Site icon Tech Khmer

ឃាត់​ខ្លួន​ជន​ឆបោក​ប្រាក់​ពីរ​នាក់​ក្លែង​គណនី​ហ្វេសប៊ុក​ផ្ញើ​អីវ៉ាន់​ពី​ក្រៅ​ប្រទេស

ឃាត់​ខ្លួន​ជន​សង្ស័យ​ឆបោក​ប្រាក់​តាម​បណ្ដាញ​សង្គម​ពីរ​នាក់។

ឃាត់​ខ្លួន​ជន​សង្ស័យ​ឆបោក​ប្រាក់​តាម​បណ្ដាញ​សង្គម​ពីរ​នាក់។

កម្លាំង​សមត្ថកិច្ច​ចម្រុះ​ឃាត់​ខ្លួន​ជន​សង្ស័យ​ពីរ​នាក់​ពី​បទ​ឆបោក​ប្រាក់​តាម​បណ្ដាញ​សង្គម ដោយ​ក្លែង​គណនី​ហ្វេសប៊ុក (Facebook Account) ផ្ញើ​អីវ៉ាន់​ពី​ក្រៅ​ប្រទេស និង​ឱ្យ​ជន​រងគ្រោះ​ផ្ញើ​ប្រាក់​ឱ្យ​ខ្លួន​បាន​សម្រេច​ប្រហែល ២០​នាក់។

ជន​សង្ស័យ​ឆបោក​ប្រាក់​ទាំង​ពីរ​នាក់​នោះ​ម្នាក់​ជា​ជនជាតិ​នីហ្សេរីយ៉ា ឈ្មោះ Longe Olaouwa Akindele ភេទ​ប្រុស អាយុ ៣០​ឆ្នាំ និង​ម្នាក់​ទៀត​ជា​ជនជាតិ​ខ្មែរ​ឈ្មោះ និន ស្រីពៅ ភេទ​ស្រី អាយុ ៣៣​ឆ្នាំ។ ជន​សង្ស័យ​សារភាព​ថា​ពួក​គេ​ធ្វើ​សកម្មភាព​ឆបោក​ប្រាក់​តាម​បណ្ដាញ​សង្គម​បាន​ជិត ២​ឆ្នាំ ដោយ​ក្លែង​គណនី​ហ្វេសប៊ុក​ផ្ញើ​អីវ៉ាន់​ពី​ក្រៅ​ប្រទេស។ នេះ​បើ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ផ្សាយ​នៅ​ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ​២០២០។

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បញ្ជាក់​ថា ជន​រងគ្រោះ​ពី​ការ​ឆបោក​ប្រាក់​តាម​បណ្ដាញ​សង្គម​ដែល​បាន​ផ្ញើ​ប្រាក់​ឱ្យ​ជន​សង្ស័យ​ទាំង​ពីរ​នាក់​ខាង​លើ​មាន​ប្រហែល ២០​នាក់ និង​សរុប​ជា​ប្រាក់​ប្រហែល ៥​ម៉ឺន​ដុល្លារ​អាមេរិក។

បច្ចុប្បន្ន ជន​សង្ស័យ​ទាំង​ពីរ​នាក់​នេះ ត្រូវ​បាន​នគរបាល​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ និង​បន្ត​ស្រាវជ្រាវ​រក​ជន​សង្ស័យ​ជា​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់​ទៀត​ដែល​តែង​ឱ្យ​ជន​សង្ស័យ​ជា​ស្ត្រី​ជនជាតិ​ខ្មែរ​ទៅ​ដក​ប្រាក់​ជំនួស​កន្លង​ទៅ។

អត្ថបទ​គួរ​អាន

ធនាគារ ABA ឱ្យ​អតិថិជន​ប្រយ័ត្ន​ចំពោះ​ការ​ឆបោក​តាម​អនឡាញ
ជន​សង្ស័យ​ឆបោក​ប្រាក់​តាម​បណ្ដាញ​សង្គម​ជនជាតិ​នីហ្សេរីយ៉ា ឈ្មោះ Longe Olaouwa Akindele។

កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០២០ ជន​សង្ស័យ​ពី​បទ​ឆបោក​ប្រាក់​ទាំង​ពីរ​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​ចំណុច​ផ្ទះ​ជួល​លេខ ៦៥E ផ្លូវ​លេខ​១៨ ក្រុម​៦ ភូមិ​ដំណាក់ធំ៣ សង្កាត់​ស្ទឹងមានជ័យទី៣ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ តាម​ដីកា​បញ្ជា​ឱ្យ​ចូល​ខ្លួន​លេខ​១២១ និង​លេខ​១២២ អ.យ.ក របស់​ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក សេង ហៀង ចុះ​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០២០។ បន្ទាប់​ពី​មាន​ការ​អនុញ្ញាត​ពី​ព្រះរាជអាជ្ញា​រង លោក សេង ហៀង និង​ចូលរួម​ពី​ក្រឡា​បញ្ជី​លោក ផាន់ លីវ៉ា កម្លាំង​ចម្រុះ​បាន​ឆែកឆេរ​ផ្ទះ​ជន​សង្ស័យ និង​ដកហូត​សម្ភារ​មួយ​ចំនួន និង​បិទ​ទ្វារ​ផ្ទះ​ជា​បណ្ដោះអាសន្ន។

ក្នុង​ប្រតិបត្តិការ​ចុះ​ឃាត់​ខ្លួន​ជន​សង្ស័យ​ទាំង​ពីរ​នាក់​នេះ គឺ​មាន​កិច្ច​សហប្រតិបត្តិការ​រវាង​កម្លាំង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​ឧត្ដមសេនីយ៍ឯក ជា ពៅ ប្រធាន​នាយកដ្ឋាន ក្រោម​ការ​ចង្អុល​បង្ហាញ​ពី​នាយ​ឧត្ដមសេនីយ៍​សន្តិ​បណ្ឌិត នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ស្ទឹងមានជ័យទី៣៕

ជន​សង្ស័យ​ឆបោក​ប្រាក់​តាម​បណ្ដាញ​សង្គម​ជនជាតិ​ខ្មែរ​ឈ្មោះ និន ស្រីពៅ។
គណនី​ហ្វេសប៊ុក​ក្លែងក្លាយ។

Comments

Exit mobile version