ក្រុមហ៊ុន Google បោះទុន​វិនិយោគ ១​ពាន់​លាន​ដុល្លារ​បង្កើត​មជ្ឈមណ្ឌល​ទិន្នន័យ​នៅ​ថៃ

80

ក្រុមហ៊ុន​ដ៏​ធំ​របស់​អាមេរិក គឺ​ក្រុមហ៊ុន Google បោះទុន​វិនិយោគ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ១​ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី​បង្កើត​មជ្ឈមណ្ឌល​ស្តុក​ទិន្នន័យ​ដ៏​ធំ (Cloud Data Centre) នៅ​ក្នុង​ខេត្ត​ឈុនបុរី ប្រទេស​ថៃ។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

ប្រធាន និង​ជា​នាយក​វិនិយោគ​របស់​ក្រុមហ៊ុន Google អ្នកស្រី Ruth Porat បញ្ជាក់​ទៅ​កាន់​នាយករដ្ឋមន្ត្រី​ថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) នៅ​ក្រៅ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក (WEF) នា​ទីក្រុង Davos ប្រទេស​ស្វីស កាលពី​ថ្ងៃ​ពុធ ទី​២២ មករា នេះ​ថា ក្រុមហ៊ុន Google កំពុង​សាងសង់​មជ្ឈមណ្ឌល​ស្តុក​ទិន្នន័យ​លើ​បណ្ដាញ​អ៊ីនធឺណិត ដែល​គេ​ហៅថា Cloud Data Centre នៅ​ខេត្ត​ឈុនបុរី ហើយ​នឹង​រួចរាល់​សម្រាប់​ប្រតិបត្តិការ​ក្នុង​រយៈពេល​ប្រហែល ២​ឆ្នាំ​បន្ទាប់។

តាមរយៈ​សារព័ត៌មាន រ៉យទ័រ (Reuters) ចុះផ្សាយ​កាលពី​ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២៤ ឱ្យ​ដឹង​ថា ក្រុមហ៊ុន Google នឹង​វិនិយោគ ១​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ប្រទេស​ថៃ ដើម្បី​បង្កើត​មជ្ឈមណ្ឌល​ទិន្នន័យ ដើម្បី​បំពេញ​តម្រូវការ​ដែល​កំពុង​កើន​ឡើង និង​គាំទ្រ​ផ្នែក​បញ្ញា​សិប្បនិម្មិត​នៅ​អាស៊ីអាគ្នេយ៍ ដែល​នឹង​បង្កើត​ការងារ​ជា​មធ្យម​ចំនួន ១៤០០០​ការងារ​ក្នុង​មួយ​ឆ្នាំ​រហូត​ដល់​ឆ្នាំ​២០២៩។

នៅ​ចំពោះ​មុខ​នាយករដ្ឋមន្ត្រី​ថៃ អ្នកស្រី Ruth Porat អះអាង​ថា​នឹង​រក្សា​ការ​គាំទ្រ​របស់​ខ្លួន​ដល់​រដ្ឋាភិបាល​ថៃ រួម​ទាំង​ក្រសួង​អប់រំ​របស់​ថៃ តាមរយៈ​អនុស្សរណៈ​យោគយល់​គ្នា​លើ​ការ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ផ្នែក​ឌីជីថល។ អ្នកស្រី​បន្ត​ថា ក្រុមហ៊ុន​ក៏​នឹង​បន្ត​ជួយ​គាំទ្រ​ធុរកិច្ច​ខ្នាត​តូច និង​មធ្យម​តាមរយៈ​ការ​ផ្ដល់​ជា​កម្មវិធី​អភិវឌ្ឍន៍​ជំនាញ​ផង​ដែរ។

ទោះយ៉ាងណា អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត្រា បង្ហាញ​ក្ដី​សង្ឃឹម​ទៅ​កាន់​អ្នកស្រី Ruth Porat ថា​ក្រុមហ៊ុន Google នឹង​ពិចារណា​ជ្រើសរើស​ប្រទេស​ថៃ ធ្វើ​ជា​មូលដ្ឋាន​ផលិតកម្ម​ចម្បង​របស់​ខ្លួន។ អ្នកស្រី​នាយករដ្ឋមន្ត្រី​បញ្ជាក់​ថា រដ្ឋាភិបាល​ថៃ ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​គាំទ្រ​ដល់​ការ​ពង្រីក​អាជីវកម្ម​របស់​ក្រុមហ៊ុន Google នៅ​ក្នុង​ទឹកដី​ថៃ។

មជ្ឈមណ្ឌល​ទិន្នន័យ​ដំបូង​បង្អស់​របស់​ក្រុមហ៊ុន Google នៅ​អាស៊ីអាគ្នេយ៍ គឺ​នៅ​ប្រទេស​សិង្ហបុរី ដែល​ក្រុមហ៊ុន​នេះ​ប្រកាស​សាងសង់​នៅ​ចុង​ឆ្នាំ​២០១១ លើ​ទំហំ​ផ្ទៃដី​ប្រមាណ ២,៤៥​ហិកតា និង​រួចរាល់​សម្រាប់​ដំណើរការ​នៅ​ចុង​ឆ្នាំ​២០១៣ សម្រាប់​បម្រើ​ដល់​អ្នក​ប្រើប្រាស់​ទូទាំង​តំបន់ ដែល​សរុប​ទឹកប្រាក់​វិនិយោគ​ប្រមាណ ៨៥០​លាន​ដុល្លារ​អាមេរិក៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។