តុលាការ​ឃុំ​ខ្លួន​បុរស​បង្ហោះ​ព័ត៌មាន​មិន​ពិត​រក​លុយ​ពី YouTube បណ្ដោះអាសន្ន

លោក វឿន គឹមលន់ ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​ពី ៦​ខែ​ទៅ ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចន្លោះ​ពី ១​លាន​រៀល ដល់ ៤​លាន​រៀល ប្រសិន​បើ​ត្រូវ​បាន​ផ្ដន្ទាទោស។

2155
ជន​សង្ស័យ​ឈ្មោះ វឿន គឹមលន់ ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​ព័ត៌មាន​មិន​ពិត​នៅ​លើ​បណ្ដាញ​សង្គម។
ជន​សង្ស័យ​ឈ្មោះ វឿន គឹមលន់ ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​ព័ត៌មាន​មិន​ពិត​នៅ​លើ​បណ្ដាញ​សង្គម។

សាលា​ដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​ឃុំ​ខ្លួន​បុរស​ម្នាក់​ដាក់​ពន្ធនាគារ​បណ្ដោះអាសន្ន ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​ព័ត៌មាន​មិន​ពិត​នៅ​លើ​បណ្ដាញ​សង្គម​យូធូប (YouTube Channel) ដើម្បី​រក​ប្រាក់​ចំណូល​ពី​បណ្ដាញ​សង្គម​នេះ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​រាជរដ្ឋាភិបាល។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

ដីកា​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក យ៉ិន សារឿន ចេញ​នៅ​ថ្ងៃ​អាទិត្យ ទី​៣១ ខែ​មីនា និង​ត្រូវ​បាន​សារព័ត៌មាន Fresh News ចុះ​ផ្សាយ ឲ្យ​ដឹង​ថា តុលាការ​សម្រេច​ឃុំ​ខ្លួន​បុរស​ឈ្មោះ វឿន គឹមលន់ បណ្ដោះអាសន្ន​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​១ (ម​១ ឬ​ហៅ​ថា​ពន្ធនាគារ​ព្រៃស) បន្ទាប់​ពី​ព្រះរាជអាជ្ញា​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ពិនិត្យ​ពី​បទ ការ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍

លោក វឿន គឹមលន់ ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​ពី ៦​ខែ​ទៅ ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចន្លោះ​ពី ១​លាន​រៀល ដល់ ៤​លាន​រៀល ប្រសិន​បើ​ត្រូវ​បាន​ផ្ដន្ទាទោស​តាម​បទ​ចោទ​ខាង​លើ។

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សហការ​ជាមួយ​នឹង​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​បន្ទាយមានជ័យ បាន​ឃាត់​ខ្លួន​លោក វឿន គឹមលន់ កាល​ពី​ថ្ងៃ​២៦ ខែ​មីនា នៅ​ភូមិ​ព្រហូត សង្កាត់​អូរអំបិល ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ។ ការ​ឃាត់​ខ្លួន​នេះ គឺ​អនុវត្ត​តាម​ដីកា​បញ្ជា​ឲ្យ​ចូល​ខ្លួន​បំភ្លឺ​លេខ ០៩៨ របស់​ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក កែវ សុធា ចុះ​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៩ ដែល​មាន​លោក វឿន គឹមលន់ ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​ព័ត៌មាន​មិន​ពិត​នៅ​លើ​បណ្ដាញ​សង្គម​ដើម្បី​រក​ប្រាក់​ចំណូល​ដែល​នាំ​ឲ្យ​អសន្តិសុខ និង​វាយ​ប្រហារ​លើ​ថ្នាក់​ដឹកនាំ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​រាជរដ្ឋាភិបាល។

YouTube Channel របស់​ជន​សង្ស័យ​ឈ្មោះ វឿន គឹមលន់។

នៅ​ថ្ងៃ​ទី​៣១ ខែ​មីនា ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​ជន​សង្ស័យ វឿន គឹមលន់ ជា​បណ្ដោះអាសន្ន។ ជន​សង្ស័យ គឹមលន់ ត្រូវ​បាន​តុលាការ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ពិនិត្យ​ពី​បទ “ការ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍ (ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម) “ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​អំឡុង​ឆ្នាំ​២០១៨-២០១៩ បទល្មើស​ព្រហ្មទណ្ឌ​ដែល​មាន​ចែង​ឲ្យ​ផ្ដន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​៤៩៤ និង​មាត្រា​៤៩៤ នៃ​ក្រម​ព្រហ្មទណ្ឌ។

មាត្រា​៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ ចែង​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ចែង​ថា «អំពើ​ញុះញង់​ដោយ​ផ្ទាល់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ឬ​ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម តាម​មធ្យោបាយ​ណា​មួយ​ក្នុង​ចំណោម​មធ្យោបាយ​ដែល​មាន​ចែង​ក្នុង​មាត្រា ៤៩៤ (លក្ខខណ្ឌ​អត្ថិភាព​នៃ​ការ​ញុះញង់) នៃ​ក្រម​នេះ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៦​ខែ​ទៅ ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១​លាន​រៀល​ទៅ ៤​លាន​រៀល ប្រសិន​បើ​ការ​ញុះញង់​នេះ​គ្មាន​ប្រសិទ្ធភាព​ទេ។»

ជន​សង្ស័យ វឿន គឹមលន់ មាន​អាយុ ២៤​ឆ្នាំ ជនជាតិ​ខ្មែរ មាន​មុខរបរ​ជា​កសិករ កើត​នៅ​ភូមិ​ត្រពាំងស្នួល ឃុំ​ស្វាយស ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ និង​មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​រោងម៉ាស៊ីន សង្កាត់​អូរអំបិល ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ។

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ឲ្យ​បាន​ដឹង​អំពី​ព័ត៌មាន​នេះ​ផង។ សូម​អរគុណ!

ដីកា​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​ជន​សង្ស័យ​ឈ្មោះ វឿន គឹមលន់ ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​ព័ត៌មាន​មិន​ពិត​នៅ​លើ​បណ្ដាញ​សង្គម។
ដីកា​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​ជន​សង្ស័យ​ឈ្មោះ វឿន គឹមលន់ ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​ព័ត៌មាន​មិន​ពិត​នៅ​លើ​បណ្ដាញ​សង្គម។

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.netទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។