Site icon Tech Khmer

ទំព័រ​និង​គណនី​រាប់​រយ​នៅ​មីយ៉ាន់ម៉ា ត្រូវ​ហ្វេសប៊ុក​លុប​ចោល​លើក​ទី​បី

ហ្វេសប៊ុក (Facebook)។

ហ្វេសប៊ុក (Facebook)។

ក្រុមហ៊ុន​ហ្វេសប៊ុក (Facebook) ប្រកាស​នៅ​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៨ នេះ​ថា ខ្លួន​បាន​លុប​ចោល​ទំព័រ​ហ្វេសប៊ុក និង​គណនី​ហ្វេសប៊ុក​រាប់​រយ​នៅ​ប្រទេស​មីយ៉ាន់ម៉ា (Myanmar) ដែល​មាន​ភ្ជាប់​ទៅ​កាន់​ក្រុម​យោធា​នៃ​ប្រទេស​នេះ។

ការ​លុប​ចោល​ទំព័រ​ហ្វេសប៊ុក និង​គណនី​ហ្វេសប៊ុក​រាប់​រយ​នេះ គឺ​ស្រប​ពេល​ដែល​ក្រុមហ៊ុន​នេះ​ប្រឹងប្រែង​ឆ្លើយតប​ទៅ​នឹង​ការ​រិះគន់​លើ​ការ​បរាជ័យ​ក្នុង​ការ​គ្រប់គ្រង​លើ​ការ​និយាយ​រើសអើង និង​ព័ត៌មាន​មិន​ពិត​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន។

ទំព័រ​ហ្វេសប៊ុក​ចំនួន ៤២៥​ទំព័រ ១៧​ក្រុម (Group) គណនី​ហ្វេសប៊ុក​ចំនួន ១៣៥​គណនី និង​គណនី Instagram ចំនួន ១៥​គណនី ត្រូវ​បាន​ក្រុមហ៊ុន​ហ្វេសប៊ុក​លុប​ចោល។ ទំព័រ និង​គណនី​ទាំងនេះ ត្រូវ​បាន​គេ​បង្កើត​ជា​ទំព័រ​លក្ខណៈ​ព័ត៌មាន​ឯករាជ្យ ទំព័រ​កម្សាន្ត ទំព័រ​សម្រស់ និង​ជីវិត ប៉ុន្តែ​ធាតុ​ពិត​នោះ ទំព័រ​ទាំងនេះ​បាន​ភ្ជាប់​ទៅ​កាន់​ក្រុម​យោធា ឬ​ទំព័រ​ហ្វេសប៊ុក​ដែល​ត្រូវ​បាន​លុប​ចោល​កាល​ពី​លើក​មុន។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Channel News Asia នៅ​ថ្ងៃ​ទី​១៩ ធ្នូ នេះ។

នេះ​ជា​លើក​ទី​៣ ហើយ​ដែល​ក្រុមហ៊ុន​ហ្វេសប៊ុក​បាន​លុប​ទំព័រ និង​គណនី​ហ្វេសប៊ុក​នៅ​ប្រទេស​មីយ៉ាន់ម៉ា បន្ទាប់​ពី​ការ​លុប​ចោល​ទំព័រ និង​គណនី​ហ្វេសប៊ុក​កាល​ពី​ខែ​សីហា និង​ក្នុង​ខែ​តុលា។

បញ្ហា​ដែល​ឈាន​ដល់​កម្រិត​បន្ទាន់​កាល​ពី​ឆ្នាំ​មុន ដោយសារ​តែ​យោធា​មីយ៉ាន់ម៉ា បាន​ដឹក​ជនជាតិ​រ៉ូហ៊ីងយ៉ា (Rohingya) ជាង ៧២​ម៉ឺន​នាក់ (៧២០,០០០​នាក់) ទៅ​កាន់​ប្រទេស​បង់ក្លាដេស (Bangladesh)

ក្រុមហ៊ុន​ហ្វេសប៊ុក​បញ្ជាក់​ថា ក្រុមហ៊ុន​មិន​ចង់​ឲ្យ​មនុស្ស ឬ​អង្គភាព​ណា​មួយ​បង្កើត​បណ្ដាញ​នៃ​គណនី​ដើម្បី​បំភាន់ (បោក) អ្នក​ដទៃ អំពី​តើ​ពួក​គេ​ជា​នរណា? ឬ​អ្វី​ដែល​ពួក​គេ​កំពុង​ធ្វើ​នោះ​ទេ?

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ឲ្យ​បាន​ដឹង​ផង។ សូម​អរគុណ..!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

Exit mobile version