ត្រូវ​ធ្វើ​អ្វី​ខ្លះ មុន​នឹង​លក់ Smartphone ឬ​ឲ្យ​វា​ទៅ​អ្នក​ដទៃ?

សូម​គិត​សាឡើងវិញ​ពីរ​បី​ដង ថា​តើ​មាន​ព័ត៌មាន​អ្វី​ខ្លះ​បន្សល់​ទុក​នៅ​ក្នុង​ទូរស័ព្ទ​ មុន​នឹង​អ្នក​សម្រេច​ចិត្ត​ផ្លាស់ប្ដូរ​ទូរស័ព្ទ​ថ្មី ឬ​ប្រគល់​ទូរស័ព្ទ​ចាស់​របស់​អ្នក​ឲ្យ​ទៅ​អ្នក​ដទៃ។

3953
លក់​ទូរស័ព្ទ Smartphone។
លក់​ទូរស័ព្ទ Smartphone។

ប្រាកដ​ណាស់ ទូរស័ព្ទ​ឆ្លាតវៃ (smartphone) គឺ​បាន​ផ្ទុក​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​ម្ចាស់​វា​ជាច្រើន​នៅ​ក្នុង​នោះ។ ដូច្នេះ​ហើយ មុន​នឹង​អ្នក​សម្រេច​ចិត្ត​ផ្លាស់ប្ដូរ​ទូរស័ព្ទ​ថ្មី ឬ​ប្រគល់​ទូរស័ព្ទ​ចាស់​របស់​អ្នក​ឲ្យ​ទៅ​អ្នក​ដទៃ​នោះ សូម​គិត​សាឡើងវិញ​ពីរ​បី​ដង ថា​តើ​មាន​ព័ត៌មាន​អ្វី​ខ្លះ​បន្សល់​ទុក​នៅ​ក្នុង​ទូរស័ព្ទ​នោះ។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

រូបថត​សំខាន់ៗ សារ​អ៊ីមែល​ឆ្លើយឆ្លង​ការងារ ឬ​ឯកជន និង​សារ​ជា​អក្សរ ជាដើម នឹង​ត្រូវ​បាត់បង់ ឬ​ធ្លាក់​ទៅ​ដល់​ដៃ​ជន​ណា​ម្នាក់​ផ្សេង​ទៀត ប្រសិន​បើ​អ្នក​មិន​បាន​ត្រៀម​រៀបចំ​វា​ឲ្យ​បាន​ត្រឹមត្រូវ មុន​នឹង​ប្រគល់​ទូរស័ព្ទ ឬ​លក់​ទូរស័ព្ទ​នោះ​ឲ្យ​ទៅ​អ្នក​ដទៃ។ វា​ជា​ការ​បាត់បង់​នូវ​អនុស្សាវរីយ៍​ដ៏​មាន​តម្លៃ និង​អាច​ធ្វើ​ឲ្យ​អ្នក​ជួប​នូវ​ហានិភ័យ​លើ​សុវត្ថិភាព និង​ឯកជនភាព​ធ្ងន់ធ្ងរ​ផង​ដែរ។

ឧទាហរណ៍​ថា អ្នក​បាន​លក់​ទូរស័ព្ទ​ទៅ​ឲ្យ​មនុស្ស​ម្នាក់ ហើយ​អ្នក​មិន​បាន​លុប​ឯកសារ​សំខាន់ៗ​ចេញ​ពី​ទូរស័ព្ទ​ទេ អ្នក​នឹង​មាន​សំណាង​ល្អ ប្រសិន​បើ​អ្នក​ដែល​ទទួល​បាន​ទូរស័ព្ទ​របស់​អ្នក​ដែល​មាន​ផ្ទុក​ព័ត៌មាន​សំខាន់ៗ​នោះ ជា​មនុស្ស​មាន​ក្រមសីលធម៌ ព្រោះ​គេ​នឹង​ជួយ​លុប​ទិន្នន័យ​ទាំងអស់​ចេញ​ពី​ទូរស័ព្ទ​ឲ្យ​អ្នក។ ផ្ទុយ​ទៅ​វិញ ជន​ខិលខូច​មួយ​ចំនួន​នឹង​យក​ទិន្នន័យ​នេះ​មក​ធ្វើ​បាប​អ្នក​វិញ​ជាក់​ជាមិនខាន។

អាន​អត្ថបទ​ផ្សេង​ទៀត៖

ដើម្បី​ជៀសវាង​បញ្ហា​ដែល​អាច​កើត​មាន​ឡើង Tech Khmer សូម​លើក​ផ្ដល់​អនុសាសន៍​ខ្លះៗ​ជូន​លោក​អ្នក មុន​នឹង​អ្នក​លក់​ទូរស័ព្ទ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ទទួល​បាន​នូវ​សន្តិភាព​ផ្លូវ​ចិត្ត ដូច​ខាង​ក្រោម៖

ជំហាន​ទី​១៖ រក្សា​ទុក​លេខ​ទំនាក់ទំនង​នៅ​កន្លែង​មាន​សុវត្ថិភាព (Backup Contacts)

ជាក់ស្ដែង លេខ​ទូរស័ព្ទ​ទំនាក់ទំនង (Contacts) ប្រតិទិន​កត់ត្រា​ផ្ទាល់​ខ្លួន (Calendar) និង​ព្រឹត្តិការណ៍​ផ្សេងៗ (Events) ដែល​អ្នក​កត់ត្រា​ទុក គឺ​មាន​សារសំខាន់​ណាស់​សម្រាប់​បម្រើ​កិច្ចការ​ប្រចាំ​ថ្ងៃ​របស់​លោក​អ្នក។ ប្រសិន​បើ​ជា​បាត់បង់​ព័ត៌មាន​ទាំងនេះ អ្នក​ប្រាកដ​ជា​ពិបាក​ក្នុង​ការ​ធ្វើ​ការងារ​បន្ត ឬ​ត្រូវ​ពិបាក​ប្រមូល​វា​ម្ដង​មួយៗ​មក​វិញ។ ដូច្នេះ សូម​ឲ្យ​ប្រាកដ​ថា​ព័ត៌មាន​ទាំងអស់​នេះ​នឹង​មិន​បាត់បង់​ទេ បន្ទាប់​ពី​អ្នក​លក់​ទូរស័ព្ទ​ទៅ​ឲ្យ​អ្នក​ដទៃ។

សំណាង​ល្អ​ដែល Apple iOS និង Google Android បាន​ផ្ដល់​នូវ​កន្លែង​ផ្ទុក​ព័ត៌មាន​នេះ​នៅ​លើ Cloud របស់​ពួក​គេ។ អ្នក​ត្រូវ​ប្រាកដ​ថា ព័ត៌មាន​ចុងក្រោយ​ត្រូវ​បាន​ផ្ទុក​នៅ​ក្នុង Cloud ជាមួយ​នឹង Apple ID សម្រាប់​អ្នក​ប្រើ iPhone iPadនិង Google Account សម្រាប់​អ្នក​ប្រើ Android phone

Backup Contacts នៅ​លើ iCloud និង Google Account។
Backup Contacts នៅ​លើ iCloud និង Google Account។

ជំហាន​ទី​២៖ រក្សា​ទុក Apps និង​ទិន្នន័យ (Backup your apps and data)

លោក​អ្នក​ត្រូវ backup កម្មវិធី​ទូរស័ព្ទ (apps) និង​ទិន្នន័យ​របស់​វា​ឲ្យ​មាន​សុវត្ថិភាព។ ប្រសិន​ជា​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ប្រើ Android OS 6.0 ឡើង​លើ នោះ​អ្នក​អាច backup ព័ត៌មាន​របស់ app នីមួយៗ​ទៅ​កាន់​គណនី Google Drive មិន​មែន​ត្រឹម​តែ backup app នោះ​ទេ។ ចំណែក​ជំនាន់ Android ទាប​ជាង 6.0 អ្នក​ត្រូវ​ប្រើប្រាស់​កម្មវិធី Helium ដើម្បី​អាច Backup ទាំង apps និង​ទិន្នន័យ​របស់ app បាន។

សម្រាប់​អ្នក​ប្រើ iOS វិញ លោក​អ្នក​អាច Backup app និង​ទិន្នន័យ​របស់ apps នៅ​លើ iTunes របស់​លោក​អ្នក​បាន។

Backup Contacts នៅ​លើ iTunes។
Backup Contacts នៅ​លើ iTunes។

ជំហាន​ទី​៣៖ រក្សា​ទុក​ចម្រៀង រូបថត និង​វីដេអូ

សេវាកម្ម Apple ID and Google Photos and Music ផ្ដល់​ជម្រើស​ឲ្យ​លោក​អ្នក​អាច​បញ្ជូន​រូបថត វីដេអូ និង​ចម្រៀង​ពី​ទូរស័ព្ទ​របស់​អ្នក​ទៅ​កាន់ online servers បាន។ ប្រសិន​បើ​លោក​អ្នក​មិន​ទុក​ចិត្ត​ថា​រូបថត វីដេអូ និង​ចម្រៀង​ទាំងនោះ​ត្រូវ​បាន​រក្សា​ទុក​នៅ​លើ​អនឡាញ​ទេ លោក​អ្នក​ក៏​អាច backup ទុក​ក្នុង​កុំព្យូទ័រ​បាន​ថែម​ទៀត​ដែរ។

សម្រាប់​ទូរស័ព្ទ Android លោក​អ្នក​គ្រាន់​តែ​ភ្ជាប់​ទូរស័ព្ទ​ទៅ​កាន់​កុំព្យូទ័រ​តាម​រយៈ​ខ្សែ USB ហើយ​កូពី (copy) រូបថត វីដេអូ និង​ចម្រៀង​ទាំងនោះ​ទៅ​កាន់​កុំព្យូទ័រ​របស់​លោក​អ្នក​ជា​ការ​ស្រេច។ ករណី​អ្នក​ប្រើប្រាស់​កុំព្យូទ័រ Mac ជាមួយ​ទូរស័ព្ទ Android នោះ​អ្នក​ត្រូវ​ទាញ​យក​កម្មវិធី Android File Transfer ដំឡើង​នៅ​លើ​កុំព្យូទ័រ Mac ដើម្បី​អាច copy រូបថត វីដេអូ និង​ចម្រៀង​បាន។ ដោយឡែក​អ្នក​ប្រើប្រាស់ iPhone ត្រូវ​ប្រើប្រាស់​កម្មវិធី iTunes desktop ដើម្បី backup

ជំហាន​ទី​៤៖ លុប​ទិន្នន័យ​ក្នុង​ Smartphone ដែល​អ្នក​នឹង​លក់ ឬ​ប្រគល់​ឲ្យ​អ្នក​ដទៃ

បន្ទាប់​ពី​បាន Backup រាល់​ឯកសារ​សំខាន់ៗ និង​កម្មវិធី​ទូរស័ព្ទ (apps) រួច​រាល់​ហើយ​នោះ អ្នក​អាច​សម្អាត​ទូរស័ព្ទ​របស់​អ្នក​បាន​ហើយ។ គ្រប់​ទូរស័ព្ទ​ទាំងអស់ ទាំង iPhone ទាំង Android Phone សុទ្ធតែ​មាន​ជម្រើស​ឲ្យ​លោក​អ្នក​អាច​ធ្វើ​ឲ្យ​ទូរស័ព្ទ​នោះ​ដូច​ទើប​នឹង​ចេញ​ពី​រោងចក្រ​អ៊ីចឹង​ដែរ ដែល​វិធី​នេះ​គេ​ហៅ​ថា Factory Reset។ មាន​ន័យ​ថា រាល់​ឯកសារ ទិន្នន័យ និង​កម្មវិធី​ទូរស័ព្ទ​ទាំងអស់​នៅ​ក្នុង​ទូរស័ព្ទ នឹង​ត្រូវ​លុប​ចោល​ទាំងអស់ ហើយ​ទូរស័ព្ទ​នឹង​ត្រឡប់​ទៅ​រក​សុភាព​ដើម​ដូច​ដែល​អ្នក​ទើប​នឹង​ទិញ​វា​យក​មក​ប្រើប្រាស់​អ៊ីចឹង។

មក​ដល់​ដំណាក់កាល​នេះ លោក​អ្នក​អាច​លក់​ទូរស័ព្ទ​ដែល​ធ្លាប់​នៅ​ជាមួយ​អ្នក​យ៉ាង​យូរ និង​មាន​អនុស្សាវរីយ៍​ជាមួយ​គ្នា​យ៉ាង​ច្រើន​បាន​ហើយ ហើយ​អ្នក​ក៏​មាន​សុវត្ថិភាព​មិន​បារម្ភ​ខ្លាច​បែកធ្លាយ​ឯកសារ​សម្ងាត់ ឬ​ឯកសារ​សំខាន់ៗ​ទៀត​ឡើយ។

Factory Reset នៅ​លើ​ទូរស័ព្ទ iPhone។
Factory Reset នៅ​លើ​ទូរស័ព្ទ iPhone។
Factory Reset នៅ​លើ​ទូរស័ព្ទ Android។
Factory Reset នៅ​លើ​ទូរស័ព្ទ Android។

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ឲ្យ​បាន​ដឹង​អំពី​ព័ត៌មាន​នេះ​ផង។ សូម​អរគុណ!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។