តើ​វេបសាយ គេហទំព័រ និង​ទំព័រវេប ខុស​គ្នា​ដូចម្ដេច?

4736
ភាព​ខុស​គ្នា​រវាង​វេបសាយ (Website/Web Site) គេហទំព័រ (Homepage/Home Page) និង​ពាក្យ​ទំព័រវេប (Webpage/Web Page)។
ភាព​ខុស​គ្នា​រវាង​វេបសាយ (Website/Web Site) គេហទំព័រ (Homepage/Home Page) និង​ពាក្យ​ទំព័រវេប (Webpage/Web Page)។

អ្នក​រាល់​គ្នា​ប្រាកដ​ជា​ធ្លាប់​ឮ ឬ​ធ្លាប់​និយាយ​ពី​ពាក្យ​វេបសាយ (Website/Web Site) គេហទំព័រ (Homepage/Home Page) និង​ពាក្យ​ទំព័រវេប (Webpage/Web Page) នៅពេល​ដែល​អ្នក​ចង់​ស្វែងរក និង​ចង់​ដឹង​អំពី​ព័ត៌មាន​អ្វី​មួយ​នៅ​លើ​អ៊ីនធឺណិត (Internet)។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

ការប្រើប្រាស់​ពាក្យ​ទាំង​បី​ខាង​លើ​នេះ គឺ​នៅ​មាន​ភាព​ច្របូកច្របល់​គ្នា​នៅឡើយ ដោយ​អ្នក​ខ្លះ​យល់ថា​ពាក្យ​ទាំង​បី​នេះ​អាច​ប្រើ​បាន​ដូចគ្នា ហើយ​អ្នក​ខ្លះ​ទៀត​គិត​ថា​ពាក្យ​គេហទំព័រ​ជា​ពាក្យ​ត្រឹមត្រូវ រីឯ​អ្នក​ខ្លះ​ក៏​ប្រើ​តែ​ពាក្យ​វេបផេក ជាដើម។

ជា​ការពិត ពាក្យ​ទាំង​បី​នេះ​គឺ​មាន​លក្ខណៈ​ស្រដៀង​គ្នា ប៉ុន្តែ​ពួក​វា​មាន​ន័យ​ផ្សេងៗ​គ្នា។ យោង​តាម​សទ្ទានុក្រម​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ចេញ​ផ្សាយ​ដោយ​ក្រុម​ប្រឹក្សា​ជាតិ​ភាសាខ្មែរ (ក.ជ.ភ.ខ) កាលពី​ឆ្នាំ​២០១៤ បាន​ឱ្យ​និយមន័យ​នៃ​ពាក្យ​ទាំង​បី​ដូច​ខាងក្រោម៖

  • គេហទំព័រ (Homepage/Home page) សំដៅ​ដល់​ទំព័រ​ដំបូង​ដែល​គេ​ឃើញ​នៅពេល​បើក​មើល​អាសយដ្ឋាន​ទំព័រវេប។
  • ទំព័រវេប (Webpage/Web page) សំដៅ​លើ​ប្រភព ឬ​ទំព័រ​ព័ត៌មាន (ដូចជា​អក្សរ រូបភាព សំឡេង វីដេអូ) នៅ​លើ​កុំព្យូទ័រ បណ្ដាញ​កុំព្យូទ័រ ឬ​អ៊ីនធឺណិត​ស្ដីពី​ប្រធានបទ​ពិសេស​ណា​មួយ និង​អាច​មើល ឬ​ទិញ​ទំនិញ​ផ្សេងៗ​តាមរយៈ​វេប។
  • វេបសាយ ឬ​អាសយដ្ឋាន​វេប (Website/Web site) ការ​ប្រមូល​ផ្ដុំ ទីតាំង​ប្រមូល​ផ្ដុំ ឬ​កន្លែង​ប្រមូល​ផ្ដុំ​ទំព័រវេប​នៅ​លើ​បណ្ដាញ​កុំព្យូទ័រ ឬ​អ៊ីនធឺណិត ដែល​រក្សា​ទុក​ដោយ​អង្គការ ស្ថាប័ន​រដ្ឋ ឯកជន ឬ​បុគ្គល​ម្នាក់ៗ។
    បញ្ជាក់៖ «ទីតាំង ឬ​កន្លែង» នៅ​ទីនេះ​គឺជា​កុំព្យូទ័រ។ ឧទាហរណ៍ https://www.techkhmer.net គឺជា​វេបសាយ​របស់​ធិចខ្មែរ។

សរុប​សេចក្ដី​មក ពាក្យ “វេបសាយ” គឺជា​កន្លែង​ប្រមូល​ផ្ដុំ​ទំព័រ​ទាំងអស់​ដែល​មាន​ផ្ទុក​ដោយ​ស្ថាប័ន​មួយ ឧទាហរណ៍​វេបសាយ​ធិចខ្មែរ​មាន​ទំព័រវេប​ជាច្រើន។ ចំណែក​ពាក្យ “ទំព័រវេប” គឺជា​ទំព័រ​នីមួយៗ​ដែល​មាន​នៅ​លើ​វេបសាយ ឧទាហរណ៍​ទំព័រ​ទំនាក់ទំនង (Contact Page) https://www.techkhmer.net/contact-us ។ ផ្ទុយទៅវិញ ពាក្យ “គេហទំព័រ” គឺ​សំដៅ​តែ​ទំព័រ​ដំបូង​ប៉ុណ្ណោះ​ដែល​ជាទូទៅ​បង្ហាញ​ព័ត៌មាន​ចម្រុះ​ទាញ​ចេញ​ពី​ផ្នែក​នីមួយៗ​នៅ​លើ​វេបសាយ ឧទាហរណ៍​គេហទំព័រ https://www.techkhmer.net មិនមែន​ទំព័រ https://www.techkhmer.net/about-us នោះ​ទេ។

ក្រុម​ការងារ​ធិចខ្មែរ​សង្ឃឹម​ថា​អត្ថបទ​នេះ​នឹង​ជួយ​អ្នក​ក្នុង​ការ​ប្រើប្រាស់​ពាក្យ​ទាំងនេះ​ឱ្យ​បាន​ត្រឹមត្រូវ និង​ស្របតាម​និយមន័យ។ ប្រសិនបើ​អ្នក​មាន​មតិយោបល់​លើ​ការ​ប្រើប្រាស់​ពាក្យ​ទាំង​បី​នេះ អ្នក​អាច​ទុក​មតិ​របស់​អ្នក​នៅ​ក្នុង​ប្រអប់​ខាងក្រោម ឬ​ក៏​អាច​ផ្ញើ​សារ​ទៅ​កាន់​អ៊ីមែល​ដែល​បង្ហាញ​នៅ​ខាងក្រោម​អត្ថបទ​នេះ៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។