Site icon Tech Khmer

Facebook អាច​ត្រូវ​ពិន័យ ១,៦៣​ពាន់​លាន​ដុល្លារ​រឿង​៥០​លាន​គណនី​រងគ្រោះ

ហ្វេសប៊ុក (Facebook)។

ហ្វេសប៊ុក (Facebook)។

ក្រុមហ៊ុន​ហ្វេសប៊ុក (Facebook Inc.) អាច​នឹង​ត្រូវ​ពិន័យ ១,៦៣​ពាន់​លាន​ដុល្លារ​ពី​ក្រុម​ឃ្លាំ​មើល​សិទ្ធិ​ឯកជន​នៅ​សហភាព​អឺរ៉ុប (European Union Privacy Watchdog) ទាក់ទង​នឹង​រឿង​គណនី​ប្រមាណ ៥០​លាន​គណនី​ត្រូវ​បាន Hacker វាយ​ប្រហារ​កាល​ពី​សប្ដាហ៍​មុន។

កាល​ពី​ថ្ងៃ​សុក្រ ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១៨ ក្រុមហ៊ុន​ហ្វេសប៊ុក បាន​ប្រកាស​ថា គណនី​ហ្វេសប៊ុក​ប្រមាណ ៥០​លាន​គណនី រងគ្រោះ​ដោយ​ការ​វាយ​ប្រហារ​តាម​រយៈ​ចន្លោះ​ប្រហោង​នៃ​មុខងារ View As ដែល​ជា​មុខងារ​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​ពិនិត្យ​មើល Profile ខ្លួន​ឯង​ដែល​ដូច​ទៅ​នឹង​អ្នក​ដទៃ​ទៀត​មើល​ឃើញ​អ៊ីចឹង​ដែរ។ ភ្លាមៗ​បន្ទាប់​ពី​រក​ឃើញ​បញ្ហា​នេះ ក្រុមហ៊ុន​ក៏​បាន​បិទ​មុខងារ​នេះ​បណ្ដោះអាសន្ន ហើយ​ក្រុមហ៊ុន​បាន​ជួសជុល​បញ្ហា​នេះ ដោយ​បាន​កំណត់​ឡើង​វិញ (Reset) នូវ Access Token ដែល​ក្រុម hacker ប្រើប្រាស់​ក្នុង​ការ​លួច​ចូល​គណនី​ហ្វេសប៊ុក ដែល​បណ្ដាល​ឲ្យ​គណនី​ប្រមាណ ៩០​លាន​គណនី​ដែល​សង្ស័យ​ថា​រងគ្រោះ​ដោយសារ​បញ្ហា​នេះ ត្រូវ Log out ចេញ​ពី​ហ្វេសប៊ុក​ដោយ​ស្វ័យប្រវត្តិ។

Access Token គឺ​ជា Key ឬ​អាច​ហៅ​ថា​សំណុំ​អក្សរ​មួយ​ខ្សែ​ដែល​សម្គាល់​ឲ្យ​អ្នក​ប្រើប្រាស់​ម្នាក់ កម្មវិធី​មួយ (app) គេហទំព័រ​មួយ (page) ដែល​ត្រូវ​បាន​គេ​ប្រើប្រាស់​ដើម្បី​ហៅ​ទៅ Graph API។ ក្នុង​ករណី​នេះ Access Token អាច​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​អាច​ចូល​ប្រើប្រាស់​គណនី​ហ្វេសប៊ុក​បាន​ដោយ​ស្វ័យប្រវត្តិ​ដោយ​មិន​ចាំបាច់​វាយ​បញ្ចូល Username និង​ពាក្យ​សម្ងាត់ (Password) ឡើង​វិញ​នោះ​ទេ។

អាន​អត្ថបទ​ផ្សេង​ទៀត៖

សារព័ត៌មាន The Wall Street Journal ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៨ ឲ្យ​ដឹង​ថា ក្រុម​ឃ្លាំ​មើល​សិទ្ធិ​ឯកជន​នៅ​សហភាព​អឺរ៉ុប អាច​នឹង​ពិន័យ​ក្រុមហ៊ុន Facebook ចំនួន ១,៦៣​ពាន់​លាន​ដុល្លារ ប្រសិន​បើ​និយតករ​រក​ឃើញ​ថា ក្រុមហ៊ុន​នេះ​រំលោភ​ច្បាប់​សិទ្ធិ​ឯកជន​ថ្មី​ដែល​ទើប​នឹង​ចេញ​នៅ​ពេល​ថ្មីៗ បន្ទាប់​ពី​ក្រុមហ៊ុន Facebook មាន​រឿង​អាស្រូវ​ទាក់ទង​នឹង​ការ​បែក​ធ្លាយ​ទិន្នន័យ​ឯកជន​របស់​អ្នក​ប្រើប្រាស់​ជិត ៩០​លាន​គណនី​ទៅ​ឲ្យ​ក្រុមហ៊ុន Cambridge Analytica នោះ។

សារព័ត៌មាន​ដដែល​នេះ​ឲ្យ​ដឹង​បន្ថែម​ថា គណៈកម្មការ​ការពារ​ទិន្នន័យ (Data Protection Commission) ដែល​ឃ្លាំ​មើល Facebook នៅ​អឺរ៉ុប បាន​សុំ​ឲ្យ​ក្រុមហ៊ុន Facebook ផ្ដល់​ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​ការ​វាយ​ប្រហារ​ទៅ​លើ​គណនី​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ប្រមាណ ៥០​លាន​គណនី​នោះ រួម​ទាំង​អ្នក​រស់នៅ​សហភាព​អឺរ៉ុប ផង​ដែរ។

ទោះ​យ៉ាង​ណា​ក៏ដោយ ក្នុង​ដំណាក់កាល​ស៊ើបអង្កេត​នេះ ក្រុមហ៊ុន​ហ្វេសប៊ុក​មិន​ទាន់​កំណត់​បាន​ថា តើ​ព័ត៌មាន​អ្វី​ខ្លះ​របស់​អ្នក​ប្រើប្រាស់ ត្រូវ​បាន​គេ​លួច​យក​ទៅ? ហើយ​ហ្វេសប៊ុក​ក៏​មិន​ទាន់​អាច​កំណត់​បាន​ថា តើ​ពួក hacker បាន​បំពាន​ទៅ​លើ​ទិន្នន័យ​ឯកជន​របស់​អ្នក​ប្រើប្រាស់​របស់​ខ្លួន​នៅ​ឡើយ​ដែរ?

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ឲ្យ​បាន​ដឹង​អំពី​ព័ត៌មាន​នេះ​ផង។ សូម​អរគុណ!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕ាច

Comments

Exit mobile version