Facebook បង្កើត​មជ្ឈមណ្ឌល​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​នៅ​អាស៊ី​ប៉ាស៊ីហ្វិក

ក្រុមហ៊ុន​នឹង​បញ្ជូន​បុគ្គលិក​ជំនាញ​ពី Facebook, Instagram, និង WhatsApp ឲ្យ​ទៅ​បំពេញ​ការងារ​នៅ​មជ្ឈមណ្ឌល​ប្រតិបត្តិការ​ដែល​កំពុង​សាងសង់​នៅ​សិង្ហបុរី។

1598
ព័ត៌មាន​ក្លែងក្លាយ​នៅ​លើ​ហ្វេសប៊ុក (Fake News on Facebook)។

ក្រុមហ៊ុន​ហ្វេសប៊ុក (Facebook) ប្រកាស​ថា​ខ្លួន​កំពុង​តែ​បង្កើត​មជ្ឈមណ្ឌល​ប្រតិបត្តិការ​មួយ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី (Singapore) ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ជាពិសេស​នៅ​មុន​ពេល​បោះឆ្នោត​ម្ដងៗ។

គោល​បំណង​នៃ​ការ​បង្កើត​មជ្ឈមណ្ឌល​ប្រតិបត្តិការ​ថ្មី​នេះ​ឡើង គឺ​ដើម្បី​ធ្វើ​ការ​សហការ​ជាមួយ​ទីស្នាក់ការ​កណ្ដាល​របស់​ហ្វេសប៊ុក​នៅ Menlo Park និង​អ្នក​ជំនាញៗ​នៅ​សិង្ហបុរី ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ និង​ព័ត៌មាន​មិន​ត្រឹមត្រូវ សម្ដី​រើសអើង​ឬ​ស្អប់​ខ្ពើម ជាពិសេស​ការ​ជ្រៀតជ្រែក និង​គាប​សង្កត់​លើ​អ្នក​បោះឆ្នោត។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ហ្វេសប៊ុក នៅ​ថ្ងៃ​ទី​៤ ខែ​មីនា ឆ្នាំ​២០១៩ (ពេលវេលា​នៅ​អាមេរិក) ឲ្យ​ដឹង​ថា ក្រុមហ៊ុន​នឹង​បញ្ជូន​បុគ្គលិក​ជំនាញ​ពី Facebook, Instagram, និង WhatsApp ឲ្យ​ទៅ​បំពេញ​ការងារ​នៅ​មជ្ឈមណ្ឌល​ប្រតិបត្តិការ​ដែល​កំពុង​សាងសង់​នៅ​សិង្ហបុរី។ ពួក​គេ​នឹង​ធ្វើ​ការ​ជាមួយ​ក្រុម​ការងារ​ផ្សេង​ទៀត​ដូចជា ក្រុម​កំណត់​ការ​គំរាមកំហែង (threat intelligence) ក្រុម​វិភាគ​ទិន្នន័យ (data science) ក្រុម​វិស្វកម្ម (engineering) ក្រុម​ស្រាវជ្រាវ ក្រុម​ប្រតិបត្តិការ​សហគមន៍ ក្រុម​ច្បាប់ និង​ក្រុម​មួយ​ចំនួន​ទៀត។

ក្រុមហ៊ុន​បញ្ជាក់​ថា បុគ្គលិក​ហ្វេសប៊ុក​នៅ​ប្រទេស​សិង្ហបុរី នឹង​ធ្វើ​ការ​យ៉ាង​ជិតដិត​ជាមួយ​នឹង​អ្នក​តំណាងរាស្ត្រ គណៈកម្មការ​បោះឆ្នោត អ្នក​ត្រួត​ពិនិត្យ​ភាព​ត្រឹមត្រូវ (fact-checkers) អ្នក​ស្រាវជ្រាវ សាស្ត្រាចារ្យ និង​ក្រុម​សង្គម​ស៊ីវិល ដើម្បី​ធ្វើ​ឲ្យ​ការ​បោះឆ្នោត​​ក្នុង​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង និង​ប្រកប​ដោយ​ភាព​ត្រឹមត្រូវ។

Facebook តែងតែ​លុប​ចោល​ទំព័រ​ហ្វេសប៊ុក ក្រុម និង​គណនី​ហ្វេសប៊ុក​រាប់​ពាន់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​មិន​ស្រប​ច្បាប់​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន។ ក្រុមហ៊ុន​ប្ដេជ្ញា​ធ្វើ​ឲ្យ​ប្រសើរ​ឡើង និង​បង្កើត​ទំនាក់ទំនង​កាន់​តែ​ល្អ​ជុំវិញ​ពិភពលោក ដើម្បី​បញ្ឈប់​នូវ​សកម្មភាព​ខុស​ច្បាប់​ទាំង​នោះ​ផង​ដែរ។

កម្ពុជា ក៏​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ដែរ។

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ឲ្យ​បាន​ដឹង​អំពី​ព័ត៌មាន​នេះ​ផង។ សូម​អរគុណ!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.netទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។