Site icon Tech Khmer

ធនាគារ ABA ឲ្យ​អតិថិជន​ប្រយ័ត្ន​ចំពោះ​ការ​ឆបោក​តាម​អនឡាញ

សកម្មភាព​ឆបោក​តាម​អនឡាញ (Phishing)។

សកម្មភាព​ឆបោក​តាម​អនឡាញ (Phishing)។

ធនាគារ ABA ដែល​ជា​ធនាគារ​មួយ​ក្នុង​ចំណោម​ធនាគារ​នៅ​កម្ពុជា ដែល​ផ្ដល់​សេវាកម្ម​ប្រតិបត្តិការ​ទូទាត់ និង​ផ្ទេរ​លុយ​រហ័ស​តាម​រយៈ​អនឡាញ ប្រកាស​ឲ្យ​អតិថិជន​របស់​ខ្លួន​ប្រុង​ប្រយ័ត្ន​ចំពោះ​អំពើ​ឆបោក​ផ្សេងៗ​តាម​អនឡាញ។

កាល​ពី​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១៩ ធនាគារ​នេះ​បាន​ប្រកាស​ឲ្យ​អតិថិជន​ប្រយ័ត្ន​បន្ថែម​ទៀត​ចំពោះ​អ៊ីមែល ឬ​សារ​ខ្លីៗ​ណា​មួយ​ដែល​អះអាង​ថា​បាន​ផ្ញើ​ចេញ​ពី​ធនាគារ ABA មិន​ថា​វា​មាន​លក្ខណៈ​ដូចជា​សារ​របស់​ធនាគារ​ពិតៗ​ក៏ដោយ។

សេចក្ដី​ប្រកាស​របស់​ធនាគារ ABA បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា «ធនាគារ​យើង​ខ្ញុំ​មិន​ដែល​ឲ្យ​បុគ្គលិក ឬ​អ្នក​តំណាង​ណា​ម្នាក់​ទៅ​ទាក់ទង​សុំ​ព័ត៌មាន​គណនី ឬ​ព័ត៌មាន​កាត​ពី​អតិថិជន​ឡើយ។» លើស​ពី​នេះ​ទៀត ធនាគារ​បញ្ជាក់​បន្ថែម​ថា «ធនាគារ ABA មិន​ដែល​ផ្ញើ​អ៊ីមែល សារ​ខ្លីៗ ឬ​លីង​វេបសាយ​ទៅ​អ្នក (អតិថិជន) ដើម្បី​ស្នើ​ឲ្យ​អ្នក​បញ្ចូល​លេខ​កាត​របស់​ខ្លួន លេខ​សម្ងាត់​របស់​ធនាគារ​អនឡាញ ឬ​ព័ត៌មាន​សម្ងាត់​ដទៃៗ​ទៀត​ឡើយ។»

ជាទូទៅ សកម្មភាព​ឆបោក​តាម​រយៈ​អ៊ីមែល ឬ​ក៏​សារ​ខ្លីៗ ដែល​គេ​ហៅ​ថា ភីសស៊ីង (Phishing) គឺ​ជា​សកម្មភាព​បញ្ចុះបញ្ចូល​ជន​ងាយ​រងគ្រោះ​ដែល​ជា​ជន​គោលដៅ​របស់​ជន​ទុច្ចរិត ឲ្យ​ផ្ដល់​ព័ត៌មាន​ដល់​ជន​ទុច្ចរិត​ដូចជា លេខ​កាត លេខ​គណនី​ធនាគារ លេខ​សម្ងាត់ និង​ព័ត៌មាន​លម្អិត​ផ្សេងៗ​ទៀត​ដែល​គេ​អាច​យក​ទៅ​ប្រើ​ដើម្បី​ធ្វើ​ការ​ក្លែង​បន្លំ។ ជន​ឆបោក​តែង​ព្យាយាម​បន្លំ​ធ្វើ​ឲ្យ​ខ្លួន​គេ​មើល​ទៅ ឬ​ស្ដាប់​ទៅ​ដូចជា​អ្នក​តំណាង​មក​ពី​ខាង​ស្ថាប័ន​ណា​មួយ ហើយ​ស្នើសុំ​ឲ្យ​ជន​ងាយ​រងគ្រោះ​ផ្ដល់​ព័ត៌មាន​ដែល​គេ​ត្រូវ​ការ។

ដើម្បី​ជា​ប្រយោជន៍​ដល់​លោក​អ្នក Tech Khmer សូម​ដកស្រង់​ខ្លឹមសារ​របស់​ធនាគារ ABA ដើម្បី​កត់​សម្គាល់​អំពើ​ឆបោក​តាម​អនឡាញ​ដូច​ខាង​ក្រោម៖

សេចក្ដី​ណែនាំ​របស់​ធនាគារ ABA ឲ្យ​កត់​សម្គាល់​លើ​គំរូ​អ៊ីមែល​ឆបោក។ Credit: ABA Bank

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់​តំណ​ភ្ជាប់​របស់​ធនាគារ!

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​បាន​ដឹង​ផង។ សូម​អរគុណ!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.netទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

Exit mobile version