វៀតណាម ប្រកាសសហការជាមួយក្រុមហ៊ុន Amazon ដែលជាក្រុមហ៊ុនលក់អនឡាញដ៏ល្បីរបស់សហរដ្ឋអាមេរិក ដើម្បីជួយគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម (SMEs) របស់វៀតណាម បញ្ចូលទៅក្នុងប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិក (e-commerce) របស់ក្រុមហ៊ុនអាមេរិកមួយនេះ។
សារព័ត៌មានវៀតណាមញូវ (Vietnam News) ចុះផ្សាយនៅថ្ងៃអង្គារ ទី១៥ ខែមករា ឆ្នាំ២០១៩ ឲ្យដឹងថា ទីភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្មនៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម និងក្រុមហ៊ុន Amazon របស់សហរដ្ឋអាមេរិក បានប្រកាសចាប់ដៃគូសហប្រតិបត្តិការគ្នាក្នុងការលក់ផលិតផលរបស់វៀតណាម នៅលើវេបសាយដ៏ធំរបស់ក្រុមហ៊ុន Amazon ដើម្បីជំរុញការនាំចេញ។ ពិធីប្រកាសនេះធ្វើឡើងនាទីក្រុងហាណូយ (Hanoi) ប្រទេសវៀតណាម កាលពីថ្ងៃច័ន្ទ ទី១៤ ខែមករា ឆ្នាំ២០១៩ ដែលរៀបចំឡើងដោយទីភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្មវៀតណាម និងក្រុមហ៊ុន Amazon Global Selling Group។
នាយកទីភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្មវៀតណាម លោក Vũ Bá Phú ថ្លែងនៅក្នុងពិធីប្រកាសនោះថា ការផ្សព្វផ្សាយពាណិជ្ជកម្មតាមរយៈពាណិជ្ជកម្មអេឡិចត្រូនិករបស់ Amazon គឺកាន់តែមានប្រសិទ្ធភាពក្នុងការលក់ផលិតផលថែមទៀត ក្រៅពីជួយគាំទ្រដល់សហគ្រិនវៀតណាម ក្នុងការនាំចេញផលិតផលតាមរយៈការតាំងពិព័រណ៍អន្តរជាតិ ឬតាមរយៈការអញ្ជើញគណៈប្រតិភូចូលរួមកម្មវិធីទំនាក់ទំនងពាណិជ្ជកម្មជាដើម។
អានអត្ថបទផ្សេងទៀត៖
- អ្នកលក់ផលិតផលអនឡាញអាចនឹងត្រូវបង់ពន្ធនៅពេលខាងមុខ
- ក្រុមហ៊ុនចិនចំនួន៣ រួមគ្នាបង្កើតអាជីវកម្មអនឡាញនៅក្រុងបាវិត
លោក Vũ Bá Phú បន្តថា កិច្ចសហប្រតិបត្តិការរវាងទីភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្មវៀតណាម និង Amazon Global Selling Group នឹងអាចជួយឲ្យផលិតផលរបស់សហគ្រាសវៀតណាម ជាពិសេសសហគ្រាសធុនតូច និងមធ្យម (SMEs) ឈានចូលទីផ្សារពិភពលោកបានតាមរយៈក្រុមហ៊ុន Amazon។
កិច្ចសហប្រតិបត្តិការនេះ នឹងឈានដល់មានកម្មវិធីបណ្ដុះបណ្ដាលដល់សហគ្រាសធុនតូច និងមធ្យមរបស់វៀតណាម អំពីការផ្សព្វផ្សាយពាណិជ្ជកម្មអេឡិចត្រូនិក ការនាំចេញផលិតផល និងសិក្សាអំពីជំនាញលក់លក្ខណៈអន្តរជាតិនៅលើ Amazon ផងដែរ។
នាយកទីភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្មវៀតណាមដដែលឲ្យដឹងទៀតថា «យើង (ទីភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្មវៀតណាម) នឹងផ្ដល់នូវព័ត៌មានដ៏មានប្រសិទ្ធភាពបំផុតដែលអតិថិជនយកចិត្តទុកដាក់នៅលើទីផ្សារ Amazon ក៏ដូចជាជួយគាំទ្រដល់សហគ្រិនក្នុងការរចនាកញ្ចប់ផលិតផលឡើងវិញ ឲ្យត្រូវនឹងទីផ្សារផ្សេងៗគ្នា»។
លោក Vũ Bá Phú បញ្ជាក់ថា សហគ្រិនត្រូវតែមានចំណេះដឹង និងមហិច្ឆតាក្នុងការចូលរួមទីផ្សារអន្តរជាតិ ហើយចំណេះដឹងផ្នែកភាសាបរទេស និងវិធីធ្វើជំនួញអន្តរជាតិ គឺជារឿងសំខាន់។ លោកបន្តថា គុណភាពទំនិញត្រូវតែទៅតាមស្តង់ដារទីផ្សារអន្តរជាតិ។
ចំណែកឯនាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃក្រុមហ៊ុន Amazon លោក Bernard Tay ថ្លែងថា ការនាំទំនិញចេញតាមរយៈទីផ្សារអេឡិចត្រូនិករបស់ខ្លួន គឺជាឱកាសមួយជាសកល និងពីប្រទេសមួយទៅប្រទេសមួយផ្សេងទៀត។ តាមរយៈក្រុមហ៊ុន Amazon សហគ្រិនវៀតណាម នឹងអាចអភិវឌ្ឍពាណិជ្ជកម្មអនឡាញរបស់ខ្លួនឲ្យកាន់តែប្រសើរឡើង។
អនុរដ្ឋមន្ត្រីនៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ដែលបានចូលរួមក្នុងពិធីប្រកាសកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនោះដែរ គឺលោក Đỗ Thắng Hải បានកោតសរសើរចំពោះគំនិតផ្ដួចផ្ដើមរបស់ទីភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្ម ក្នុងដំណើរការចរចា និងសហប្រតិបត្តិការជាដៃគូជាមួយនឹងក្រុមហ៊ុន Amazon Global Selling Group ដើម្បីជួយគាំទ្រដល់អាជីវកម្មនាំចេញ ការអភិវឌ្ឍយីហោតាមរយៈពាណិជ្ជកម្មអេឡិចត្រូនិក ដែលនាំមកនូវការច្នៃប្រឌិតក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម។
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់អ្នកឲ្យបានដឹងផង។ សូមអរគុណ..!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕