Site icon Tech Khmer

ទីបំផុត! រក​ឃើញ​ជយលាភី​នៃ Technovation កម្ពុជា ២០១៨ ហើយ

ក្រុម​កុមារី​ជយលាភី​ក្នុង​កម្មវិធី​ប្រកួតប្រជែង​ថ្នាក់​ជាតិ​នៃ Technovation កម្ពុជា ២០១៨ កាល​ពី​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៨។ Photo courtesy

ក្រុម​កុមារី​ជយលាភី​ក្នុង​កម្មវិធី​ប្រកួតប្រជែង​ថ្នាក់​ជាតិ​នៃ Technovation កម្ពុជា ២០១៨ កាល​ពី​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៨។ Photo courtesy

ទីបំផុត កម្មវិធី​ប្រកួត​ប្រជែង​ថ្នាក់​ជាតិ​នៃ Technovation កម្ពុជា ឆ្នាំ​២០១៨ បាន​រក​ឃើញ​កុមារី​បី​ក្រុម​ដែល​ឈ្នះ​ជា​ជយលាភី បន្ទាប់​ពី​ឆ្លង​កាត់​ការ​ធ្វើ​បទ​បង្ហាញ និង​ដាក់​ពិន្ទុ​ដោយ​គណៈកម្មការ​ដែល​មាន​បទពិសោធន៍​ក្នុង​វិស័យ​បច្ចេកវិទ្យា និង​អាជីវកម្ម​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​អាទិត្យ ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៨។

កុមារី ១៤​ក្រុម​ដែល​មាន​អាយុ​ចាប់​ពី ១០​ឆ្នាំ​ដល់ ១៨​ឆ្នាំ និង​មក​ពី​វិទ្យាល័យ​ផ្សេងៗ​គ្នា បាន​ចូលរួម​ប្រកួត​ប្រជែង​គ្នា​ដោយ​ធ្វើ​បទ​បង្ហាញ​អំពី​ផែនការ​អាជីវកម្ម និង​កម្មវិធី​ទូរស័ព្ទ ក្នុង​គោល​បំណង​ដោះស្រាយ​បញ្ហា​នៅ​ក្នុង​សហគមន៍​របស់​ពួក​គេ នៅ​ក្នុង​កម្មវិធី​ប្រកួតប្រជែង​ថ្នាក់​ជាតិ​នៃ Technovation កម្ពុជា ឆ្នាំ​២០១៨ (National Pitch) កាល​ពី​ថ្ងៃ​ចុង​សប្ដាហ៍​មុន​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (សាលា​តិចណូ) ក្រោយ​ពី​ទទួល​បាន​ការ​ហ្វឹកហាត់​ជាច្រើន​សប្ដាហ៍​ដោយ​អ្នក​ជំនាញ​លើ​វិស័យ​បច្ចេកវិទ្យា និង​អាជីវកម្ម។

ក្នុង​ចំណោម​កុមារី​ទាំង ១៤​ក្រុម គឺ​មាន ៣​ក្រុម​ជាប់​ជា​ជយលាភី​ថ្នាក់​ជាតិ​នៃ​កម្មវិធី Technovation កម្ពុជា ឆ្នាំ​២០១៨។ ក្រុម​ជយលាភី​ទាំងនេះ​រួម​មាន៖

ក្រុម​កុមារី Five Infinities ទទួល​បាន​ជយលាភី​លេខ​១ កម្រិត​ថ្នាក់​អនុវិទ្យាល័យ (1st Place National Grand Prize Winner from Junior Division)។ Photo courtesy
ក្រុម Tech Girls Cambodia ទទួល​បាន​ជយលាភី​លេខ​១ កម្រិត​ថ្នាក់​វិទ្យាល័យ (1st Place National Grand Prize Winner from Senior Division)។ Photo courtesy
ក្រុម ABC (Always Be Close) ទទួល​បាន​ជយលាភី​លេខ​២ (2nd Place National Grand Prize Winner)។ Photo courtesy

ក្រៅ​ពី​ជយលាភី​ទាំង​បី​ខាង​លើ កម្មវិធី​ក៏​រក​ឃើញ​ជយលាភី​ប្រជាប្រិយភាព (People’s Choice Award National Grand Prize Winner) មួយ​ទៀត​ដែរ​ដែល​វីដេអូ​របស់​ពួក​គេ​ទទួល​បាន Like និង Reaction ច្រើន​ជាង​គេ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក Technovation Cambodia គឺ​ក្រុម Estrogen និង​ទទួល​បាន​ទឹកប្រាក់​ចំនួន ៦០០,០០០​រៀល។ ក្រុម​នេះ​មាន​សមាជិក ៣​នាក់ និង​មក​ពី​សាលា ICS International School។ ក្រុម Estrogen បាន​បង្កើត​កម្មវិធី​ទូរស័ព្ទ​ឈ្មោះ TutorKH ដែល​អាច​ជួយ​សិស្ស​ក្នុង​ការ​ស្វែងរក​គ្រូបង្រៀន​បន្ថែម​ដែល​មាន​គុណភាព និង​អាច​ទុក​ចិត្ត​បាន។ បន្ថែម​លើ​នេះ កម្មវិធី​នេះ​ក៏​បាន​បញ្ចូល​របៀប​ចាត់​ចំណាត់​ថ្នាក់​ការ​បង្រៀន​ដោយ​ផ្អែក​លើ feedback ពី​សិស្ស​ផង​ដែរ។

ក្រុម Estrogen ទទួល​បាន​ជយលាភី​ប្រជាប្រិយភាព (People’s Choice Award National Grand Prize Winner) ដែល​ទទួល​បាន Like និង Reaction ច្រើន​ជាង​គេ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក Technovation Cambodia។ Photo courtesy

ទំព័រ​ហ្វេសប៊ុក​របស់ Technovation Cambodia បង្ហាញ​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​២០១៨ នេះ កម្មវិធី​របស់ Technovation Cambodia បាន​បង្រៀន​កុមារី​ចំនួន​ច្រើន​ជាង ១៨០​នាក់​នៅ​ក្នុង ៤៤​ក្រុម ឲ្យ​ចេះ​អំពី​ជំនាញ​សហគ្រិន និង​បច្ចេកវិទ្យា និង​បាន​ជួយ​ឲ្យ​ពួក​គេ​ដាក់​ពាក្យ​ទៅ​កាន់ Technovation ពិភពលោក។

Technovation គឺ​ជា​កម្មវិធី​អប់រំ​សហគ្រិនភាព​ក្នុង​វិស័យ​បច្ចេកវិទ្យា សម្រាប់​ការ​ប្រកួតប្រជែង​អន្តរជាតិ​ដែល​មាន​គោល​បំណង​បង្កើន​ចំនួន​ស្ត្រី​ក្នុង​វិស័យ​បច្ចេកវិទ្យា និង​សហគ្រិនភាព​ឲ្យ​កាន់​តែ​ច្រើន​បន្ថែម​ទៀត។ កម្មវិធី​នេះ​គាំទ្រ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា អង្គការ USAID វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (សាលា​តិចណូ) Development Innovations និង​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន Smart Axiata ក្រុមហ៊ុន DMI និង​ក្រុមហ៊ុន Myteb Cambodia ព្រម​ទាំង​ដៃគូ​ប្រចាំ​ខេត្ត​ផង​ដែរ។

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ឲ្យ​បាន​ដឹង​អំពី​ព័ត៌មាន​នេះ​ផង។ សូម​អរគុណ!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

Exit mobile version