Site icon Tech Khmer

Facebook ប្ដឹង​ក្រុមហ៊ុន​ចិន​៤ ចោទ​លក់ Like ក្លែងក្លាយ

Fake Like Facebook

Fake Like Facebook

ក្រុមហ៊ុន​ហ្វេសប៊ុក (Facebook) និង Instagram ដាក់​ពាក្យ​ប្ដឹង​ក្រុមហ៊ុន​ចិន ចំនួន​៤ និង​បុគ្គល ៣​រូប​ផ្សេង​ទៀត ចោទ​ពី​បទ​បង្កើត និង​ផ្សព្វផ្សាយ​ការ​លក់​គណនី លក់ Like និង​លក់ Follower ក្លែងក្លាយ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក​នៅ​លើ​វេបសាយ​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០១៩ ឲ្យ​ដឹង​ថា ខ្លួន​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​តុលាការ​សហព័ន្ធ​សហរដ្ឋ​អាមេរិក ប្រឆាំង​នឹង​ក្រុមហ៊ុន​ចំនួន​៤ និង​បុគ្គល ៣​រូប​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន ជុំវិញ​នឹង​ការ​ផ្សព្វផ្សាយ​ពី​ការ​លក់​គណនី Like និង Follower ក្លែងក្លាយ​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន។

ក្រុមហ៊ុន​ហ្វេសប៊ុក​បញ្ជាក់​ថា ការ​ដាក់​ពាក្យ​ប្ដឹង​នេះ គឺ​ក្រុមហ៊ុន​កំពុង​តែ​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​ក្រោម​ច្បាប់​កម្មសិទ្ធិ​បញ្ញា​របស់​សហរដ្ឋ​អាមេរិក ចំពោះ​ការ​រំលោភ​បំពាន​លើ​ការ​ប្រើប្រាស់​ស្លាក​យីហោ និង​ម៉ាក​របស់​ខ្លួន​ដោយ​ខុស​ច្បាប់។

អនុប្រធាន និង​ជា​អគ្គនាយក​រង​ផ្នែក​ច្បាប់​នៃ​ហ្វេសប៊ុក លោក Paul Grewal ថ្លែង​ក្នុង​សេចក្ដី​ប្រកាស​ថា ក្រុមហ៊ុន​ចិន ៤ និង​បុគ្គល ៣​រូប​ខាង​លើ បាន​ធ្វើ​សកម្មភាព​ក្លែង​បន្លំ​នេះ​ទាំង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក និង Instagram ព្រម​ទាំង​ធ្វើ​ដូច្នេះ​នៅ​លើ​បណ្ដាញ​អនឡាញ​ផ្សេង​ទៀត​ដែរ​ដូចជា Amazon, Apple, Google, LinkedIn, និង Twitter ផង​ដែរ។

លោក​បន្ត​ថា «តាម​រយៈ​ពាក្យ​បណ្ដឹង​នេះ យើង​សង្ឃឹម​ថា​នឹង​មាន​ការ​ពង្រឹង​លើ​សកម្មភាព​ក្លែង​បន្លំ​បែប​នេះ​ដែល​មិន​ត្រូវ​អត់ឱន​ឲ្យ​បាន​ឡើយ ហើយ​យើង​នឹង​ចាត់​វិធានការ​ដោយ​មាន​ប្រសិទ្ធភាព ដើម្បី​ការពារ​នូវ​ភាព​ត្រឹមត្រូវ​របស់​វេទិកា (platform) របស់​យើង។»

ក្នុង​ពាក្យ​បណ្ដឹង​នោះ​មាន​បី​ចំណុច​សំខាន់ៗ​គឺ៖

បណ្ដឹង​នៅ​ពេល​នេះ គឺ​ជំហាន​មួយ​ទៀត​ដែល​ក្រុមហ៊ុន​ហ្វេសប៊ុក​បញ្ជាក់​ថា​ជា​ការ​ខិតខំ​ប្រឹងប្រែង​ដើម្បី​ការពារ​អ្នក​ប្រើប្រាស់ Facebook និង Instagram ហើយ​ក៏​ជា​មូលហេតុ​ដែល​ក្រុមហ៊ុន​ចំណាយ​ធនធាន​ជាច្រើន​ដើម្បី​ស្វែងរក និង​បញ្ឈប់​សកម្មភាព​ខាង​លើ ដោយ​បាន​បិទ​គណនី​ក្លែងក្លាយ​រាប់​លាន​ក្នុង​មួយ​ថ្ងៃៗ។

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ឲ្យ​បាន​ដឹង​អំពី​ព័ត៌មាន​នេះ​ផង។ សូម​អរគុណ!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.netទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

Exit mobile version