Facebook ប្រកាស​សុំ​ទោស​លើ​កាសែត​ល្បីៗ​រឿង​បែក​ធ្លាយ​ទិន្នន័យ

នៅ​ក្នុង​ទំព័រ​ផ្សាយ​ពាណិជ្ជកម្ម​ដែល​ក្រុមហ៊ុន​ហ្វេសប៊ុក​បាន​ទិញ​ផ្សព្វផ្សាយ​នោះ ដាក់​ចំណង​ជើង​ធំៗ​ជា​ភាសា​អង់គ្លេស ដែល​មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា «យើង​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​ការពារ​ព័ត៌មាន​របស់​អ្នក។ ប្រសិន​បើ​យើង​មិន​អាច​ធ្វើ​បាន​ទេ នោះ​យើង​មិន​ស័ក្តិសម​ទទួល​ខុស​ត្រូវ​នេះ​ទេ»។

1979
ម្ចាស់​ក្រុមហ៊ុន​ហ្វេសប៊ុក (Facebook CEO) លោក Mark Zuckerberg ផ្ដល់​បទសម្ភាសន៍​ឲ្យ​ទូរទស្សន៍ CNN។
ម្ចាស់​ក្រុមហ៊ុន​ហ្វេសប៊ុក (Facebook CEO) លោក Mark Zuckerberg ផ្ដល់​បទសម្ភាសន៍​ឲ្យ​ទូរទស្សន៍ CNN។

អគ្គនាយក និង​ជា​ស្ថាបនិក​ក្រុមហ៊ុន​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) លោក Mark Zuckerberg ប្រកាស​សុំ​ទោស​តាម​ទំព័រ​កាសែត​ល្បីៗ​មួយ​ចំនួន​នៅ​ចក្រភព​អង់គ្លេស និង​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​អាទិត្យ ទី​២៥ ខែ​មីនា ចំពោះ​រឿង​អាស្រូវ​ទិន្នន័យ​ជាមួយ​ក្រុមហ៊ុន​ស្រាវជ្រាវ Cambridge Analytica ដោយ​ទិញ​ពាណិជ្ជកម្ម​មួយ​ទំព័រ​ពេញ។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

នៅ​ក្នុង​ទំព័រ​ផ្សាយ​ពាណិជ្ជកម្ម​ដែល​ក្រុមហ៊ុន​ហ្វេសប៊ុក​បាន​ទិញ​ផ្សព្វផ្សាយ​នោះ ដាក់​ចំណង​ជើង​ធំៗ​ជា​ភាសា​អង់គ្លេស ដែល​មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា «យើង​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​ការពារ​ព័ត៌មាន​របស់​អ្នក។ ប្រសិន​បើ​យើង​មិន​អាច​ធ្វើ​បាន​ទេ នោះ​យើង​មិន​ស័ក្តិសម​ទទួល​ខុស​ត្រូវ​នេះ​ទេ»

អគ្គនាយក​ក្រុមហ៊ុន​ហ្វេសប៊ុក​បាន​រៀបរាប់​បន្ត​ក្នុង​ទំព័រ​ពាណិជ្ជកម្ម​សុំ​ទោស​លើ​កាសែត​ថា «អ្នក​ប្រហែល​ជា​ធ្លាប់​ឮ​អំពី quiz app ដែល​បង្កើត​ឡើង​ដោយ​អ្នក​ស្រាវជ្រាវ​ម្នាក់​នៅ​សាកលវិទ្យាល័យ​មួយ ដែល​បាន​លេច​ធ្លាយ​ទិន្នន័យ​របស់​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​រាប់​លាន​នាក់​កាល​ពី​ឆ្នាំ​២០១៤»

លោក Mark Zuckerberg បាន​បន្ត​ទៀត​ថា «នេះ​គឺ​ជា​ការ​រំលោភ​បំពាន​នៃ​សេចក្តី​ទុក​ចិត្ត ហើយ​ខ្ញុំ​សុំទោស​ដែល​យើង​មិន​បាន​ធ្វើ​អ្វី​បន្ថែម​នៅ​ពេល​នោះ។ ឥឡូវ យើង​កំពុង​ចាត់​វិធានការ​ដើម្បី​ធានា​ថា រឿង​នេះ​នឹង​មិន​កើត​ឡើង​សាជាថ្មី​នោះ​ទេ»

សារ​សុំ​ទោស​ខាង​លើ គឺ​ត្រូវ​បាន​ក្រុមហ៊ុន​ហ្វេសប៊ុក​ទិញ​ពាណិជ្ជកម្ម​លើ​ទំព័រ​កាសែត​ល្បី​ពេញ​មួយ​ទំព័រ​តែ​ម្ដង។ កាសែត​ទាំងនោះ​មាន​កាសែត​របស់​អង់គ្លេស​ចំនួន ៦ រួម​មាន៖

  • កាសែត The Sunday Times
  • កាសែត Mail on Sunday
  • កាសែត Sunday Mirror
  • កាសែត Sunday Express
  • កាសែត The Observer
  • និង​កាសែត Sunday Telegraph

ចំណែក​នៅ​សហរដ្ឋ​អាមេរិក​វិញ ក្រុមហ៊ុន​ហ្វេសប៊ុក​ផ្សាយ​លើ​កាសែត​ចំនួន​បី​រួម​មាន៖

  • កាសែត The New York Times
  • កាសែត Washington Post
  • និង​កាសែត Wall Street Journal
ពាណិជ្ជកម្ម​សុំ​ទោស​របស់​ម្ចាស់​ក្រុមហ៊ុន​ហ្វេសប៊ុក លោក Mark Zuckerberg នៅ​លើ​ទំព័រ​កាសែត​ល្បី។
ពាណិជ្ជកម្ម​សុំ​ទោស​របស់​ម្ចាស់​ក្រុមហ៊ុន​ហ្វេសប៊ុក លោក Mark Zuckerberg នៅ​លើ​ទំព័រ​កាសែត​ល្បី។

ការ​ចេញ​ផ្សាយ​សារ​សុំ​ទោស​របស់​ម្ចាស់​ក្រុមហ៊ុន​ហ្វេសប៊ុក លោក Mark Zuckerberg នៅ​លើ​ទំព័រ​កាសែត​ល្បី​នេះ បន្ទាប់​ពី​តម្លៃ​ភាគហ៊ុន​ក្រុមហ៊ុន​ហ្វេសប៊ុក​បាន​ធ្លាក់​ចុះ​ជិត ៥០​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ($50 billion) កាល​ពី​សប្ដាហ៍​មុន។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន CNN

ទោះ​យ៉ាង​ណា​ក៏ដោយ អត្ថបទ​ក្នុង​ទំព័រ​ពាណិជ្ជកម្ម​សុំ​ទោស​នោះ បាន​បន្ត​ថា ឥឡូវ​ក្រុមហ៊ុន​បណ្ដាញ​សង្គម​នេះ​បាន​កម្រិត​ទិន្នន័យ​ដែល​កម្មវិធី​ទទួល​បាន​នៅ​ពេល​អ្នក​ប្រើប្រាស់ sign in ហើយ​ក៏​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​រាល់​កម្មវិធី​ណា​ដែល​បាន​ចូល​យក​ទិន្នន័យ​ច្រើន​កាល​ពី​ពេល​មុន​ដែរ។ លើស​ពី​នេះ​ទៀត ហ្វេសប៊ុក​នឹង​រំឭក​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​មួយ​នេះ ថា​តើ apps ណា​មួយ​ដែល​ពួក​គេ​ធ្លាប់​ផ្ដល់​សិទ្ធិ​ឲ្យ​យក​ព័ត៌មាន​របស់​ពួក​គេ ដើម្បី​ផ្ដល់​ឱកាស​ដល់​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​អាច​បិទ​នូវ​អ្វី​ដែល​ពួក​គេ​មិន​ចង់​ផ្ដល់​ឲ្យ​បន្ត​ទៅ​ទៀត។

លោក Mark Zuckerberg បន្ត​នៅ​ក្នុង​ឃ្លា​ចុងក្រោយ​នៃ​ពាណិជ្ជកម្ម​សុំ​ទោស​នោះ​ថា «ខ្ញុំ​សន្យា​ថា​នឹង​ធ្វើ​ឲ្យ​ល្អ​ប្រសើរ​សម្រាប់​អ្នក»

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ឲ្យ​បាន​ដឹង​អំពី​ព័ត៌មាន​នេះ​ផង។ សូម​អរគុណ!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។