ទូត​ជប៉ុន​ចែក​រំលែក​វិធីសាស្ត្រ​រស់នៅ​ក្នុង​រដូវ​ក្ដៅ

ការ​ផលិត​ថាមពល​អគ្គិសនី​តែងតែ​សាយភាយ​ឧស្ម័ន​កាបូនិច​ទៅ​លើ​បរិយាកាស ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​កម្ដៅ​ផែនដី​កើន​ឡើង។

3102
លោក ហ៊ីដេហ៊ីសា ហ៊ីរូណូអ៊ុជិ (Hidehisa Hironouchi) ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​កម្ពុជា។
លោក ហ៊ីដេហ៊ីសា ហ៊ីរូណូអ៊ុជិ (Hidehisa Hironouchi) ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​កម្ពុជា។

ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​នៅ​កម្ពុជា ចែក​រំលែក​បទពិសោធន៍​ពី​ការ​រស់នៅ​ក្នុង​រដូវ​ក្ដៅ​ដល់​ពលរដ្ឋ​កម្ពុជា តាម​រយៈ​វីដេអូ​ឃ្លីប​ខ្លី​ជាង ២​នាទី បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ផ្លូវការ​របស់​ខ្លួន។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

លោក ហ៊ីដេហ៊ីសា ហ៊ីរូណូអ៊ុជិ (Hidehisa Hironouchi) ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​កម្ពុជា បាន​ថ្លែង​នៅ​ក្នុង​វីដេអូ​ខ្លី​នោះ​ថា ពលរដ្ឋ​គួរ​តែ​កាត់​បន្ថយ​ការ​ប្រើប្រាស់​អគ្គិសនី​នៅ​រដូវ​ក្ដៅ​នេះ ពីព្រោះ​ការ​ផលិត​ថាមពល​អគ្គិសនី​តែងតែ​សាយភាយ​ឧស្ម័ន​កាបូនិច​ទៅ​លើ​បរិយាកាស ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​កម្ដៅ​ផែនដី​កើន​ឡើង។

លោក​ថា​នៅ​ប្រទេស​ជប៉ុន ឱ្យ​តែ​ដល់​រដូវ​ក្ដៅ រដ្ឋាភិបាល​ជប៉ុន តែងតែ​ស្នើសុំ​ឱ្យ​ប្រជាជន ស្ថាប័ន​រដ្ឋ និង​ក្រុមហ៊ុន​ឯកជន កាត់​បន្ថយ​ការ​ប្រើប្រាស់​អគ្គិសនី ក្នុង​គោល​បំណង​បន្ថយ​ការ​សាយភាយ​ឧស្ម័ន​កាបូនិច​ច្រើន​ដែល​ធ្វើ​ឱ្យ​ផែនដី​កើន​កម្ដៅ ដោយ​ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ម៉ាស៊ីន​ត្រជាក់ និង​មិន​បើក​អំពូល​ភ្លើង​ច្រើន​ជាដើម។

ការ​សាយភាយ​ឧស្ម័ន​កាបូនិច​ទៅ​លើ​បរិយាកាស។
ការ​សាយភាយ​ឧស្ម័ន​កាបូនិច​ទៅ​លើ​បរិយាកាស។

លោក​បញ្ជាក់​ថា នៅ​ក្នុង​អគារ​រដ្ឋាភិបាល​ជប៉ុន គឺ​កំណត់​កម្រិត​សីតុណ្ហភាព​ម៉ាស៊ីន​ត្រជាក់​ត្រឹម ២៨​អង្សារ​សេ​តែ​ប៉ុណ្ណោះ​នៅ​ពេល​អាកាសធាតុ ៣៥​អង្សារ​សេ លើកលែងតែ​មាន​កម្មវិធី​ផ្លូវការ​ណា​មួយ។ លោក​ថា ការ​កំណត់​ដូចនេះ​ធ្វើ​ឱ្យ​បន្ទប់​ធ្វើ​ការ​រាង​ក្ដៅ​បន្តិច។ ហេតុ​ដូច្នេះ ចាប់​ពី​ខែ​ឧសភា ដល់​ខែ​កញ្ញា ពេល​ទៅ​ធ្វើ​ការ​នៅ​ការិយាល័យ បុគ្គលិក​បុរស​មិន​ចាំបាច់​ពាក់​ក្រវាត់​ក និង​អាវ​ធំ​នោះ​ទេ។

នៅ​ចុង​បញ្ចប់​នៃ​វីដេអូ​ឃ្លីប​នោះ លោក​ទូត​ជប៉ុន បាន​ចោទ​ជា​សំណួរ​មក​កាន់​ប្រជាជន​កម្ពុជា វិញ​ថា តើ​លោក​លោកស្រី​មាន​វិធីសាស្ត្រ​បែប​ណា​ខ្លះ ក្នុង​ការ​សន្សំ​សំចៃ​អគ្គិសនី?

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​បាន​ដឹង​ផង។ សូម​អរគុណ!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.netទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។