Site icon Tech Khmer

សាលា​រាជធានី​ភ្នំពេញ​ជូន​ដំណឹង​ជា​ថ្មី​អំពី​ការ​ហាមឃាត់​បង្ហោះ​ដ្រូន

ហាមឃាត់បង្ហោះ​ដ្រូន (Drone)

ហាមឃាត់បង្ហោះ​ដ្រូន (Drone)

សាលា​រាជធានី​ភ្នំពេញ ចេញ​សេចក្ដី​ជូន​ដំណឹង​សាជាថ្មី​ស្ដីពី​ការ​ហាមឃាត់​ការ​បង្ហោះ​ដ្រូន (Drone) ដើម្បី​ថត​រូបភាព និង​វីដេអូ​នៅ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ជា​ពិសេស​នៅ​តំបន់​ផ្លូវ​ហោះហើរ​របស់​យន្តហោះ។

ការ​ជូន​ដំណឹង​ជា​ថ្មី​នេះ សាលា​រាជធានី​ភ្នំពេញ​អះអាង​ថា ដោយសារ​មាន​បុគ្គល​មួយ​ចំនួន​តូច​បាន​បង្ហោះ​ដ្រូន​ដើម្បី​ថត​រូបភាព និង​វីដេអូ​ជា​ល្បែង​កម្សាន្ត​នៅ​ក្នុង​តំបន់​ហាមឃាត់ និង​ពុំ​មាន​ការ​អនុញ្ញាត​ត្រឹមត្រូវ​ពី​អាជ្ញាធរ ជាពិសេស​បាន​បង្ហោះ​នៅ​ក្នុង​តំបន់​ហាមឃាត់​ជុំវិញ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​ចំ​ផ្លូវ​ហោះហើរ​របស់​យន្តហោះ ដែល​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចំពោះ​យន្តហោះ​ជាយថាហេតុ។

សេចក្ដី​ជូន​ដំណឹង​ដែល​មាន​បោះ​ត្រា​ឈ្មោះ​របស់​លោក ឃួង ស្រេង ជា​អភិបាល​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ឲ្យ​ដឹង​ទៀត​ថា កន្លង​ទៅ សាលា​រាជធានី​ភ្នំពេញ​បាន​ជូន​ដំណឹង​ស្ដីពី​ការ​ហាមឃាត់​បង្ហោះ​ដ្រូន​នេះ ចុះ​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ហើយ​ក្រុមហ៊ុន អង្គការ ស្ថាប័ន និង​ពលរដ្ឋ​មួយ​ចំនួន​ធំ​បាន​ចូលរួម​អនុវត្ត​បាន​ល្អ។

ចុច​អាន​អត្ថបទ៖

សាលា​រាជធានី​ភ្នំពេញ ពន្យល់​ក្នុង​សេចក្ដី​ជូន​ដំណឹង​ថា ការ​ហាមឃាត់​បង្ហោះ​ដ្រូន​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ជាពិសេស​តំបន់​ផ្លូវ​ហោះហើរ​របស់​យន្តហោះ គឺ​ក្នុង​គោល​បំណង​ធានា​នូវ​ការ​គោរព​សិទ្ធិ​រស់នៅ​ជា​ឯកជន​របស់​ពលរដ្ឋ និង​រក្សា​នូវ​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង​របៀប​រៀបរយ​សាធារណៈ។

សាលា​រាជធានី​ភ្នំពេញ អំពាវនាវ​ដល់​ពលរដ្ឋ​រស់នៅ​ជុំវិញ​ផ្លូវ​ហោះហើរ​របស់​យន្តហោះ ចូលរួម​អនុវត្ត​សេចក្ដី​ជូន​ដំណឹង​នេះ​ឲ្យ​បាន​ទាំងអស់​គ្នា។ សាលា​រាជធានី​ភ្នំពេញ​បញ្ជាក់​ថា បើ​សិន​បងប្អូន​ប្រជាពលរដ្ឋ​ចាំបាច់​ត្រូវ​ការ​បង្ហោះ​ដ្រូន​នោះ ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​ជា​មុន។

លើស​ពី​នេះ សាលា​រាជធានី​ភ្នំពេញ​ក៏​បញ្ជា​ឲ្យ​នគរបាល និង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ព្រម​ទាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ទាំង ១២ ត្រូវ​ចាត់​វិធានការ​ម៉ឺងម៉ាត់​ហាមឃាត់​ការ​បង្ហោះ​ដ្រូន​នៅ​ក្នុង​តំបន់​ហាមឃាត់ និង​ជាពិសេស​នៅ​តំបន់​ផ្លូវ​ហោះហើរ​របស់​យន្តហោះ។

សូម​ចុច Like និង See First ដើម្បី​ទទួល​បាន​ដំណឹង និង​គន្លឹះ​ថ្មីៗ​អំពី​បច្ចេកវិទ្យា​មុន​គេ

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​អ្នក​ឲ្យ​បាន​ដឹង​ផង។ សូម​អរគុណ..!

សេចក្ដី​ជូន​ដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ ស្ដីពី​ការ​ហាមឃាត់​បង្ហោះ​ដ្រូន (Drone)។

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

Exit mobile version