Site icon Tech Khmer

ប្រទេស​ញូវហ្គីណេ​នឹង​បិទ Facebook ១​ខែ​ស្វែងរក Fake Account

សកម្មភាព​បើក​ប្រើប្រាស់​ហ្វេសប៊ុក (Facebook) នៅ​លើ​ទូរស័ព្ទ​ឆ្លាតវៃ។

សកម្មភាព​បើក​ប្រើប្រាស់​ហ្វេសប៊ុក (Facebook) នៅ​លើ​ទូរស័ព្ទ​ឆ្លាតវៃ។

ប្រទេស​ប៉ាពួ ញូវហ្គីណេ (Papua New Guinea) នឹង​បិទ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក (Facebook) រយៈពេល​មួយ​ខែ ដើម្បី​ស្វែងរក​គណនី​ក្លែងក្លាយ (Fake Account) និង​ពិចារណា​អំពី​ផល​ប៉ះពាល់​នៃ​បណ្ដាញ​សង្គម​នេះ​មក​លើ​ប្រទេស​របស់​ខ្លួន។

សារព័ត៌មាន​របស់​អង់គ្លេស BBC News បាន​ស្រង់​សម្ដី​របស់​មន្ត្រី​ផ្នែក​ទំនាក់ទំនង​របស់​ប្រទេស​ប៉ាពួ ញូវហ្គីណេ លោក សេម បាស៊ីល (Sam Basil) ឲ្យ​ដឹង​ថា អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ដែល​បង្ហោះ​រូប​អាសអាភាស និង​បង្ហោះ​ព័ត៌មាន​មិន​ពិត នឹង​ត្រូវ​រក​មុខ​ឃើញ។

លោក បាស៊ីល បាន​ថ្លែង​ប្រាប់​ទៅ​សារព័ត៌មាន​ក្នុង​ស្រុក​ឈ្មោះ Post-Courier ហើយ​សារព័ត៌មាន BBC News បាន​ស្រង់​មក​ចុះ​ផ្សាយ​ឲ្យ​ដឹង​ទៀត​ថា រយៈពេល ១​ខែ ប្រទេស​ប៉ាពួ ញូវហ្គីណេ នឹង​អាច​ប្រមូល​បាន​ព័ត៌មាន​ដើម្បី​កំណត់​អ្នក​ប្រើប្រាស់​ដែល​លាក់​ខ្លួន​នៅ​ពី​ក្រោយ​គណនី​ក្លែងក្លាយ អ្នក​ប្រើប្រាស់​ដែល​បង្ហោះ​រូបភាព​អាសអាភាស និង​អ្នក​ប្រើប្រាស់​ដែល​បង្ហោះ​ព័ត៌មាន​មិន​ពិត។

មន្ត្រី​ទំនាក់ទំនង​រូប​នេះ​ក៏​បាន​ផ្ដល់​យោបល់​ឲ្យ​ប្រទេស​របស់​លោក​ថា ប្រសិន​បើ​អាច គួរ​បង្កើត​បណ្ដាញ​សង្គម​ផ្ទាល់​ខ្លួន​មួយ​សម្រាប់​ប្រជាជន​ប៉ាពួ ញូវហ្គីណេ ប្រើប្រាស់​ដោយ​ប្រើ​អត្តសញ្ញាណ​ពិត​ប្រាកដ​ផង​ដែរ។ លោក​បន្ថែម​ទៀត​ថា ប្រសិន​បើ​ចាំបាច់ យើង (ប្រទេស​ប៉ាពួ ញូវហ្គីណេ) នឹង​ប្រមូល​អ្នក​អភិវឌ្ឍន៍​កម្មវិធី​ក្នុង​ស្រុក (local applications developers) ដើម្បី​បង្កើត​វែបសាយ​មួយ​ដែល​មាន​ប្រយោជន៍​ច្រើន​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ប៉ាពួ ញូវហ្គីណេ ដើម្បី​ទំនាក់ទំនង​នៅ​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស​ផង​ដែរ។

អាន​អត្ថបទ​ផ្សេង​ទៀត៖

ទោះ​បី​ជា​មនុស្ស​ប្រហែល​តែ ១០% ប៉ុណ្ណោះ​នៃ​ប្រជាជន​ប្រទេស​ប៉ាពួ ញូវហ្គីណេ មាន​លទ្ធភាព​ប្រើប្រាស់​អ៊ីនធឺណិត​ក៏ដោយ ក៏​ប្រទេស​នេះ​កំពុង​តែ​បង្ហាញ​ពី​ការ​អនុវត្ត​ច្បាប់​សេវាកម្ម​លើ​អនឡាញ​ដ៏​សកម្ម​ផង​ដែរ (regulation of online services)

Facebook Fake Account

រដ្ឋាភិបាល​ប្រទេស​ប៉ាពួ ញូវហ្គីណេ ដែល​ជា​ប្រទេស​មួយ​ស្ថិត​នៅ​ភាគ​និរតី​នៃ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក មាន​គោល​បំណង​ប្រើប្រាស់​ការ​បិទ​ហ្វេសប៊ុក​រយៈពេល ១​ខែ​នេះ ដើម្បី​វិភាគ​អំពី​របៀប​ដែល​ហ្វេសប៊ុក​ត្រូវ​បាន​ជនល្មើស​ប្រើ ហើយ​នឹង​ផ្ដន្ទាទោស​ជន​ល្មើស​ច្បាប់​ឧក្រិដ្ឋកម្ម​អ៊ីនធឺណិត​ដែល​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០១៦។

ទោះ​យ៉ាង​ណា​ក៏ដោយ ពេលវេលា​នៃ​ការ​បិទ​សេវាកម្ម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ក្នុង​ប្រទេស​ប៉ាពួ ញូវហ្គីណេ មិន​ទាន់​ត្រូវ​បាន​កំណត់​ថា​ត្រូវ​ចាប់​ផ្ដើម​អនុវត្ត​នៅ​ពេល​ណា​នៅ​ឡើយ​ទេ។

បច្ចុប្បន្ន ការ​កើន​ឡើង​នៃ​ព័ត៌មាន​មិន​ពិត (fake news) បាន​ក្លាយ​ជា​បញ្ហា​ចម្បង​សម្រាប់​ក្រុមហ៊ុន​បច្ចេកវិទ្យា​នៅ​លើ​សកលលោក។ ក្រុមហ៊ុន​បច្ចេកវិទ្យា​ទាំងនោះ រង​ការ​រិះគន់​ដែល​មិន​បាន​ព្រមាន​អ្នក​ប្រើប្រាស់​នៅ​ពេល​ព័ត៌មាន​នោះ​មាន​ភាព​មិន​ត្រឹមត្រូវ ឬ​ក៏​ខុស​ឆ្គង​ជាដើម។

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ឲ្យ​បាន​ដឹង​អំពី​ព័ត៌មាន​នេះ​ផង។ សូម​អរគុណ!

Facebook CEO Mark Zuckerberg/Photo courtesy

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

Exit mobile version