Twitter ស្នើ​ឲ្យ​អ្នក​ប្រើប្រាស់​ប្ដូរ​លេខ​កូដ​សម្ងាត់

សេចក្ដី​ប្រកាស​នេះ បន្ទាប់​ពី​ក្រុមហ៊ុន Twitter រក​ឃើញ​ថា មាន​កំហុស​ឆ្គង​ក្នុង​ការ​រក្សា​លេខ​កូដ​សម្ងាត់​របស់​អ្នក​ប្រើប្រាស់​ដែល​គេ​អាច​អាន​លេខ​កូដ​សម្ងាត់​បាន (readable text password) នៅ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​ដោយ​មិន​ដឹង​មូលហេតុ។

4104
និមិត្តសញ្ញា​កម្មវិធី Twitter នៃ​ក្រុមហ៊ុន Twitter។
និមិត្តសញ្ញា​កម្មវិធី Twitter នៃ​ក្រុមហ៊ុន Twitter។

ក្រុមហ៊ុន Twitter ប្រកាស​ឲ្យ​អ្នក​ប្រើប្រាស់​សេវាកម្ម​របស់​ខ្លួន​ទាំងអស់ ប្រញាប់​ផ្លាស់ប្ដូរ​លេខ​កូដ​សម្ងាត់ (password) គណនី Twitter របស់​ពួក​គេ។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

សេចក្ដី​ប្រកាស​នេះ បន្ទាប់​ពី​ក្រុមហ៊ុន Twitter រក​ឃើញ​ថា មាន​កំហុស​ឆ្គង​ក្នុង​ការ​រក្សា​លេខ​កូដ​សម្ងាត់​របស់​អ្នក​ប្រើប្រាស់​ដែល​គេ​អាច​អាន​លេខ​កូដ​សម្ងាត់​បាន (readable text password) នៅ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​ដោយ​មិន​ដឹង​មូលហេតុ។

បើ​តាម​សេចក្ដី​ប្រកាស​របស់ Twitter Support នៃ​ក្រុមហ៊ុន​បណ្ដាញ​សង្គម​មួយ​នេះ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៣ ខែ​ឧសភា ឆ្នាំ​២០១៨ បាន​ឲ្យ​ដឹង​ទៀត​ថា ភ្លាមៗ​បន្ទាប់​ពី​រក​ឃើញ​កំហុស​ឆ្គង​នៃ​ការ​រក្សា​ទុក​លេខ​កូដ​សម្ងាត់​របស់​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​របស់​ខ្លួន ក្រុមហ៊ុន​បាន​ជួសជុល​បញ្ហា​នេះ​រួចរាល់​ហើយ។ ម្យ៉ាង​ទៀត ការ​ស៊ើប​អង្កេត​របស់​ក្រុមហ៊ុន មិន​បាន​រក​ឃើញ​ថា​មាន​ការ​បែកធ្លាយ ឬ​ក៏​មាន​ការ​វាយ​ប្រហារ​ដោយ​នរណា​ម្នាក់​នោះ​ទេ។

បច្ចុប្បន្ន អ្នក​ប្រើប្រាស់​សេវាកម្ម Twitter សរុប​ទាំងអស់​ចំនួន​ប្រមាណ ៣៣០​លាន​គណនី។ ក្រុមហ៊ុន Twitter ក៏​បាន​ណែនាំ​ឲ្យ​អ្នក​ប្រើប្រាស់​ទាំងនេះ ផ្លាស់ប្ដូរ​លេខ​កូដ​សម្ងាត់​របស់​ខ្លួន ដើម្បី​ជៀសវាង​ហានិភ័យ​ណា​មួយ​កើត​ឡើង។

យោង​តាម Twitter CTO លោក Parag Agrawal បាន​បង្ហាញ​ថា Twitter ប្រើប្រាស់​បច្ចេកទេស​ដែល​ពេញ​និយម​មួយ គឺ​មាន​ឈ្មោះ​ថា bcrypt ដែល​ប្ដូរ​លេខ​កូដ​ពិត​ប្រាកដ​របស់​អ្នក​ប្រើប្រាស់​ទៅ​ជា​សំណុំ​លេខ និង​អក្សរ​ចៃដន្យ (random) មុន​នឹង​រក្សា​ទុក​នៅ​ក្នុង​ក្រុមហ៊ុន។ ការ​ធ្វើ​របៀប​នេះ ដើម្បី​ការពារ​លេខ​កូដ​សម្ងាត់​របស់​អ្នក​ប្រើប្រាស់​មិន​ឲ្យ​នរណា​ម្នាក់​អាច​មើល​ឃើញ សូម្បី​តែ​បុគ្គលិក​របស់​ក្រុមហ៊ុន Twitter

ទោះ​យ៉ាង​ណា​ក៏ដោយ លោក Parag Agrawal បាន​បន្ថែម​ទៀត​ថា «យើង (Twitter) បាន​រក​ឃើញ​កំហុស​នេះ​ដោយ​ខ្លួន​ឯង ហើយ​យើង​នឹង​អនុវត្ត​គម្រោង​ការពារ​បញ្ហា​នេះ​មិន​ឲ្យ​កើត​ឡើង​ម្ដង​ទៀត​នោះ​ទេ»។ លោក​បន្ថែម​ទៀត​ថា «យើង​ពិត​ជា​សុំទោស​ចំពោះ​បញ្ហា​ដែល​កើត​ឡើង។ យើង​ទទួល​ស្គាល់​ពី​កំហុស និង​ពេញ​ចិត្ត​ចំពោះ​ការ​ជឿ​ទុក​ចិត្ត​មក​លើ​យើង ហើយ​យើង​ប្ដេជ្ញា​ធ្វើ​ឲ្យ​មាន​ការ​ជឿជាក់​នេះ​កាន់​តែ​កើន​ឡើង​ជា​រៀងរាល់​ថ្ងៃ»

របៀប​ប្ដូរ​លេខ​កូដ​សម្ងាត់​គណនី Twitter (How to Reset Twitter Password)

ដើម្បី​ផ្លាស់ប្ដូរ​លេខ​កូដ​សម្ងាត់​របស់​លោក​អ្នក​នៅ​លើ Website Twitter សូម​អនុវត្ត​ដូច​ខាង​ក្រោម៖

  • ចុច​លើ​រូប Profile Picture នៅ​ខាង​លើ​ផ្នែក​ខាង​ស្ដាំ​ដៃ
  • ចុច​លើ​ពាក្យ Settings and Privacy
  • ចុច​លើ​ពាក្យ Password នៅ​ផ្នែក​ខាង​ឆ្វេង​ដៃ រួច​បញ្ចូល​លេខ​កូដ​សម្ងាត់​ចាស់ និង​លេខ​សម្ងាត់​ថ្មី​ដែល​ខ្លាំង (strong password) បន្ទាប់​មក​ចុច Save changes ជា​ការ​ស្រេច។

ដើម្បី​ផ្លាស់​ប្ដូរ​លេខ​កូដ​សម្ងាត់​នៅ​លើ iOS និង Android App សូម​អនុវត្ត​តាម​ខាង​ក្រោម៖

  • ចុច​លើ​រូប Profile Picture នៅ​ខាង​លើ​ផ្នែក​ខាង​ឆ្វេង​ដៃ
  • ចុច​លើ​ពាក្យ Settings and Privacy
  • ចុច​លើ​ពាក្យ Account
  • ចុច​លើ​ពាក្យ Change Password (“Password” នៅ​លើ Android) រួច​បញ្ចូល​លេខ​កូដ​សម្ងាត់​ថ្មី​ដែល​ខ្លាំង បន្ទាប់​មក​ចុច​ប៊ូតុង CHANGE PASSWORD ជា​ការ​ស្រេច។

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ឲ្យ​បាន​ដឹង​អំពី​ព័ត៌មាន​នេះ​ផង។ សូម​អរគុណ!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។