លោក Jack Ma ដែលអ្នករាល់គ្នាស្គាល់ថាជាម្ចាស់ក្រុមហ៊ុនលក់ទំនិញអនឡាញដ៏ធំ និងល្បីល្បាញនៅប្រទេសចិន សម្រេចលាលែងពីតំណែងជាផ្លូវការពីក្រុមហ៊ុននៅចំថ្ងៃខួបកំណើតរបស់លោក។
សារព័ត៌មានប៊ីប៊ីស៊ី (BBC) ចុះផ្សាយនៅថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០១៩ នេះឱ្យដឹងថា ប្រធាន និងជាស្ថាបនិកក្រុមហ៊ុន Alibaba ហើយក៏ជាអតីតគ្រូបង្រៀនភាសាអង់គ្លេស គឺលោក Jack Ma បានលាលែងតំណែងជាផ្លូវការហើយនៅថ្ងៃនេះជាថ្ងៃខួបកំណើតឈានចូលវ័យ ៥៥ឆ្នាំ។
លោក Jack Ma កើតនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ១៩៦៤ ក្នុងខេត្ត Hangzhou ភាគខាងកើតប្រទេសចិន ក្នុងគ្រួសារក្រីក្រ ហើយលោកចាប់ផ្ដើមការងារដំបូងជាគ្រូបង្រៀនភាសាអង់គ្លេស។ ដោយសារតែការស្វែងរកស្រាបៀចិននៅលើបណ្ដាញអ៊ីនធឺណិតមិនឃើញ បន្ទាប់ពីលោកទិញបានកុំព្យូទ័រលើកដំបូងនៅអាយុ ៣៣ឆ្នាំ លោកក៏មានគំនិតចង់បង្កើតក្រុមហ៊ុន Alibaba ឡើង។ ជាសហគ្រិនជនជាតិចិនដែលខ្វះខាតសាច់ប្រាក់ លោកបានបញ្ចុះបញ្ចូលមិត្តភ័ក្ដិរបស់លោកឱ្យផ្ដល់ប្រាក់ ៦០ ០០០ដុល្លារដល់រូបលោក ដើម្បីចាប់ផ្ដើមបង្កើតក្រុមហ៊ុន Alibaba នៅឆ្នាំ១៩៩៩ ក្នុងស្រុកកំណើតរបស់លោក។
បច្ចុប្បន្ន ក្រុមហ៊ុន Alibaba មានទ្រព្យសរុបចំនួន ៤៨០ពាន់លានដុល្លារ ចំណែកលោក Ma ក្លាយជាមហាសេដ្ឋីលេខមួយនៅប្រទេសចិន និងស្ថិតក្នុងចំណោមមហាសេដ្ឋីល្បីៗនៅក្នុងពិភពលោកផងដែរដែលមានទ្រព្យសម្បត្តិចំនួន ៤១ពាន់លានដុល្លារ។ បន្ទាប់ពីចាកចេញពីក្រុមហ៊ុន លោកគ្រោងនឹងដាក់ទ្រព្យសម្បត្តិដ៏ច្រើននេះទៅក្នុងគំនិតផ្ដួចផ្ដើមនានាដែលបម្រើដល់វិស័យអប់រំ។
ចំណែកតំណែងរបស់លោក Ma នៅក្រុមហ៊ុន Alibaba នឹងត្រូវផ្ដល់ទៅឱ្យលោក Daniel Zhang ដែលជានាយកប្រតិបត្តិក្រុមហ៊ុន ឡើងកាន់តំណែងជំនួសលោក ប៉ុន្តែលោក Ma ត្រូវបានគេរំពឹងថានឹងនៅតែបន្តជួយជ្រោមជ្រែងក្រុមហ៊ុនក្នុងមុខងារជាប្រឹក្សាយោបល់មួយចំនួន។
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់អ្នកឲ្យបានដឹងផង។ សូមអរគុណ..!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.netទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕