វៀតណាម-Amazon សហការ​លក់​ទំនិញ​តាម​អនឡាញ​ទៅ​ក្រៅ​ប្រទេស

កិច្ច​សហប្រតិបត្តិការ​នេះ នឹង​ឈាន​ដល់​មាន​កម្មវិធី​បណ្ដុះបណ្ដាល​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​របស់​វៀតណាម អំពី​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​អេឡិចត្រូនិក ការ​នាំ​ចេញ​ផលិតផល និង​សិក្សា​អំពី​ជំនាញ​លក់​លក្ខណៈ​អន្តរជាតិ​នៅ​លើ Amazon ផង​ដែរ។

3444
ទីភ្នាក់ងារ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នៃ​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម និង​ក្រុមហ៊ុន Amazon របស់​សហរដ្ឋ​អាមេរិក ប្រកាស​អំពី​កិច្ច​សហប្រតិបត្តិការ​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១៤ ខែ​មករា ឆ្នាំ​២០១៩។ Photo/Vietnam+
ទីភ្នាក់ងារ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នៃ​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម និង​ក្រុមហ៊ុន Amazon របស់​សហរដ្ឋ​អាមេរិក ប្រកាស​អំពី​កិច្ច​សហប្រតិបត្តិការ​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១៤ ខែ​មករា ឆ្នាំ​២០១៩។ Photo/Vietnam+

វៀតណាម ប្រកាស​សហការ​ជាមួយ​ក្រុមហ៊ុន Amazon ដែល​ជា​ក្រុមហ៊ុន​លក់​អនឡាញ​ដ៏​ល្បី​របស់​សហរដ្ឋ​អាមេរិក ដើម្បី​ជួយ​គាំទ្រ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម (SMEs) របស់​វៀតណាម បញ្ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ពាណិជ្ជកម្ម​អេឡិចត្រូនិក (e-commerce) របស់​ក្រុមហ៊ុន​អាមេរិក​មួយ​នេះ។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

សារព័ត៌មាន​វៀតណាម​ញូវ (Vietnam News) ចុះ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ ទី​១៥ ខែ​មករា ឆ្នាំ​២០១៩ ឲ្យ​ដឹង​ថា ទីភ្នាក់ងារ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នៃ​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម និង​ក្រុមហ៊ុន Amazon របស់​សហរដ្ឋ​អាមេរិក បាន​ប្រកាស​ចាប់​ដៃគូ​សហប្រតិបត្តិការ​គ្នា​ក្នុង​ការ​លក់​ផលិតផល​របស់​វៀតណាម នៅ​លើ​វេបសាយ​ដ៏​ធំ​របស់​ក្រុមហ៊ុន Amazon ដើម្បី​ជំរុញ​ការ​នាំ​ចេញ។ ពិធី​ប្រកាស​នេះ​ធ្វើ​ឡើង​នា​ទីក្រុង​ហាណូយ (Hanoi) ប្រទេស​វៀតណាម កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១៤ ខែ​មករា ឆ្នាំ​២០១៩ ដែល​រៀបចំ​ឡើង​ដោយ​ទីភ្នាក់ងារ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​វៀតណាម និង​ក្រុមហ៊ុន Amazon Global Selling Group

នាយក​ទីភ្នាក់ងារ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​វៀតណាម លោក Vũ Bá Phú ថ្លែង​នៅ​ក្នុង​ពិធី​ប្រកាស​នោះ​ថា ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​តាម​រយៈ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​របស់ Amazon គឺ​កាន់​តែ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​លក់​ផលិតផល​ថែម​ទៀត ក្រៅ​ពី​ជួយ​គាំទ្រ​ដល់​សហគ្រិន​វៀតណាម ក្នុង​ការ​នាំ​ចេញ​ផលិតផល​តាម​រយៈ​ការ​តាំង​ពិព័រណ៍​អន្តរជាតិ ឬ​តាម​រយៈ​ការ​អញ្ជើញ​គណៈប្រតិភូ​ចូលរួម​កម្មវិធី​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាដើម។

អាន​អត្ថបទ​ផ្សេង​ទៀត៖

លោក Vũ Bá Phú បន្ត​ថា កិច្ច​សហប្រតិបត្តិការ​រវាង​ទីភ្នាក់ងារ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​វៀតណាម និង Amazon Global Selling Group នឹង​អាច​ជួយ​ឲ្យ​ផលិតផល​របស់​សហគ្រាស​វៀតណាម ជាពិសេស​សហគ្រាស​ធុន​តូច និង​មធ្យម (SMEs) ឈាន​ចូល​ទីផ្សារ​ពិភពលោក​បាន​តាម​រយៈ​ក្រុមហ៊ុន Amazon

កិច្ច​សហប្រតិបត្តិការ​នេះ នឹង​ឈាន​ដល់​មាន​កម្មវិធី​បណ្ដុះបណ្ដាល​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​របស់​វៀតណាម អំពី​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​អេឡិចត្រូនិក ការ​នាំ​ចេញ​ផលិតផល និង​សិក្សា​អំពី​ជំនាញ​លក់​លក្ខណៈ​អន្តរជាតិ​នៅ​លើ Amazon ផង​ដែរ។

នាយក​ទីភ្នាក់ងារ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​វៀតណាម​ដដែល​ឲ្យ​ដឹង​ទៀត​ថា «យើង (ទីភ្នាក់ងារ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​វៀតណាម) នឹង​ផ្ដល់​នូវ​ព័ត៌មាន​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ដែល​អតិថិជន​យក​ចិត្ត​ទុក​ដាក់​នៅ​លើ​ទីផ្សារ Amazon ក៏ដូចជា​ជួយ​គាំទ្រ​ដល់​សហគ្រិន​ក្នុង​ការ​រចនា​កញ្ចប់​ផលិតផល​ឡើង​វិញ ឲ្យ​ត្រូវ​នឹង​ទីផ្សារ​ផ្សេងៗ​គ្នា»

លោក Vũ Bá Phú បញ្ជាក់​ថា សហគ្រិន​ត្រូវ​តែ​មាន​ចំណេះដឹង និង​មហិច្ឆតា​ក្នុង​ការ​ចូលរួម​ទីផ្សារ​អន្តរជាតិ ហើយ​ចំណេះដឹង​ផ្នែក​ភាសា​បរទេស និង​វិធី​ធ្វើ​ជំនួញ​អន្តរជាតិ គឺ​ជា​រឿង​សំខាន់។ លោក​បន្ត​ថា គុណភាព​ទំនិញ​ត្រូវ​តែ​ទៅ​តាម​ស្តង់ដារ​ទីផ្សារ​អន្តរជាតិ។

ចំណែក​ឯ​នាយក​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​នៃ​ក្រុមហ៊ុន Amazon លោក Bernard Tay ថ្លែង​ថា ការ​នាំ​ទំនិញ​ចេញ​តាម​រយៈ​ទីផ្សារ​អេឡិចត្រូនិក​របស់​ខ្លួន គឺ​ជា​ឱកាស​មួយ​ជា​សកល និង​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ផ្សេង​ទៀត។ តាម​រយៈ​ក្រុមហ៊ុន Amazon សហគ្រិន​វៀតណាម នឹង​អាច​អភិវឌ្ឍ​ពាណិជ្ជកម្ម​អនឡាញ​របស់​ខ្លួន​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង។

អនុរដ្ឋមន្ត្រី​នៃ​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម ដែល​បាន​ចូលរួម​ក្នុង​ពិធី​ប្រកាស​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​នោះ​ដែរ គឺ​លោក Đỗ Thắng Hải បាន​កោតសរសើរ​ចំពោះ​គំនិត​ផ្ដួចផ្ដើម​របស់​ទីភ្នាក់ងារ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ក្នុង​ដំណើរការ​ចរចា និង​សហប្រតិបត្តិការ​ជា​ដៃគូ​ជាមួយ​នឹង​ក្រុមហ៊ុន Amazon Global Selling Group ដើម្បី​ជួយ​គាំទ្រ​ដល់​អាជីវកម្ម​នាំ​ចេញ ការ​អភិវឌ្ឍ​យីហោ​តាម​រយៈ​ពាណិជ្ជកម្ម​អេឡិចត្រូនិក ដែល​នាំ​មក​នូវ​ការ​ច្នៃប្រឌិត​ក្នុង​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម។

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​អ្នក​ឲ្យ​បាន​ដឹង​ផង។ សូម​អរគុណ..!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។