Site icon Tech Khmer

Facebook លុប​ចោល​គណនី​ក្លែងក្លាយ​ជាង ៥​ពាន់​លាន​គណនី​ក្នុង​ឆ្នាំ​២០១៩

Facebook CEO Mark Zuckerberg

Facebook CEO Mark Zuckerberg

ហ្វេសប៊ុក (Facebook) លុប​ចោល​គណនី​ក្លែងក្លាយ​ (Fake Account) ជាង ៥​ពាន់​លាន​គណនី​នៅ​ក្នុង​ឆ្នាំ​២០១៩ នេះ ព្រម​ទាំង​លុប​រូបភាព​រាប់​រយ​លាន​រូបភាព​ដែល​បង្ហាញ​ពី​ការ​រំលោភ​បំពាន​លើ​កុមារ និង​រូបភាព​ទាក់ទង​នឹង​អំពើ​អត្តឃាត។

កាល​ពី​ថ្ងៃ​ពុធ ទី​១៣ ខែ​វិច្ឆិកា ក្រុមហ៊ុន​ហ្វេសប៊ុក​បាន​និយាយ​ថា គណនី​ក្លែងក្លាយ (Fake Account) ប្រមាណ ៥,៤​ពាន់​លាន​គណនី ត្រូវ​បាន​ក្រុមហ៊ុន​លុប​ចេញ​ពី​បណ្ដាញ​សង្គម​របស់​ខ្លួន​នៅ​ក្នុង​ឆ្នាំ​២០១៩ នេះ ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែង​បន្លំ​នៅ​លើ​បណ្ដាញ​សង្គម។ ក្រុមហ៊ុន​បញ្ជាក់​ថា ចាប់​ពី​ខែ​មេសា ដល់​ខែ​កញ្ញា ឆ្នាំ​២០១៩ ក្រុមហ៊ុន​បាន​លុប​គណនី​ក្លែងក្លាយ ៣,២​ពាន់​លាន​គណនី។

តាម​រយៈ​សារព័ត៌មាន Channel News Asia ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ក្រុមហ៊ុន​ហ្វេសប៊ុក​បាន​និយាយ​ថា ដោយ​មាន​ការ​កើន​ឡើង​ក្នុង​ការ​បង្កើត​គណនី​ក្លែង​បន្លំ ក្រុមហ៊ុន​បាន​បង្កើន​ការ​ការពារ និង​ជា​រឿយៗ​ក្រុមហ៊ុន​តែង​លុប​ចោល​នូវ​គណនី​ភ្លាមៗ​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​បន្ទាប់​ពី​គណនី​នោះ​ត្រូវ​បាន​បង្កើត​ឡើង។

ហ្វេសប៊ុក​បញ្ជាក់​នៅ​ក្នុង​របាយការណ៍​តម្លាភាព​ចុង​ក្រោយ​របស់​ខ្លួន​ថា «យើង (ក្រុមហ៊ុន) បាន​បង្កើន​សមត្ថភាព​របស់​យើង​ក្នុង​ការ​ស្វែងរក និង​ប្លុក​ការ​ប៉ុនប៉ង​បង្កើត​គណនី​ក្លែងក្លាយ និង​គណនី​រំលោភ​បំពាន។ យើង​អាច​ប៉ាន់ស្មាន​បាន​ថា ជា​រៀងរាល់​ថ្ងៃ យើង (ក្រុមហ៊ុន) បាន​រារាំង​ការ​ប៉ុនប៉ង​បង្កើត​គណនី​ក្លែងក្លាយ​រាប់​លាន​ដង​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ស្វែងរក​ទាំងនេះ។»

ទោះ​យ៉ាង​ណា របាយការណ៍​តម្លាភាព​នោះ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា បណ្ដាញ​សង្គម Instagram ក៏​ត្រូវ​បាន​គេ​សម្គាល់​ឃើញ​ថា​ជា​កន្លែង​ដែល​គួរ​ឱ្យ​ព្រួយ​បារម្ភ​អំពី​ការ​កើន​ឡើង​នូវ​ព័ត៌មាន​ក្លែងក្លាយ៕

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ និង​មនុស្ស​ជា​ទីស្រឡាញ់​របស់​អ្នក​ឲ្យ​បាន​ដឹង​ផង។ សូម​អរគុណ!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.netទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត។

Comments

Exit mobile version