NASA បញ្ចប់​បេសកកម្ម​យាន​រុករក​លើ​ភព​អង្គារ​ឈ្មោះ Opportunity

យាន​នេះ​បាន​ស្រាវជ្រាវ​នៅ​លើ​ភព​អង្គារ​អស់​រយៈពេល​ជាង ១៥​ឆ្នាំ (ប្រមាណ ៥៥១៥​ថ្ងៃ) និង​ត្រូវ​បាន​ប្រកាស​បញ្ចប់​បេសកកម្ម​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៩។

1693
យាន​រុករក Opportunity Rover របស់​អង្គការ​ណាសា (NASA)។ Photo: NASA
យាន​រុករក Opportunity Rover របស់​អង្គការ​ណាសា (NASA)។ Photo: NASA

អង្គការ​ណាសា (NASA) ប្រកាស​ជា​ផ្លូវការ​បិទ​បញ្ចប់​បេសកកម្ម​របស់​យាន​រុករក​ឈ្មោះ Opportunity Rover នៅ​លើ​ភព​អង្គារ​ហើយ នៅ​ថ្ងៃ​ពុធ ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៩។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

សារព័ត៌មាន​ស៊ីណេត (cnet) ចុះ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ នេះ​ឲ្យ​ដឹង​ថា យាន​រុករក​ឈ្មោះ Opportunity គឺ​ជា​យាន​ទី​៣ ដែល​បាន​ចុះ​ចត​នៅ​ភព​អង្គារ ហើយ​យាន​នេះ​បាន​ស្រាវជ្រាវ​នៅ​លើ​ភព​អង្គារ​អស់​រយៈពេល​ជាង ១៥​ឆ្នាំ (ប្រមាណ ៥៥១៥​ថ្ងៃ) និង​ត្រូវ​បាន​ប្រកាស​បញ្ចប់​បេសកកម្ម​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៩។

NASA ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​១០ ខែ​មិថុនា ឆ្នាំ​២០១៨ ព្យុះ​ធូលី​ដែល​ហ៊ុមព័ទ្ធ​ភព បាន​កាត់ផ្ដាច់​ទំនាក់ទំនង​ទៅ​កាន់​យាន Opportunity។ ការណ៍​នេះ បាន​ធ្វើ​ឲ្យ​ផ្ទាំង​សូឡា (solar panels) របស់​យាន​មិន​អាច​រក្សា​ទុក​ថាមពល​ព្រះអាទិត្យ​បាន។

បន្ទាប់​ពី​មាន​បញ្ហា​ផ្ទាំង​សូឡា​របស់​យាន​មិន​អាច​ផ្ទុក​ថាមពល​ព្រះអាទិត្យ​បាន​មក អង្គការ​ណាសា​បាន​បញ្ជូន​ឃ្លា​បញ្ជា (commands) ជាង ៨៣០​បញ្ជា ដើម្បី​ជួយ​សង្គ្រោះ​យាន​មួយ​នេះ​ឲ្យ​រស់​ឡើង​វិញ ប៉ុន្តែ​រហូត​ដល់​យប់​ថ្ងៃ​អង្គារ ទី​១២ កុម្ភៈ យាន Opportunity នៅ​តែ​មិន​ឆ្លើយតប​នឹង​ការ​ភ្ជាប់​ទំនាក់ទំនង ហើយ​អង្គការ​ណាសា​ក៏​ប្រកាស​ជា​ផ្លូវការ​បញ្ចប់​បេសកកម្ម​របស់​យាន​នេះ​នៅ​មួយ​ថ្ងៃ​បន្ទាប់។

យាន Opportunity ត្រូវ​បាន​បាញ់​បង្ហោះ​នៅ​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០០៣ និង​ចុះ​ចត​នៅ​លើ​ភព​អង្គារ នៅ​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០០៤។ ដំបូង​ឡើយ អង្គការ​ណាសា គ្រោង​ប្រតិបត្តិការ​យាន Opportunity នេះ​សម្រាប់​តែ​បី​ខែ​ប៉ុណ្ណោះ ប៉ុន្តែ​យាន​នេះ​បាន​បន្ត​ដើរ​នៅ​លើ​ផ្ទៃដី Martian soil ជិត ១៥​ឆ្នាំ ធ្វើ​ដំណើរ​ចម្ងាយ​ប្រហែល ៤៥​គីឡូម៉ែត្រ ដែល​ជា​ចម្ងាយ​ឆ្ងាយ​បំផុត។

អត្ថបទ​ទាក់ទង


ភព​ព្រះអង្គារ​មាន​បឹង​ទឹកកក​ដ៏​ធំ​មួយ​ទើប​រក​ឃើញ​នៅ​ពេល​ថ្មីៗ​នេះ

យាន Opportunity ជា​យាន​ទី​ពីរ​នៃ​យាន​ភ្លោះ​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ភព​អង្គារ នៅ​ឆ្នាំ​២០០៣ ក្នុង​បេសកកម្ម​រុករក​នៅ​លើ​ភព​នោះ។ យាន​ដំបូង​ឈ្មោះ Spirit ដែល​ជា​បង​ភ្លោះ​របស់​វា ចាប់ផ្ដើម​គាំង​លែង​ដំណើរការ​នៅ​ឆ្នាំ​២០០៩ ហើយ​អង្គការ​ណាសា បាន​ប្រកាស​បញ្ចប់​បេសកកម្ម​របស់​យាន​នៅ​ឆ្នាំ​២០១១។

អង្គការ​ណាសា ឲ្យ​ដឹង​ថា យាន Opportunity បាន​រក​ឃើញ​ភស្តុតាង​សំខាន់ៗ​ជាច្រើន​នៅ​លើ​ភព​អង្គារ ដូចជា​ប្រទះ​ឃើញ​អាចម៍​ផ្កាយ​ដំបូង​នៅ​លើ​ភព​ផ្សេង​ទៀត រក​ឃើញ​ថា​ភព​អង្គារ​ធ្លាប់​មាន​ទឹក និង​ធ្លាប់​មាន​កម្ដៅ​គួរសម។

ទោះ​យ៉ាង​នេះ​ក្ដី អង្គការ​ណាសា នៅ​មាន​យាន​រុករក​មួយ​ទៀត​ដែល​កំពុង​បន្ត​បេសកកម្ម​នៅ​លើ​ភព​អង្គារ។ យាន​រុករក​នេះ​ឈ្មោះ Curiosity ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ភព​អង្គារ នៅ​ឆ្នាំ​២០១២។

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​អ្នក​ឲ្យ​បាន​ដឹង​ផង។ សូម​អរគុណ..!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។