រដ្ឋាភិបាលកម្ពុជា គ្រោងបាញ់បង្ហោះផ្កាយរណបដំបូងបង្អស់ទៅក្នុងគន្លងផែនដីនៅឆ្នាំ២០២១ ឬនៅឆ្នាំ២០២២ ដោយត្រូវការប្រាក់វិនិយោគប្រហែល ១៥០លានដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមប្រសាសន៍របស់មន្ត្រីជាន់ខ្ពស់ និងជាអ្នកនាំពាក្យនៃនិយ័តករទូរគមនាគមន៍កម្ពុជា (Telecom Regulator of Cambodia) បានប្រាប់កាសែតខ្មែរថាមស៍ (Khmer Times) កាលពីថ្ងៃច័ន្ទ ទី១៦ ខែតុលា ឆ្នាំ២០១៧។
អ្នកនាំពាក្យនិយ័តករទូរគមនាគមន៍កម្ពុជា លោក អ៊ឹម វុត្ថា ថ្លែងក្រោយពីបញ្ចប់សិក្ខាសាលាស្ដីពីការវាស់ស្ទង់តម្រូវការទីផ្សារសម្រាប់សេវាកម្មផ្កាយរណប ថា ការបង្ហោះផ្កាយរណបនេះនឹងក្លាយទៅជាចំណុចសំខាន់មួយសម្រាប់ឧស្សាហកម្មទូរគមនាគមន៍នៅក្នុងស្រុក។
ក្រុមហ៊ុនធំៗពីរ គឺក្រុមហ៊ុនរ៉ូយ៉ាល់ប្លូស្កាយ (Royal Blue Skies) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប (Royal Group) និងក្រុមហ៊ុនហ្គ្រីតវ៉ល អ៊ីនដាស់ស្ទ្រី ខបប៉ូរេសិន (Great Wall Industry Corporation) មានមូលដ្ឋាននៅរដ្ឋធានីប៉េកាំង ប្រទេសចិន កំពុងសិក្សាអំពីលទ្ធភាពនៃការអភិវឌ្ឍគម្រោងបង្ហោះផ្កាយរណបនេះ។
លោក អ៊ឹង វុត្ថា បន្ថែមថា ផ្កាយរណបដំបូងរបស់ប្រទេសកម្ពុជា ដែលនឹងដាក់ទៅក្នុងតារាវិថី អាចមានអាយុយ៉ាងហោចណាស់ ១៥ឆ្នាំ៕