អ្នក​លក់​ផលិតផល​អនឡាញ​អាច​នឹង​ត្រូវ​បង់​ពន្ធ​នៅ​ពេល​ខាង​មុខ

ក្រសួង​កំពុង​សិក្សា​អំពី​ការ​ប្រមូល​ចំណូល​សារពើពន្ធ​អេឡិចត្រូនិក ដោយ​ផ្ដោត​ការ​ពិភាក្សា​លើ​ទិដ្ឋភាព​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ក្នុង​បរិបទ​សេដ្ឋកិច្ច​ឌីជីថល​នៅ​កម្ពុជា និង​ឲ្យ​ស្រប​តាម​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤។

5020
រូប​តំណាង​ពី​ការ​លក់​ផលិតផល​អនឡាញ។
រូប​តំណាង​ពី​ការ​លក់​ផលិតផល​អនឡាញ។

អ្នក​លក់​ផលិតផល​អនឡាញ ឬ​ហៅ​ថា​អ្នក​ប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក (E-commerce) អាច​នឹង​ត្រូវ​បង់​ពន្ធ​ជូន​រដ្ឋ​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ប្រសិន​បើ​យន្តការ​ប្រមូល​ចំណូល​សារពើពន្ធ​ពី​ប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក (E-tax) ត្រូវ​បាន​សម្រេច​ជា​ផ្លូវការ​មែន​នោះ។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៨ បញ្ជាក់​ថា ក្រសួង​កំពុង​សិក្សា​អំពី​ការ​ប្រមូល​ចំណូល​សារពើពន្ធ​អេឡិចត្រូនិក ដោយ​ផ្ដោត​ការ​ពិភាក្សា​លើ​ទិដ្ឋភាព​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ក្នុង​បរិបទ​សេដ្ឋកិច្ច​ឌីជីថល​នៅ​កម្ពុជា និង​ឲ្យ​ស្រប​តាម​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤។

ការ​សិក្សា​ពី​ការ​ប្រមូល​ពន្ធ​ពី​អ្នក​លក់​ផលិតផល​អនឡាញ​នេះ ដោយសារ​ក្រសួង​មើល​ឃើញ​ពី​និន្នាការ​នៃ​សេដ្ឋកិច្ច​ឌីជីថល​បាន​លេច​រូបរាង​ជា​បណ្ដើរៗ និង​បាន​បង្កើត​ជា​សកម្មភាព​ធុរកិច្ច​ថ្មីៗ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ស្រប​ពេល​ដែល​អតិថិជន​កំពុង​សម្រប​ខ្លួន​ជា​បណ្ដើរៗ​ក្នុង​ការ​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​នានា។ ទោះ​យ៉ាង​ណា ស្ថិត​នៅ​ក្នុង​បរិបទ​នេះ កម្ពុជា មិន​ទាន់​មាន​យន្តការ​ជាក់លាក់​ក្នុង​ការ​ប្រមូល​ចំណូល​សារពើពន្ធ​ពី​ប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ​ឡើយ។ បញ្ហា​នេះ កំពុង​តែ​ត្រូវ​បាន​គិតគូរ​ទាំង​ក្នុង​ក្របខ័ណ្ឌ​សកលលោក និង​តំបន់។

អាន​អត្ថបទ​ផ្សេង​ទៀត៖

រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន មាន​ប្រសាសន៍​ថា «កិច្ចការ​នេះ​គឺ​ជា​ការ​គិតគូរ​ស្រប​តាម​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល ជាពិសេស​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ស្ដីពី​ការ​រៀបចំ​ខ្លួន​របស់​កម្ពុជា សម្រាប់​សេដ្ឋកិច្ច​ឌីជីថល និង​ឆ្លើយតប​នឹង​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤។»

លោក​បន្ត​ថា «បណ្ដាញ និង​បច្ចេកវិទ្យា​ឌីជីថល បាន​បង្កើត​ឲ្យ​មាន​វិសាលភាព និង​ស្ថានភាព​សេដ្ឋកិច្ច និង​សង្គម​ថ្មី​មួយ​ខុស​ពី​មុន ដែល​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​បែប​ប្រពៃណី មក​ប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​បណ្ដាញ​អ៊ីនធឺណិត។ បរិបទ​ថ្មី​នេះ តម្រូវ​ឲ្យ​រាជ​រដ្ឋាភិបាល​ត្រូវ​រៀបចំ និង​កែ​សម្រួល​គោល​នយោបាយ និង​បទបញ្ញត្តិ​ពាក់ព័ន្ធ​ផ្សេងៗ​ឲ្យ​ស្រប​ទៅ​តាម​និន្នាការ​នេះ ដើម្បី​ចាប់​យក​ឱកាស ជំរុញ​ការ​រីក​ចម្រើន​នៃ​ទីផ្សារ​ធុរកិច្ច​បច្ចេកវិទ្យា គ្រប់គ្រង​បរិស្ថាន​ធុរកិច្ច ក៏ដូចជា​កាត់​បន្ថយ​នូវ​ហានិភ័យ​ដែល​អាច​កើត​ឡើង​ជាយថាហេតុ​ដោយ​បច្ចេកវិទ្យា​ទាំងនេះ។»

យ៉ាង​នេះ​ក្ដី សេចក្ដី​ប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បញ្ជាក់​ថា កម្ពុជា កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ដំបូង ឬ​ដំណើរ​ចាប់ផ្ដើម​នៃ​ការ​រៀបចំ​ខ្លួន​ចាប់​យក​ឱកាស​ពី​សេដ្ឋកិច្ច​ឌីជីថល​នៅ​ឡើយ។

ស្រប​ពេល​គ្នា​នេះ​ដែរ រដ្ឋាភិបាល​កម្ពុជា ក៏​បាន​បង្កើត​មជ្ឈមណ្ឌល​បណ្ដុះ​ធុរកិច្ច​ថ្មី តេជោ (Techo Startup Center) ដែល​មាន​ទីតាំង​នៅ​ក្នុង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដើម្បី​ជួយ​ជំរុញ​ឲ្យ​មាន​ការ​រីក​ចម្រើន​នៃ​សហគ្រាស​ធុន​តូច និង​មធ្យម និង​ធុរកិច្ច​ថ្មី​ស្រប​តាម​សេដ្ឋកិច្ច​ឌីជីថល។ ម្យ៉ាង​ទៀត ការ​បង្កើត​មជ្ឈមណ្ឌល​នេះ គឺ​ដើម្បី​ផ្សារភ្ជាប់​រវាង​អនាគត​ការងារ​របស់​យុវជន និង​ចក្ខុវិស័យ​ក្នុង​យុគសម័យ​បច្ចេកវិទ្យា​ផង​ដែរ។

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ឲ្យ​បាន​ដឹង​ផង។ សូម​អរគុណ..!

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៨។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៨។
សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៨។

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។