Site icon Tech Khmer

BarCamp Kampongcham នឹង​ប្រារព្ធ​នៅ​ថ្ងៃ​ទី​២២-២៣ មិថុនា

បារខែម​កំពង់ចាម (BarCamp Kampongcham)

បារខែម​កំពង់ចាម (BarCamp Kampongcham)

ព្រឹត្តិការណ៍​បារខែម (BarCamp) ២០១៨ ឬ​ហៅ​ថា សិក្ខាសាលា​បច្ចេកវិទ្យា និង​ការ​ចាប់ផ្ដើម​អាជីវកម្ម នឹង​ប្រារព្ធ​ធ្វើ​នៅ​ក្នុង​បរិវេណ​សាខា​សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ខេត្ត​កំពង់ចាម ដែល​មាន​ឈ្មោះ​ថា បារខែម​កំពង់ចាម (BarCamp Kampongcham)

បារខែម​កំពង់ចាម មាន​រយៈពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០១៨ ចាប់​ផ្ដើម​ពី​ម៉ោង ១​រសៀល​ដល់​ម៉ោង ៥​ល្ងាច ចំណែក​នៅ​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០១៨ ចាប់​ផ្ដើម​ពី​ម៉ោង ៨​ព្រឹក​ដល់​ម៉ោង ៥​ល្ងាច។

ប្រិយមិត្ត​ដែល​មាន​ចំណាប់​អារម្មណ៍ ជាពិសេស​អ្នក​រស់នៅ​ក្នុង​ខេត្ត​កំពង់ចាម អាច​ចូលរួម​កម្មវិធី​បារខែម​នេះ​ដោយ​សេរី និង​មិន​គិត​ថ្លៃ​ឡើយ។ ជាង​នេះ​ទៀត លោក​អ្នក​អាច​នឹង​ទទួល​បាន​អាវយឺត​ដ៏​ស្រស់​ស្អាត​ផង​ដែរ (អាវ​មាន​កំណត់)

សូម​ចុះ​ឈ្មោះ​ចូលរួម​កម្មវិធី​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ខាង​ក្រោម​នៃ​អត្ថបទ​នេះ។

តើ​ព្រឹត្តិការណ៍​បារខែម​កំពង់ចាម (BarCamp Kampongcham) ជា​អ្វី?

ព្រឹត្តិការណ៍​បារខែម ឬ​ហៅ​ថា​សិក្ខាសាលា​បច្ចេកវិទ្យា និង​ការ​ចាប់ផ្ដើម​អាជីវកម្ម គឺ​ជា​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ។ ព្រឹត្តិការណ៍​នេះ​មាន​គោល​បំណង​ផ្ដល់​ឱកាស​ឲ្យ​អ្នក​ចូលរួម​ទាំងអស់​ចែក​រំលែក​ចំណេះដឹង បទពិសោធន៍ និង​កសាង​ទំនាក់ទំនង​រវាង​អ្នក​ចូលរួម និង​វាគ្មិន ដែល​មាន​ប្រធានបទ​ទាក់ទង​នឹង​បច្ចេកវិទ្យា​ព័ត៌មាន ការ​ចាប់ផ្ដើម​ជំនួញ សហគ្រិនភាព អាជីព​ការងារ រចនា និង​ច្នៃប្រឌិត សម្រាប់​ការ​សិក្សា ការងារ និង​ទំនាក់ទំនង ព្រម​ទាំង​ចំណេះដឹង​ផ្សេងៗ​ទៀត​ដូចជា ជ្រើសរើស​គំនិត​អាជីវកម្ម ការ​ស្វែងយល់​ពី​ការ​បង្កើត​គំរូ​អាជីវកម្ម ស្វែងយល់​អំពី​អតិថិជន ការ​ផលិត​ផលិតផល និង​សេវាកម្ម ផ្សព្វផ្សាយ​និមិត្តសញ្ញា​អាជីវកម្ម ទីផ្សារ និង​ការ​រៀបចំ​គម្រោង ចំណាយ​ចាប់ផ្ដើម​អាជីវកម្ម ជាដើម។

ក្រៅ​ពី​នេះ នៅ​មាន​ការ​តាំង​បង្ហាញ​របស់​ម្ចាស់​អាជីវកម្ម​ខ្នាត​តូច និង​ផលិតផល ឬ​សេវាកម្ម​បច្ចេកវិទ្យា​ថ្មីៗ។

អ្នក​ចូលរួម​នឹង​ទទួល​បាន​គំនិត និង​ការ​ស្វែងយល់​បន្ថែម​នៅ​ក្នុង​ការ​បើក​មុខ​ជំនួញ​អាជីវកម្ម ការ​ច្នៃប្រឌិត ការ​ប្រើប្រាស់​បច្ចេកវិទ្យា​សម្រាប់​ការងារ​ប្រចាំ​ថ្ងៃ ក៏ដូចជា​ការ​សិក្សា និង​មុខ​ជំនួញ​ផង​ដែរ។

កម្មវិធី​នេះ​បាន​ប្រមូល​ផ្ដុំ​ទៅ​ដោយ​វាគ្មិន​ដែល​មាន​បទពិសោធន៍​ក្នុង​វិស័យ​បច្ចេកវិទ្យា អាជីវកម្ម និង​រចនា​ច្នៃប្រឌិត មក​ពី​រាជធានី​ភ្នំពេញ ដែល​នឹង​ធ្វើ​ការ​ផ្លាស់ប្ដូរ​ចំណេះដឹង ជំនាញ និង​បទពិសោធន៍​ដែល​ទាក់ទង​នឹង​បច្ចេកវិទ្យា​អាជីវកម្ម ការ​ច្នៃប្រឌិត​បង្កើត​ថ្មី សហគ្រិនភាព និង​ការ​វិវឌ្ឍ​នៃ​ការងារ។

អាន​អត្ថបទ​ផ្សេង​ទៀត៖

តើ​អ្នក​ចូលរួម​កម្មវិធី​នេះ នឹង​ទទួល​បាន​អត្ថប្រយោជន៍​អ្វី​ខ្លះ?

បារខែម​កំពង់ចាម ២០១៨ មាន​ការ​គាំទ្រ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរស័ព្ទ​ស្មាត (Smart Axiata) ក្រុមហ៊ុន​ផ្ដល់​សេវា​អ៊ីនធឺណិត EZECOM ព្រម​ទាំង​រៀបចំ​ដោយ​អ្នក​ស្ម័គ្រ​ចិត្ត​មិន​ស្វែងរក​ប្រាក់​ចំណេញ​មួយ​ក្រុម​ដែល​មាន​ទស្សនវិស័យ​រួម​គ្នា។

ព្រឹត្តិការណ៍​បារខែម​ចុង​ក្រោយ​ដែល​ធ្វើ​នៅ​ឆ្នាំ​២០១៨ គឺ​នៅ​ក្នុង​បរិវេណ​សាកលវិទ្យាល័យ​មានជ័យ ក្នុង​ខេត្ត​បន្ទាយមានជ័យ ដែល​មាន​ឈ្មោះ​ថា បារខែម​បន្ទាយមានជ័យ ២០១៨ (BarCamp Banteay Meanchey 2018) កាល​ពី​ថ្ងៃ​ទី​២៥ និង​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៨។

តំណ​ភ្ជាប់​ចុះ​ឈ្មោះ៖

https://barcampkc18.eventbrite.com

ព័ត៌មាន​បន្ថែម៖

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​បាន​ដឹង​ផង។ សូម​អរគុណ!

បារខែម​កំពង់ចាម

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

Exit mobile version