Site icon Tech Khmer

ដឹង BarCamp ថ្ងៃ​ទី​២៥-២៦​ឧសភា ប្រារព្ធ​នៅ​ខេត្ត​ណា​ឬ​នៅ?

វាគ្មិន​ចូលរួម​ព្រឹត្តិការណ៍​បារខែម​បន្ទាយមានជ័យ (BarCamp Banteaymeanchey)។

វាគ្មិន​ចូលរួម​ព្រឹត្តិការណ៍​បារខែម​បន្ទាយមានជ័យ (BarCamp Banteaymeanchey)។

ព្រឹត្តិការណ៍​បារខែម (BarCamp) ឬ​ហៅ​ថា​សន្និបាត​បច្ចេកវិទ្យា ការ​ចាប់ផ្ដើម​អាជីវកម្ម និង​ពិព័រណ៍​ការងារ នឹង​ប្រារព្ធ​នៅ​ខេត្ត​បន្ទាយមានជ័យ ក្នុង​បរិវេណ​សកលវិទ្យាល័យ​មានជ័យ។

ព្រឹត្តិការណ៍​បារខែម​បន្ទាយមានជ័យ​នេះ​មាន​រយៈពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៨ ចាប់​ពី​ម៉ោង ១​រសៀល​ដល់​ម៉ោង ៥​ល្ងាច ចំណែក​ឯ​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៨ ចាប់​ពី​ម៉ោង ៨​ព្រឹក​ដល់​ម៉ោង ៥​ល្ងាច។

លោក​អ្នក​ដែល​មាន​ចំណាប់​អារម្មណ៍ ជាពិសេស​អ្នក​នៅ​ខេត្ត​បន្ទាយមានជ័យ អាច​ចូលរួម​កម្មវិធី​បារខែម​នេះ​ដោយ​សេរី និង​មិន​គិត​ថ្លៃ​ឡើយ។ ជាង​នេះ​ទៀត លោក​អ្នក​អាច​នឹង​ទទួល​បាន​អាវ​យឺត​ដ៏​ស្រស់​ស្អាត​ផង​ដែរ ប្រសិន​បើ​លោក​អ្នក​បាន​ចុះ​ឈ្មោះ​ចូលរួម​តាម​រយៈ​តំណ​ភ្ជាប់​នេះ និង​បាន​ទៅ​ដល់​កន្លែង​ប្រារព្ធ​កម្មវិធី​មុន​គេ ពីព្រោះ​អាវយឺត​មាន​កំណត់។ ដូច្នេះ​អ្នក​ទៅ​មុន នឹង​ទទួល​បាន​អាវយឺត​មុន។

តើ​ព្រឹត្តិការណ៍​បារខែម​ជា​អ្វី?

ព្រឹត្តិការណ៍​បារខែម ឬ​ហៅ​ថា​សន្និបាត​បច្ចេកវិទ្យា ការ​ចាប់ផ្ដើម​អាជីវកម្ម និង​ពិព័រណ៍​ការងារ គឺ​ជា​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ។ ព្រឹត្តិការណ៍​នេះ​មាន​គោល​បំណង​ផ្ដល់​ឱកាស​ឲ្យ​អ្នក​ចូលរួម​ទាំងអស់​ចែក​រំលែក​ចំណេះដឹង បទពិសោធន៍ និង​កសាង​ទំនាក់ទំនង​រវាង​អ្នក​ចូលរួម និង​អ្នក​ធ្វើ​បទ​បង្ហាញ​ទាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​នៅ​ក្នុង​តំបន់​ទាំងមូល។ ម្យ៉ាង​វិញ​ទៀត ព្រឹត្តិការណ៍​នេះ​ក៏​ជា​ព្រឹត្តិការណ៍​ជួបជុំ​រវាង​សហគ្រិន​វ័យ​ក្មេង អ្នក​ជំនាញ​ខាង​បច្ចេកវិទ្យា សាស្ត្រាចារ្យ និង​សិស្ស​និស្សិត ដើម្បី​ចែក​រំលែក​ចំណេះដឹង​បច្ចេកវិទ្យា សហគ្រិនភាព ទេសចរណ៍ បដិសណ្ឋារកិច្ច ការ​ចាប់ផ្ដើម​ជំនួញ អ៊ីនធឺណិត អាជីព​ការងារ រចនា និង​ច្នៃប្រឌិត​សម្រាប់​ការ​សិក្សា ការងារ ជាដើម។

លើស​ពី​នេះ​ទៀត ព្រឹត្តិការណ៍​នេះ​ក៏​អាច​ឲ្យ​ពួក​គេ​ស្វែងយល់​ពី​ការ​ជ្រើសរើស​គំនិត​អាជីវកម្ម ស្វែងយល់​ពី​ការ​បង្កើត​គំរូ​អាជីវកម្ម ស្វែងយល់​អំពី​អតិថិជន ការ​ផលិត​ផលិតផល និង​សេវាកម្ម ផ្សព្វផ្សាយ​និមិត្តសញ្ញា​អាជីវកម្ម ទីផ្សារ និង​ការ​រៀបចំ​គម្រោង​ចំណាយ​ចាប់ផ្ដើម​អាជីវកម្ម។ល។

តើ​អ្នក​ចូលរួម​បារខែម​បន្ទាយមានជ័យ (BarCamp Banteaymeanchey) នឹង​ទទួល​បាន​អត្ថប្រយោជន៍​អ្វី​ខ្លះ?

ព្រឹត្តិការណ៍​បារខែម​បន្ទាយមានជ័យ (BarCamp Banteaymeanchey)។

ព្រឹត្តិការណ៍​បារខែម​ចុង​ក្រោយ​ដែល​ប្រារព្ធ​ធ្វើ​នៅ​ឆ្នាំ​២០១៨ គឺ​នៅ​សាកលវិទ្យាល័យ​សៅស៍​អ៊ីសថ៍ អេយសៀ (University of South-East Asia) ក្នុង​ខេត្ត​សៀមរាប ដែល​មាន​ឈ្មោះ​ថា បារខែម​អង្គរ ២០១៨ (BarCamp Angkor 2018) កាល​ពី​ថ្ងៃ​ទី​២៣ និង​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១៨។

ព្រឹត្តិការណ៍​បារខែម​បន្ទាយមានជ័យ ២០១៨ មាន​ការ​គាំទ្រ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​សាកលវិទ្យាល័យ​មានជ័យ ព្រម​ទាំង​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរស័ព្ទ​ស្មាត (Smart Axiata) និង​ក្រុមហ៊ុន​ផ្ដល់​សេវា​អ៊ីនធឺណិត EZECOM ព្រម​ទាំង​រៀបចំ​ដោយ​អ្នក​ស្ម័គ្រចិត្ត​មិន​ស្វែងរក​ប្រាក់​ចំណេញ​មួយ​ក្រុម​ដែល​មាន​ទស្សនៈ​វិស័យ​រួម​គ្នា។

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ឲ្យ​ដឹង​ផង។ សូម​អរគុណ!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

Exit mobile version