នៃ​ព័ត៌មាន​សំខាន់​ដែល​ក្រុម scammer (ជន​ខិលខូច) ត្រូវ​ការ ដើម្បី​ចូល​ទៅ​កាន់​ព័ត៌មាន​ផ្ទាល់​ខ្លួន និង​គណនី​ធនាគារ​របស់​អ្នក។ ដូច្នេះ សូម​រក្សា​វា​ជា​ការ​សម្ងាត់។

  3. ជ្រើសរើស​មិត្តភ័ក្ដិ​ដែល​អ្នក​ស្គាល់ និង​ជឿ​ទុក​ចិត្ត

    សូម​រក្សា​ទុក​តែ​មិត្តភ័ក្ដិ​ណា​ដែល​អ្នក​ស្គាល់​ច្បាស់ និង​ជឿ​ទុក​ចិត្ត ជាពិសេស​ក្រុម​គ្រួសារ​របស់​អ្នក ពីព្រោះ​អ្នក​ប្រើប្រាស់​គណនី​ហ្វេសប៊ុក​ក្លែងក្លាយ​មួយ​ចំនួន ចង់​ធ្វើ​ជា​មិត្ត​អ្នក​នៅ​លើ​ហ្វេសប៊ុក គឺ​គ្រាន់​តែ​ចង់​តាមដាន និង​អាច​ឈាន​ដល់​ការ​បោកប្រាស់​ណា​មួយ​តែ​ប៉ុណ្ណោះ។

  4. ស្ថានភាព​ទំនាក់ទំនង​ស្នេហា (Relationship Status)

    វា​ជា​ការ​ល្អ ប្រសិន​បើ​អ្នក​មិន​បង្ហាញ​ទំនាក់ទំនង​ស្នេហា​របស់​អ្នក​ទៅ​កាន់​ពិភពលោក ដោយ​អ្នក​គ្រាន់​តែ​បង្ហាញ​ទៅ​កាន់​តែ​មិត្តភ័ក្ដិ​ជិតដិត​របស់​អ្នក​បាន​ហើយ។ ក្នុង​ករណី​នេះ ក្រុមហ៊ុន​ផ្សព្វផ្សាយ​មួយ​ចំនួន នឹង​យក​ព័ត៌មាន​ទំនាក់ទំនង​ស្នេហា​នេះ ដូចជា​ការ​ភ្ជាប់​ពាក្យ​ជាដើម ដើម្បី​ផ្សព្វផ្សាយ​ផលិតផល​សម្លៀកបំពាក់​អាពាហ៍ពិពាហ៍ ជាដើម។

  5. ព័ត៌មាន Credit card

    កុំ​ចែក​រំលែក​ព័ត៌មាន Credit card របស់​អ្នក​ឲ្យ​សោះ បើ​មិន​ដូច្នេះ​ទេ អ្នក​នឹង​អស់​លុយ​ពី​ហោប៉ៅ​ជាក់​ជាមិនខាន។

  6. ចៅហ្វាយ ឬ​អ្នក​គ្រប់គ្រង​របស់​អ្នក

    អ្នក​មិន​គួរ​បង្ហាញ​សកម្មភាព​មិន​ប្រក្រតី​មួយ​ចំនួន​នៅ​លើ​ហ្វេសប៊ុក​នោះ​ទេ ពីព្រោះ​ចៅហ្វាយ​នាយ ឬ​អ្នក​គ្រប់គ្រង​របស់​អ្នក ក៏​នៅ​លើ​ហ្វេសប៊ុក​ជាមួយ​អ្នក​ដែរ។ ប្រាកដ​ណាស់ វា​ជា​ពេលវេលា​ដែល​អ្នក​សម្រាក និង​កម្សាន្ត​ផ្ទាល់​ខ្លួន ប៉ុន្តែ​បើ​សិន​បើ​ពួក​គេ​បាន​មើល​ឃើញ វា​ក៏​អាច​ជា​រឿង​អាម៉ាស់​មួយ​នៅ​ពេល​ក្រោយ​ផង​ដែរ។ ម្យ៉ាង​ទៀត​នៅ​ពេល​បច្ចុប្បន្ន​នេះ នាយក​គ្រប់គ្រង ឬ​អ្នក​សម្ភាសន៍​ការងារ​មួយ​ចំនួន កំពុង​ចាប់​អារម្មណ៍​ឆែក​មើល​គណនី​ហ្វេសប៊ុក​របស់​បេក្ខជន​ដែល​ត្រូវ​សម្ភាស​ផង​ដែរ។ ដូច្នេះ ចូរ​គិត​មុន​ថា តើ​អ្នក​ណា​ដែល​អ្នក​ចង់​ឲ្យ​ឃើញ​ពី​សកម្មភាព​របស់​អ្នក​នៅ​លើ​ហ្វេសប៊ុក មុន​នឹង​បង្ហោះ​វា​ឡើង។

  7. ឈប់​បង្ហាញ​ទីតាំង​របស់​អ្នក

    នៅ​ពេល​អ្នក tag ខ្លួន​ឯង​នៅ​ទីតាំង​ណា​មួយ​នោះ គឺ​មាន​ន័យ​ថា អ្នក​បាន​ផ្ដល់​ព័ត៌មាន​ជាច្រើន​ទៅ​កាន់​ពិភពលោក ដូចជា​អ្នក​កំពុង​តែ​នៅ​ផ្ទះ កន្លែង​ដែល​អ្នក​កំពុង​រស់នៅ និង​អ្វី​ដែល​អ្នក​កំពុង​ធ្វើ​ជាដើម។ ដូច្នេះ សូម​កុំ tag ទីកន្លែង​របស់​អ្នក​ឲ្យ​សោះ។

  8. ពេលវេលា និង​ទីកន្លែង​ដែល​អ្នក​នឹង​ទៅ​លំហែ​នៅ​ថ្ងៃ Holiday

    នៅ​ពេល​អ្នក​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​តំបន់​ណា​មួយ សូម​កុំ​ទាន់​បង្ហាញ​ពី​ទីតាំង​នោះ គឺ​រង់ចាំ​អ្នក​ត្រឡប់​មក​ដល់​ផ្ទះ​សិន ចាំ​ចែក​រំលែក​អំពី​ដំណើរ​កម្សាន្ត​នោះ​នៅ​លើ​ហ្វេសប៊ុក។ ធ្វើ​ដូច្នេះ អ្នក​នឹង​ជៀស​ផុត​ពី​ហានិភ័យ​ផ្សេងៗ​បាន។

  9. រូបថត​កូន​តូចៗ​របស់​អ្នក

    វា​មាន​ហេតុផល​ជាច្រើន​ទាក់ទង​នឹង​បញ្ហា​រូបថត​កូនៗ ឬ​ក្មួយ​តូចៗ​របស់​អ្នក នៅ​ពេល​ដែល​អ្នក​បង្ហោះ​រូបថត​របស់​ពួក​គាត់​ទៅ​លើ​ហ្វេសប៊ុក ពីព្រោះ​ពួក​គេ​មិន​ទាន់​ដឹង​ក្ដី​នៅ​ឡើយ​ទេ។ រូបថត​ដែល​អ្នក​បង្ហោះ​លើ​ហ្វេសប៊ុក គឺ​តែងតែ​ត្រូវ​បាន​មើល​ឃើញ​ដោយ​មិត្តភ័ក្ដិ និង​មិត្តភ័ក្ដិ​របស់​មិត្តភ័ក្ដិ​របស់​អ្នក​ជាដើម។ ចូរ​គិត​ថា តើ​អ្នក​ណា​ខ្លះ​ដែល​អ្នក​ចង់​ឲ្យ​ឃើញ​រូបថត​ទាំងនោះ? ហើយ​រូបថត​ទាំងនោះ សមរម្យ​នឹង​បង្ហោះ​លើ​ហ្វេសប៊ុក​ដែរ​ឬ​អត់?

  10. ទីតាំង​សាលារៀន​របស់​កូន​តូចៗ​របស់​អ្នក

    សូម​កុំ​បង្ហាញ​ឈ្មោះ ឬ​ទីតាំង​សាលា​ដែល​កូន​តូចៗ​របស់​អ្នក​កំពុង​សិក្សា។ ចូរ​រក្សា​វា​ជា​ការ​សម្ងាត់ និង​កុំ​បង្ហាញ។

  11. Location services

    អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ភាគច្រើន គឺ​ប្រើ​តាម​រយៈ​ទូរស័ព្ទ​ស្មាតហ្វូន ដែល​មាន​ន័យ​ថា អ្នក​អាច​អនុញ្ញាត​ឲ្យ​គ្រប់​គ្នា​ដឹង​អំពី​ទីតាំង​របស់​អ្នក ប្រសិន​បើ​អ្នក​មិន​បាន​បិទ​សេវា​ទីតាំង​នៅ​លើ​ទូរស័ព្ទ​របស់​អ្នក​ទេ។ ចូរ​បិទ location servicesនៅ​លើ​ទូរស័ព្ទ​របស់​អ្នក គឺ​ជា​ការ​ប្រសើរ​បំផុត ប្រសិន​បើ​អ្នក​គ្មាន​ករណី​ចាំបាច់​ណា​មួយ​ត្រូវ​ប្រើ location services នោះ។

Tech Khmer សង្ឃឹម​ថា​គន្លឹះ​ទាំងអស់​ខាង​លើ​នេះ​នឹង​ជួយ​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ជៀស​ឆ្ងាយ​ពី​ហានិភ័យ​ផ្សេងៗ​ដែល​អាច​កើត​មាន​ចំពោះ​អ្នក មិត្តភ័ក្ដិ​របស់​អ្នក និង​ក្រុម​គ្រួសារ​របស់​អ្នក។

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ឲ្យ​បាន​ដឹង​អំពី​ព័ត៌មាន​នេះ​ផង។ សូម​អរគុណ!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។