RUPP ទទួល​បាន ១០​លាន​ដុល្លារ​ពី​ស៊ុយអែត​ដើម្បី​ពង្រឹង​ការ​ស្រាវជ្រាវ

កិច្ចព្រមព្រៀង​ដំណាក់កាល​សាកល្បង​រយៈពេល ៤​ឆ្នាំ​នេះ ផ្ដោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ពន្ធ​បច្ចេកវិទ្យា និង​គមនាគមន៍​នៅ​ក្នុង​សាកលវិទ្យាល័យ ព្រម​ទាំង​ការ​កសាង​សមត្ថភាព​ផ្នែក​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ និង​ការ​បណ្ដុះបណ្ដាល​ថ្នាក់​ក្រោយ​ឧត្ដមសិក្សា​នៅ​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ និង​វិស្វកម្ម។

2266
សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (RUPP)
សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (RUPP)

ប្រទេស​ស៊ុយអែត (Sweden) ផ្ដល់​ថវិកា ១០​លាន​ដុល្លារ​ដល់​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (RUPP) ដើម្បី​កសាង​សមត្ថភាព​ផ្នែក​ស្រាវជ្រាវ និង​បណ្ដុះបណ្ដាល​ផ្នែក​ស្រាវជ្រាវ​ប្រកប​ដោយ​គុណភាព​ខ្ពស់​នៅ​ប្រទេស​កម្ពុជា។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ស៊ុយអែត​ប្រចាំ​កម្ពុជា នៅ​លើ​ទំព័រ​ហ្វេសប៊ុក​នៅ​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៩ ឲ្យ​ដឹង​ថា ប្រទេស​ស៊ុយអែត និង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១៩ បាន​ចុះ​កិច្ចព្រមព្រៀង​ដំណាក់កាល​សាកល្បង​រយៈពេល ៤​ឆ្នាំ​ដែល​មាន​ទឹកប្រាក់​ប្រមាណ ១០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ដើម្បី​ឲ្យ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ពង្រឹង​ហេដ្ឋារចនាសម្ពន្ធ​បច្ចេកវិទ្យា និង​គមនាគមន៍​នៅ​ក្នុង​សាកលវិទ្យាល័យ ព្រម​ទាំង​ការ​កសាង​សមត្ថភាព​ផ្នែក​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ និង​ការ​បណ្ដុះបណ្ដាល​ថ្នាក់​ក្រោយ​ឧត្ដមសិក្សា​នៅ​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ និង​វិស្វកម្ម។

ប្រធាន​ផ្នែក​កិច្ចសហប្រតិបត្តិការ​ស្រាវជ្រាវ​នៃ​ជំនួយ​អភិវឌ្ឍន៍​អន្តរជាតិ​របស់​ប្រទេស​ស៊ុយអែត (Sida) អ្នកស្រី AnnaMaria Oltorp មាន​ប្រសាសន៍​ថា «ការ​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ គឺ​ជា​សសរ​ស្ដម្ភ​មួយ​សម្រាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព។ ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា មាន​គោលដៅ​ប្រែ​ក្លាយ​ខ្លួន​ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម ការ​ពង្រឹង​សមត្ថភាព​ផ្នែក​ស្រាវជ្រាវ និង​ការ​បង្កើត​ប្រព័ន្ធ​មូលនិធិ​សម្រាប់​ការ​ស្រាវជ្រាវ​នៅ​កម្ពុជា ពិត​ជា​តម្រូវការ​បន្ទាន់​ចំពោះ​មុខ។ យើង​មើល​ឃើញ​ថា គម្រោង​សាកល្បង​នេះ​ជា​ការ​ចាប់ផ្ដើម​នៃ​កិច្ចសហប្រតិបត្តិការ​រយៈពេល​យូរ​អង្វែង ដែល​នឹង​គាំទ្រ​ដល់​ការ​កសាង​សមត្ថភាព​វិស័យ​វិទ្យាសាស្ត្រ​ជាច្រើន​ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា។»

អ្នកស្រី​បន្ត​ថា «ជំហាន​ដំបូង​នៃ​កិច្ចសហប្រតិបត្តិការ​នេះ ចាប់ផ្ដើម​នៅ​ក្នុង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ដោយសារ​យើង​បាន​វាយ​តម្លៃ​សាកលវិទ្យាល័យ​មួយ​នេះ​ថា​មាន​គុណវុឌ្ឍិ​គ្រប់គ្រាន់​ក្នុង​ការ​ក្លាយ​ជា​សាកលវិទ្យាល័យ​គំរូ​សម្រាប់​ការ​សិក្សា​ជាន់​ខ្ពស់ និង​ការ​ស្រាវជ្រាវ ហើយ​ថែម​ទាំង​អាច​ធ្វើ​ការ​បណ្ដុះបណ្ដាល​ដល់​អ្នក​ស្រាវជ្រាវ​នៅ​តាម​ផ្នែក​ជាច្រើន​ផ្សេងៗ​គ្នា។»

ពិធី​ចុះ​កិច្ចព្រមព្រៀង​រវាង​ប្រទេស​ស៊ុយអែត (Sweden) និង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (RUPP) ក្នុង​គម្រោង​កសាង​សមត្ថភាព​ផ្នែក​ស្រាវជ្រាវ និង​បណ្ដុះបណ្ដាល​ផ្នែក​ស្រាវជ្រាវ​ប្រកប​ដោយ​គុណភាព​ខ្ពស់​នៅ​ប្រទេស​កម្ពុជា។ Photo/Embassy of Sweden's Facebook Page
ពិធី​ចុះ​កិច្ចព្រមព្រៀង​រវាង​ប្រទេស​ស៊ុយអែត (Sweden) និង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (RUPP) ក្នុង​គម្រោង​កសាង​សមត្ថភាព​ផ្នែក​ស្រាវជ្រាវ និង​បណ្ដុះបណ្ដាល​ផ្នែក​ស្រាវជ្រាវ​ប្រកប​ដោយ​គុណភាព​ខ្ពស់​នៅ​ប្រទេស​កម្ពុជា។ Photo/Embassy of Sweden’s Facebook Page

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​ឲ្យ​ដឹង​ទៀត​ថា ប្រទេស​ស៊ុយអែត បាន​សហការ​ជាមួយ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ អស់​រយៈពេល​ជាង ១០​ឆ្នាំ​មក​ហើយ តាម​រយៈ​ការ​គាំទ្រ​លើ​ការ​បណ្ដុះបណ្ដាល និង​ការ​ស្រាវជ្រាវ​ផ្នែក​គីមីវិទ្យា រូបវិទ្យា និង​គណិតវិទ្យា។ កិច្ចសហប្រតិបត្តិការ​សាកល្បង​លើ​ផ្នែក​ស្រាវជ្រាវ​នេះ នឹង​ពង្រីក​ការ​គាំទ្រ​ទៅ​ដល់​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​ទាំងអស់ និង​ផ្នែក​ជីវសាស្ត្រ​នៃ​មហាវិទ្យាល័យ​វិស្វកម្ម ព្រម​ទាំង​ការ​កសាង​សមត្ថភាព​ផ្នែក​ស្រាវជ្រាវ រួម​បញ្ចូល​ទាំង​ការ​បណ្តុះបណ្តាល​និស្សិត​ថ្នាក់​បណ្ឌិត ក្រោម​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្តា​ដៃគូ​អភិវឌ្ឍន៍​របស់​ស៊ុយអែត និង​ការ​វិនិយោគ​លើ​សម្ភារៈ​សម្រាប់​ការ​ស្រាវជ្រាវ​ផង​ដែរ។

រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា នៃ​ប្រទេស​កម្ពុជា ឯកឧត្តម​បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន មាន​ប្រសាសន៍​ថា «រាជ​រដ្ឋាភិបាល​កម្ពុជា មើល​ឃើញ​អំពី​សារសំខាន់​នៃ​ការ​សិក្សា​ជាន់​ខ្ពស់ និង​ការ​ស្រាវជ្រាវ ព្រម​ទាំង​តម្រូវការ ដើម្បី​ធានា​បាន​នូវ​ភាព​ពាក់ព័ន្ធ និង​គុណភាព។ ការ​ស្រាវជ្រាវ គឺ​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ការ​ច្នៃប្រឌិត និង​អាស្រ័យ​លើ​គុណភាព​អប់រំ​នៅ​សាកលវិទ្យាល័យ រួម​ទាំង​ក្រុម​អ្នក​ស្រាវជ្រាវ​ដែល​ទទួល​បាន​ការ​បណ្តុះបណ្តាល​ច្បាស់លាស់។ យើង​ពិត​ជា​មាន​មោទនភាព ខ្លាំង​ណាស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​ផ្នែក​ស្រាវជ្រាវ​ជាមួយ​ប្រទេស​ស៊ុយអែត នា​ពេល​នេះ ដែល​បាន​បង្ហាញ​ពី​ការ​បន្ត​តក្តភាព និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​នៅ​ក្នុង​វិស័យ​អប់រំ។»

អាន​អត្ថបទ​ផ្សេង​ទៀត

សាលា​រាជធានី​ភ្នំពេញ​ជូន​ដំណឹង​ជា​ថ្មី​អំពី​ការ​ហាមឃាត់​បង្ហោះ​ដ្រូន

សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ គឺ​ជា​សាកលវិទ្យាល័យ​រដ្ឋ​មាន​វ័យ​ចំណាស់ និង​ធំ​ជាង​គេ​បង្អស់​នៅ​កម្ពុជា ចាប់ផ្តើម​បើក​ដំណើរការ​នៅ​ដើម​ឆ្នាំ​១៩៦០។ សាកលវិទ្យាល័យ​នេះ​មាន​មហាវិទ្យាល័យ​ចំនួន ០៥ រួម​មាន​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​សង្គម និង​មនុស្ស​សាស្ត្រ មហាវិទ្យាល័យ​សិក្សា​អភិវឌ្ឍន៍ មហាវិទ្យាល័យ​អប់រំ និង​មហាវិទ្យាល័យ​វិស្វកម្ម វិទ្យាស្ថាន​ភាសា​បរទេស និង​សាលា​ក្រោយ​ឧត្តម​សិក្សា​ផ្នែក​វិទ្យាសាស្ត្រ។ បច្ចុប្បន្ន សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​មាន​និស្សិត​កំពុង​សិក្សា​ថ្នាក់​អាហារូបករណ៍ និង​បង់​ថ្លៃ​សិក្សា​ចំនួន​ជិត ២​ម៉ឺន​នាក់​សម្រាប់​ថ្នាក់​បរិញ្ញាប័ត្រ និង​ក្រោយ​ឧត្តម​សិក្សា។

សកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បណ្ឌិត ជេត ជាលី មាន​ប្រសាសន៍​ថា «គោល​បំណង​របស់​យើង គឺ​ធ្វើ​ឲ្យ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ក្លាយ​ជា​សាកលវិទ្យាល័យ​ជាតិ​គំរូ​មួយ​សម្រាប់​ការ​បង្រៀន ការ​ស្រាវជ្រាវ និង​សេវាកម្ម​សហគមន៍។ យើង​ពិត​ជា​រីករាយ​ចំពោះ​ការ​គាំទ្រ​របស់​ប្រទេស​ស៊ុយអែត ក្នុង​ការ​កែលំអ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន និង​គមនាគមន៍ និង​ការ​កសាង​សមត្ថភាព​ផ្នែក​ស្រាវជ្រាវ​នៅ​ក្នុង​វិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា។»

ចាប់​តាំង​ពី​ឆ្នាំ​១៩៧០ មក ប្រទេស​ស៊ុយអែត បាន​គាំទ្រ​ដល់​កម្មវិធី​ជាច្រើន ដើម្បី​កសាង​សមត្ថភាព​ផ្នែក​ស្រាវជ្រាវ​នៅ​តាម​បណ្តា​ប្រទេស​មាន​ចំណូល​ទាប។ ប្រទេស​ស៊ុយអែត ស្ថិត​នៅ​ក្នុង​ចំណោម​ម្ចាស់​ជំនួយ​ធំៗ និង​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​អប់រំ​នៅ​កម្ពុជា។ ជាមួយ​នឹង​កិច្ចព្រមព្រៀង​ថ្មី​នេះ ប្រទេស​ស៊ុយអែត ក៏​នឹង​ក្លាយ​ជា​ម្ចាស់​ជំនួយ​ដ៏​ធំ​បំផុត​មួយ​ដែល​គាំទ្រ​ការ​កសាង​សមត្ថភាព​ផ្នែក​ស្រាវជ្រាវ​នៅ​កម្ពុជា។

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​អ្នក​ឲ្យ​បាន​ដឹង​ផង។ សូម​អរគុណ..!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។