គន្លឹះ​ប្រើ​ទូរស័ព្ទ​កុំ​ឱ្យ​ឡើង​កម្ដៅ​នៅ​រដូវ​ក្ដៅ​ខ្លាំង

ក្នុង​រដូវ​ក្ដៅ​ខ្លាំង​បែប​នេះ ទូរស័ព្ទ​របស់​អ្នក​នឹង​ឡើង​កម្ដៅ​ខុស​ពី​ធម្មតា​ទៅ​តាម​សីតុណ្ហភាព​ជុំវិញ​ខ្លួន​របស់​អ្នក ប្រសិន​បើ​អ្នក​មិន​បាន​គិតគូរ​ពី​វិធី​ការពារ​ទាំងនេះ​នោះ​ទេ។

3213
គន្លឹះ​ប្រើ​ទូរស័ព្ទ​នៅ​រដូវ​ក្ដៅ
គន្លឹះ​ប្រើ​ទូរស័ព្ទ​នៅ​រដូវ​ក្ដៅ

ក្នុង​រដូវ​ប្រាំង​ឆ្នាំ​២០១៩ នេះ កម្ពុជា ទទួល​រង​ឥទ្ធិពល​ពី​បាតុភូត El Nino ក្នុង​កម្រិត ៦០% និង ៤០% ទៀត​ទទួល​រង​ឥទ្ធិពល​ពី​បាតុភូត​អន្តរកាល (បាតុភូត​ដែល​នៅ​ចន្លោះ​រវាង El Nino និង La Nina) ដែល​ធ្វើ​ឲ្យ​រដូវ​ប្រាំង​ឆ្នាំ​នេះ​មាន​សភាព​ក្ដៅ​ខ្លាំង​ជាង​ឆ្នាំ​មុន ហើយ​នឹង​បន្ត​អូស​បន្លាយ​ដល់​ពាក់​កណ្ដាល​ខែ​ឧសភា។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស សីតុណ្ហភាព​អតិបរមា​មធ្យម​នឹង​ស្ថិត​ក្នុង​រង្វង់​ពី ៣៦-៣៨​អង្សា​សេ។ ដោយឡែក​នៅ​ក្នុង​ខែ​មេសា និង​ខែ​ឧសភា ធាតុ​អាកាស​នឹង​មាន​សភាព​ក្ដៅ​ហួតហែង​ខ្លាំង ហើយ​ពេល​ខ្លះ​សីតុណ្ហភាព​អតិបរមា​នឹង​ហក់​ឡើង​ដល់ ៤០-៤២​អង្សា​សេ ពិសេស​នៅ​តំបន់​ទំនាប​កណ្ដាល​ភាគ​ពាយ័ព្យ និង​តំបន់​ខ្ពង់រាប​ភាគ​ខាង​ជើង។ នេះ​បើ​តាម​ការ​ព្យាករ​អាកាសធាតុ​លើក​ទី​២ របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម។

ក្នុង​សភាព​នៃ​អាកាសធាតុ​ក្ដៅ​ខ្លាំង​បែប​នេះ កុំ​ថា​ឡើយ​មនុស្ស​ពិបាក​រស់នៅ​ទប់ទល់​នឹង​កម្ដៅ​ក្ដៅ សូម្បី​តែ​ឧបករណ៍​អេឡិចត្រូនិច​ដែល​លោក​អ្នក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ជាពិសេស​ទូរស័ព្ទ​ឆ្លាតវៃ (Smartphone) របស់​លោក​អ្នក ក៏​នឹង​មាន​បញ្ហា​ខ្លះ​ដែរ ដូចជា​ឡើង​កម្ដៅ​នៅ​ពេល​ប្រើ​ជាដើម លើកលែង​តែ​លោក​អ្នក​ប្រើប្រាស់​វា​នៅ​ក្នុង​បន្ទប់​មាន​ម៉ាស៊ីន​ត្រជាក់​ប៉ុណ្ណោះ។

ដើម្បី​រក្សា​ស្មាតហ្វូន​របស់​អ្នក​កុំ​ឱ្យ​ឡើង​កម្ដៅ​ខ្លាំង​ដែល​អាច​បណ្ដាល​ឲ្យ​ឆាប់​ខូច ឬ​ផ្ទុះ Tech Khmer សូម​លើក​យក​វិធី​មួយ​ចំនួន​មក​បង្ហាញ​លោក​អ្នក​ដូច​ខាង​ក្រោម​នេះ៖

គន្លឹះ​ទី១៖ កុំ​ទុក​ទូរស័ព្ទ​ចោល​ក្នុង​ឡាន​ដែល​ចត​ចោល

ស្ដាប់​ទៅ​ដូចជា​សាមញ្ញ ប៉ុន្តែ​ប្រសិន​បើ​ជា​អ្នក​ទុក​ទូរស័ព្ទ​ចោល​នៅ​ក្នុង​ឡាន នោះ​ទូរស័ព្ទ​របស់​អ្នក​នឹង​ឡើង​កម្ដៅ ហើយ​អាច​ឈាន​ដល់​ផ្ទុះ​ទៀត​ផង ពីព្រោះ​តែ​ឡាន​ដែល​ទុក​ចោល​ហាល​ក្ដៅ ឬ​ក្នុង​រោង​ឡាន​ក៏ដោយ ក៏​សីតុណ្ហភាព​ក្នុង​ឡាន​នឹង​ឡើង​កម្ដៅ​ដែរ។ ការ​ស្រាវជ្រាវ​មួយ​របស់​សាកលវិទ្យាល័យ Western Australia បង្ហាញ​ថា សីតុណ្ហភាព​ក្នុង​ឡាន​ដែល​ចត​នៅ​ចំណត គឺ​មាន​សីតុណ្ហភាព​ក្ដៅ​ជាង​ខាង​ក្រៅ​ឡាន ២០​អង្សា​សេ។ មាន​ន័យ​ថា បើ​សិន​ជា​កម្ដៅ​នៅ​ខាង​ក្រៅ​ឡាន​មាន​សីតុណ្ហភាព ៣៥​អង្សា​សេ នោះ​កម្ដៅ​ក្នុង​ឡាន​ដែល​ចត​នៅ​ចំណត​នឹង​មាន​កម្ដៅ ៥៥​អង្សា​សេ។ ដូច្នេះ ការ​ទុក​ស្មាតហ្វូន​របស់​អ្នក​ចោល​ក្នុង​ឡាន នឹង​អាច​បណ្ដាល​ឲ្យ​វា​ផ្ទុះ​បាន។

ម្យ៉ាង​វិញ​ទៀត ប្រសិន​បើ​អ្នក​បើកបរ​ក្នុង​ចម្ងាយ​ឆ្ងាយ អ្នក​អាច​ដាក់​ស្មាតហ្វូន​លើ​ជើង​ទម្រ​ទូរស័ព្ទ​ឲ្យ​នៅ​ជិត​នឹង​ម៉ាស៊ីន​ត្រជាក់​ឡាន ដើម្បី​ឲ្យ​ទូរស័ព្ទ​ទទួល​បាន​ខ្យល់​ត្រជាក់ និង​មិន​បណ្ដាល​ឲ្យ​វា​ឡើង​កម្ដៅ ហើយ​ក្នុង​ករណី​ចាំបាច់​ដែល​អ្នក​ត្រូវ​តែ​ទុក​ទូរស័ព្ទ​ក្នុង​ឡាន នោះ​អ្នក​អាច​ពិចារណា​ទុក​វា​នៅ​ក្នុង​ថត​ទុក​អីវ៉ាន់ (គូទ​ឡាន) ពីព្រោះ​វា​ជា​ផ្នែក​ដែល​ល្អ​បំផុត​ក្នុង​ឡាន។

គន្លឹះ​ទី​២៖ បិទ​កម្មវិធី ឬ​មុខងារ​ដែល​អ្នក​មិន​ត្រូវការ​ប្រើ

ចូរ​អ្នក​បិទ Bluetooth, LTE, Wi-Fi, GPS និង​កម្មវិធី​មួយ​ចំនួន​ទៀត ប្រសិន​បើ​អ្នក​មិន​ត្រូវ​ការ​ប្រើប្រាស់​វា​នៅ​ពេល​ដែល​អ្នក​កំពុង​បើកបរ ឬ​អ្នក​កំពុង​ធ្វើ​អ្វី​ផ្សេង។ វិធី​នេះ​នឹង​ប្រាកដ​ថា ទូរស័ព្ទ​របស់​អ្នក​នឹង​មិន​ធ្វើ​ការ​លើស​កម្រិត​ដែល​បណ្ដាល​ឲ្យ​វា​ឡើង​កម្ដៅ ខណៈ​ដែល​វា​នៅ​ក្នុង​ហោប៉ៅ ឬ​ក៏​ក្នុង​កាបូប។ ចំណុច​នេះ​ក៏​ជា​ផ្នែក​មួយ​ជួយ​ធ្វើ​ឲ្យ​អាយុកាល​នៃ​ថ្ម​ទូរស័ព្ទ​របស់​អ្នក​ប្រើ​បាន​យូរ​ផង​ដែរ។

គន្លឹះ​ទី​៣៖ ដោះ​ស្រោម​ទូរស័ព្ទ​ចេញ (phone case)

ប្រាកដ​ណាស់! ស្រោម​ទូរស័ព្ទ​គឺ​ជា​ផ្នែក​មួយ​ជួយ​លំអ​ទូរស័ព្ទ​របស់​អ្នក​ឲ្យ​កាន់​តែ​មាន​សោភណភាព​មួយ​កម្រិត​ថែម​ទៀត និង​ជួយ​ការពារ​ពី​ការ​បាក់បែក​ដោយសារ​ការ​ធ្លាក់ ឬ​ជ្រុះ​ពី​ហោប៉ៅ តុ និង​គ្រែ ជាដើម។ ប៉ុន្តែ​នៅ​រដូវ​ក្ដៅ​នេះ វា​បែរ​ជា​ជួយ​ឲ្យ​ទូរស័ព្ទ​របស់​អ្នក​ឡើង​កម្ដៅ​ទៅ​វិញ។ ដូច្នេះ អ្នក​អាច​ដោះ​ស្រោម​ការពារ​ទូរស័ព្ទ​ចេញ​មួយ​រយៈពេល​សិន ដើម្បី​ទុក​ឲ្យ​ទូរស័ព្ទ​របស់​អ្នក​មិន​ឡើង​កម្ដៅ។

គន្លឹះ​ទី​៤៖ កុំ​ដាក់​ទូរស័ព្ទ​គរ​លើ​គ្នា ឬ​គរ​លើ Power Bank

ការ​ដាក់​ទូរស័ព្ទ​ពីរ ឬ​បី​គរ​លើ​គ្នា ក៏​អាច​ធ្វើ​ទូរស័ព្ទ​របស់​អ្នក​ឡើង​កម្ដៅ​មួយ​កម្រិត​ទៀត​ដែរ។ សូម​ទុក​វា​ឱ្យ​នៅ​ដោយឡែក​ពី​គ្នា ដើម្បី​ជៀសវាង​ឡើង​កម្ដៅ។ លើស​ពី​នេះ សូម​កុំ​ដាក់​ទូរស័ព្ទ​នៅ​លើ Power Bank នៅ​ពេល​អ្នក​បញ្ចូល​ថាមពល​ថ្ម​ចេញ​ពី​ឧបករណ៍​ផ្ទុក​ថាមពល​នេះ​ឲ្យ​សោះ។ អ្នក​នឹង​ចាប់​អារម្មណ៍​ថា​ទូរស័ព្ទ​របស់​អ្នក​ឡើង​កម្ដៅ​ខុស​ធម្មតា​នៅ​ពេល​អ្នក​ដាក់​វា​លើ Power Bank ដើម្បី​សាក​ថ្ម៕

Comments