Site icon Tech Khmer

Facebook ច្រាន​ចោល​ការ​អះអាង​ពី​ជំនួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​ថៃ

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ហ្វេសប៊ុក (Facebook) លោក Mark Zuckerberg។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ហ្វេសប៊ុក (Facebook) លោក Mark Zuckerberg។

ក្រុមហ៊ុន​ហ្វេសប៊ុក (Facebook) ច្រាន​ចោល​ចំពោះ​ការ​អះអាង​របស់​នាយក​រដ្ឋមន្ត្រី​ថៃ ដែល​ថា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ហ្វេសប៊ុក នឹង​ទៅ​ជួប​ពិភាក្សា​ជាមួយ​លោក​នៅ​ប្រទេស​ថៃ នៅ​ចុង​ខែ​តុលា នេះ។

ការ​ឆ្លើយតប​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក​នៅ​ពេល​នេះ គឺ​នៅ​ក្រោយ​រយៈពេល ២​ថ្ងៃ​នៃ​ការ​ប្រកាស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ថៃ ប្រាយុទ្ធ ចាន់អូចា (Prayuth Chan-ocha) ប្រាប់​អ្នក​កាសែត​ថា លោក​នឹង​ជួប​ពិភាក្សា​ជាមួយ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ហ្វេសប៊ុក គឺ​លោក Mark Zuckerberg នៅ​ថ្ងៃ​ទី​៣០ ខែ​តុលា នេះ។

ក្រុមហ៊ុន​ហ្វេសប៊ុក​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ដ៏​ខ្លី​មួយ​ថា បច្ចុប្បន្ន អ្នក​គ្រប់គ្រង​របស់​យើង​គ្មាន​គម្រោង​ទៅ​ប្រទេស​ថៃ នោះ​ទេ

អ្នក​នាំ​ពាក្យ​នៃ​រដ្ឋាភិបាល​ប្រទេស​ថៃ លោក Weerachon Sukhondhapatipak មាន​ប្រសាសន៍​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ តុលា ថា លោក​នាយក​រដ្ឋមន្ត្រី​ថៃ បាន​ប្រកាស​ពី​ជំនួប​ជាមួយ​ប្រធាន​ក្រុមហ៊ុន​ហ្វេសប៊ុក លោក Mark Zuckerberg ទៅ​កាន់​អ្នក​កាសែត គឺ​ក្រោយ​ពី​លោក​នាយក​រដ្ឋមន្ត្រី​បាន​ទទួល​ព័ត៌មាន​សង្ខេប​ពី​ក្រុមប្រឹក្សាភិបាល​វិនិយោគ​នៃ​ប្រទេស​ថៃ។ លោក​បន្ត​ថា លោក​ក៏​មិន​ដឹង​ប្រាកដ​ដែរ​អំពី​អ្វី​ដែល​ក្រុមប្រឹក្សាភិបាល​វិនិយោគ បាន​រាយការណ៍​ទៅ​នាយក​រដ្ឋមន្ត្រី​ថៃ នោះ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត ឌឹ ញូវយ៉ក ថាមស៍ (The New York Times)

លោក​នាយក​រដ្ឋមន្ត្រី​ថៃ ប្រាយុទ្ធ ចាន់អូចា (Prayuth Chan-ocha)។
កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញាត៕

Comments

Exit mobile version