ឃាត់​ខ្លួន​បុរស​បង្ហោះ​ព័ត៌មាន​មិន​ពិត​រក​លុយ​លើ​បណ្ដាញ​សង្គម

ការ​ឈាន​ដល់​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់​នេះ បន្ទាប់​ពី​ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក កែវ សុធា ចេញ​ដីកា​បញ្ជា​ឲ្យ​ចូល​ខ្លួន​លេខ ០៩៨ ចុះ​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៩។

1915
ព័ត៌មាន​មិន​ពិត​ជា​វីដេអូ​នៅ​លើ​បណ្ដាញ​សង្គម​យូធូប (YouTube)។
ព័ត៌មាន​មិន​ពិត​ជា​វីដេអូ​នៅ​លើ​បណ្ដាញ​សង្គម​យូធូប (YouTube)។

បុរស​ម្នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​បង្ហោះ​ព័ត៌មាន​មិន​ពិត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) និង​បណ្ដាញ​សង្គម​យូធូប (YouTube) ក្នុង​គោល​បំណង​រក​ប្រាក់​ចំណូល​ពី​បណ្ដាញ​សង្គម​ទាំងនេះ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៩។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ប្រកាស​នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន ឲ្យ​ដឹង​ថា នគរបាល​នៃ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សហការ​ជាមួយ​នឹង​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​បន្ទាយមានជ័យ បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់​រស់នៅ​ភូមិ​ព្រហូត សង្កាត់​អូរអំបិល ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ទាក់ទង​នឹង​ការ​បង្ហោះ​ព័ត៌មាន​មិន​ពិត​នៅ​លើ​បណ្ដាញ​សង្គម។

ការ​ឈាន​ដល់​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់​នេះ បន្ទាប់​ពី​ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក កែវ សុធា ចេញ​ដីកា​បញ្ជា​ឲ្យ​ចូល​ខ្លួន​លេខ ០៩៨ ចុះ​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៩ ដែល​មាន​ឈ្មោះ វឿន គឹមលន់ ភេទ​ប្រុស អាយុ ២៤​ឆ្នាំ រស់នៅ​មូលដ្ឋាន​ខាង​លើ ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​ព័ត៌មាន​មិន​ពិត​ក្នុង​គោល​បំណង​តែ​រក​ប្រាក់​ចំណូល​ផ្ទាល់​ខ្លួន​នៅ​លើ​ហ្វេសប៊ុក និង​យូធូប។

បុរស​ជន​សង្ស័យ​ឈ្មោះ វឿន គឹមលន់។
បុរស​ជន​សង្ស័យ​ឈ្មោះ វឿន គឹមលន់។

សេចក្ដី​ប្រកាស​ដដែល​នេះ​ឲ្យ​ដឹង​ទៀត​ថា គោល​បំណង​របស់​ជន​សង្ស័យ​ដែល​បង្ហោះ​ព័ត៌មាន​មិន​ពិត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក និង​យូធូប គឺ​ដើម្បី​ទាក់ទាញ​ការ​ចុច​ចូល​ចិត្ត (Like) ចែក​រំលែក (Share) និង​ការ​ទស្សនា​វីដេអូ​ឲ្យ​បាន​ច្រើន ដើម្បី​ខ្លួន​ទទួល​បាន​ប្រាក់​ចំណូល​ពី​បណ្ដាញ​សង្គម​ទាំងអស់​នេះ ដែល​នាំ​ឲ្យ​អសន្តិសុខ និង​វាយប្រហារ​លើ​ថ្នាក់​ដឹកនាំ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា។

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បញ្ជាក់​ថា បច្ចុប្បន្ន នាយកដ្ឋាន​កំពុង​កសាង​សំណុំ​រឿង និង​បញ្ជូន​ជន​សង្ស័យ​រូប​នេះ​ទៅ​តុលាការ។

កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៨ នាយកដ្ឋាន​ក៏​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ដែល​គំរាម​យក​ប្រាក់​ពី​ជន​រងគ្រោះ ដោយ​ព្រមាន​បង្ហោះ​រូបភាព និង​វីដេអូ​អាក្រាត​របស់​ជន​រងគ្រោះ​នៅ​លើ​បណ្ដាញ​សង្គម បន្ទាប់​ពី​ជន​សង្ស័យ​បោកប្រាស់​បាន​ពី​ជន​រងគ្រោះ។

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ឲ្យ​បាន​ដឹង​អំពី​ព័ត៌មាន​នេះ​ផង។ សូម​អរគុណ!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.netទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។