Site icon Tech Khmer

Facebook ប្រាប់​អំពី​ទិន្នន័យ​ដែល​ត្រូវ​បាន​លួច​កាល​ពី ២​សប្ដាហ៍​មុន

សកម្មភាព​បើក​ប្រើប្រាស់​ហ្វេសប៊ុក (Facebook) នៅ​លើ​ទូរស័ព្ទ​ឆ្លាតវៃ។

សកម្មភាព​បើក​ប្រើប្រាស់​ហ្វេសប៊ុក (Facebook) នៅ​លើ​ទូរស័ព្ទ​ឆ្លាតវៃ។

ក្រុមហ៊ុន​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក (Facebook Inc.) អះអាង​ថា អ្នក​រងគ្រោះ​ដោយ​ការ​វាយ​ប្រហារ​កាល​ពី​ពីរ​សប្ដាហ៍​មុន មាន​ចំនួន​តិច​ជាង​ការ​ប៉ាន់ស្មាន​ដំបូង​ដែល​ថា​អាច​មាន​ប្រមាណ ៥០​លាន​គណនី។ ការ​អះអាង​នេះ បន្ទាប់​ពី​ក្រុមហ៊ុន​ហ្វេសប៊ុក សហការ​ជាមួយ​ក្រុម​ស៊ើបអង្កេត FBI របស់​អាមេរិក ក្នុង​រយៈពេល​ប្រមាណ ២​សប្ដាហ៍​កន្លង​ទៅ​នេះ។

ក្រុមហ៊ុន​បាន​និយាយ​ថា ការ​វាយ​ប្រហារ​ដ៏​អាក្រក់​មួយ​មក​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក គឺ​ប៉ះពាល់​ទៅ​លើ ៣០​លាន​គណនី​ហ្វេសប៊ុក មិន​មែន ៥០​លាន​គណនី​នោះ​ទេ។ ចំណែក​ឯ​គណនី​ហ្វេសប៊ុក​ដែល​ត្រូវ​បាន​ក្រុម​ចោរ​បច្ចេកវិទ្យា​ចូល​លុកលុយ​យក​ទិន្នន័យ ក៏​មាន​ចំនួន​តិច​ជាង​ពាក់​កណ្ដាល​នៃ​ចំនួន​គណនី​ដែល​រងគ្រោះ​ដែរ។

សូម​ចុច Like និង See First Techkhmer.net Facebook Page ដើម្បី​ទទួល​បាន​ដំណឹង និង​គន្លឹះ​ថ្មីៗ​អំពី​បច្ចេកវិទ្យា​មុន​គេ

ក្នុង​ចំណោម​គណនី ៣០​លាន​គណនី​ដែល​រងគ្រោះ​ពី​ការ​វាយ​ប្រហារ​នេះ មាន ១៤​លាន​គណនី ត្រូវ​បាន Hackers លួច​យក​ទិន្នន័យ​អំពី​ទីកន្លែង​ដែល​អ្នក​ប្រើប្រាស់​ធ្លាប់ Check in ១០​កន្លែង​ចុងក្រោយ ទីក្រុង​ដែល​ពួក​គេ​កំពុង​រស់នៅ និង​លទ្ធផល​នៃ​ការ​ស្វែងរក​ញឹកញាប់ ១៥​ចុងក្រោយ។ ចំណែក​គណនី ១៥​លាន​គណនី​ផ្សេង​ទៀត Hackers លួច​យក​តែ​ឈ្មោះ និង​ព័ត៌មាន​ទំនាក់ទំនង​ទេ។ ទោះ​យ៉ាង​ណា អ្នក​រងគ្រោះ​ប្រមាណ ១​លាន​គណនី​ទៀត ក្រុម Hackers មិន​បាន​លួច​យក​ទិន្នន័យ​អ្វី​នោះ​ទេ។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក កាល​ពី​ថ្ងៃ​សុក្រ។

អាន​អត្ថបទ​ផ្សេង​ទៀត៖

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក​ដដែល​នេះ បញ្ជាក់​ដែរ​ថា អ្នក​ប្រើប្រាស់​អាច​ឆែក​មើល​ថា​ខ្លួន​ឯង​បាន​រងគ្រោះ​ដោយ​ការ​វាយ​ប្រហារ​នេះ​ដែរ​ឬ​អត់ តាម​រយៈ​តំណ​ភ្ជាប់ Help Center នេះ។ លើស​ពី​នេះ​ទៀត ក្រុមហ៊ុន​នឹង​ផ្ញើ​សារ​ទៅ​កាន់​អ្នក​រងគ្រោះ​ទាំង ៣០​លាន​គណនី​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ដើម្បី​ពន្យល់​លម្អិត​អំពី​ទិន្នន័យ​ដែល​ក្រុម Hackers បាន​លួច និង​ប្រាប់​ពី​គន្លឹះ​ការពារ​ខ្លួន​ផង​ដែរ។

ទាក់ទង​នឹង​បញ្ហា​នេះ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៨ សារព័ត៌មាន The Wall Street Journal ចុះ​ផ្សាយ​ថា ក្រុម​ឃ្លាំ​មើល​សិទ្ធិ​ឯកជន​នៅ​សហភាព​អឺរ៉ុប អាច​នឹង​ពិន័យ​ក្រុមហ៊ុន Facebook ចំនួន ១,៦៣​ពាន់​លាន​ដុល្លារ ប្រសិន​បើ​និយតករ​រក​ឃើញ​ថា ក្រុមហ៊ុន​នេះ​រំលោភ​ច្បាប់​សិទ្ធិ​ឯកជន​ថ្មី​ដែល​ទើប​នឹង​ចេញ​នៅ​ពេល​ថ្មីៗ បន្ទាប់​ពី​ក្រុមហ៊ុន Facebook មាន​រឿង​អាស្រូវ​ទាក់ទង​នឹង​ការ​បែក​ធ្លាយ​ទិន្នន័យ​ឯកជន​របស់​អ្នក​ប្រើប្រាស់​ជិត ៩០​លាន​គណនី​ទៅ​ឲ្យ​ក្រុមហ៊ុន Cambridge Analytica នោះ។

កាល​ពី​ថ្ងៃ​សុក្រ ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១៨ ក្រុមហ៊ុន​ហ្វេសប៊ុក បាន​ប្រកាស​ថា ភ្លាមៗ​បន្ទាប់​ពី​រក​ឃើញ​អំពី​ការ​វាយ​ប្រហារ​នោះ ក្រុមហ៊ុន​ក៏​បាន​ជួសជុល​នូវ​ចន្លោះ​ប្រហោង​ដែល​ក្រុម Hackers ប្រើប្រាស់​ដើម្បី​វាយ​ប្រហារ​រួច​ហើយ។ កាល​នោះ ក្រុមហ៊ុន​ប្រកាស​ថា​គណនី ៥០​លាន​គណនី​ត្រូវ​បាន​រងគ្រោះ​ដោយ​ចន្លោះ​ប្រហោង​នៃ​មុខងារ View As ប៉ុន្តែ​គណនី​ប្រមាណ ៩០​លាន​គណនី​ត្រូវ​បាន​ក្រុមហ៊ុន​កំណត់​ឲ្យ Log Out ចេញ​ពី​ហ្វេសប៊ុក​ដោយ​ស្វ័យប្រវត្តិ ដោយ​សង្ស័យ​ថា​រងគ្រោះ​ក្នុង​បញ្ហា​នេះ ដើម្បី Reset Token ឡើង​វិញ។

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ឲ្យ​បាន​ដឹង​អំពី​ព័ត៌មាន​នេះ​ផង។ សូម​អរគុណ..!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

Exit mobile version