ធនាគារ ABA ដែលជាធនាគារមួយក្នុងចំណោមធនាគារនៅកម្ពុជា ដែលផ្ដល់សេវាកម្មប្រតិបត្តិការទូទាត់ និងផ្ទេរលុយរហ័សតាមរយៈអនឡាញ ប្រកាសឲ្យអតិថិជនរបស់ខ្លួនប្រុងប្រយ័ត្នចំពោះអំពើឆបោកផ្សេងៗតាមអនឡាញ។
កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ធនាគារនេះបានប្រកាសឲ្យអតិថិជនប្រយ័ត្នបន្ថែមទៀតចំពោះអ៊ីមែល ឬសារខ្លីៗណាមួយដែលអះអាងថាបានផ្ញើចេញពីធនាគារ ABA មិនថាវាមានលក្ខណៈដូចជាសាររបស់ធនាគារពិតៗក៏ដោយ។
សេចក្ដីប្រកាសរបស់ធនាគារ ABA បានបញ្ជាក់យ៉ាងច្បាស់ថា «ធនាគារយើងខ្ញុំមិនដែលឲ្យបុគ្គលិក ឬអ្នកតំណាងណាម្នាក់ទៅទាក់ទងសុំព័ត៌មានគណនី ឬព័ត៌មានកាតពីអតិថិជនឡើយ។» លើសពីនេះទៀត ធនាគារបញ្ជាក់បន្ថែមថា «ធនាគារ ABA មិនដែលផ្ញើអ៊ីមែល សារខ្លីៗ ឬលីងវេបសាយទៅអ្នក (អតិថិជន) ដើម្បីស្នើឲ្យអ្នកបញ្ចូលលេខកាតរបស់ខ្លួន លេខសម្ងាត់របស់ធនាគារអនឡាញ ឬព័ត៌មានសម្ងាត់ដទៃៗទៀតឡើយ។»
ជាទូទៅ សកម្មភាពឆបោកតាមរយៈអ៊ីមែល ឬក៏សារខ្លីៗ ដែលគេហៅថា ភីសស៊ីង (Phishing) គឺជាសកម្មភាពបញ្ចុះបញ្ចូលជនងាយរងគ្រោះដែលជាជនគោលដៅរបស់ជនទុច្ចរិត ឲ្យផ្ដល់ព័ត៌មានដល់ជនទុច្ចរិតដូចជា លេខកាត លេខគណនីធនាគារ លេខសម្ងាត់ និងព័ត៌មានលម្អិតផ្សេងៗទៀតដែលគេអាចយកទៅប្រើដើម្បីធ្វើការក្លែងបន្លំ។ ជនឆបោកតែងព្យាយាមបន្លំធ្វើឲ្យខ្លួនគេមើលទៅ ឬស្ដាប់ទៅដូចជាអ្នកតំណាងមកពីខាងស្ថាប័នណាមួយ ហើយស្នើសុំឲ្យជនងាយរងគ្រោះផ្ដល់ព័ត៌មានដែលគេត្រូវការ។
ដើម្បីជាប្រយោជន៍ដល់លោកអ្នក Tech Khmer សូមដកស្រង់ខ្លឹមសាររបស់ធនាគារ ABA ដើម្បីកត់សម្គាល់អំពើឆបោកតាមអនឡាញដូចខាងក្រោម៖
- សម្គាល់មើលអ៊ីមែលដែលពួកគេប្រើដើម្បីទាក់ទងមក៖ ជួនកាលអ៊ីមែលដែលជនក្លែងបន្លំប្រើវាមានភាពខុសគ្នាពីអ៊ីមែលពិតតែអក្សរមួយប៉ុណ្ណោះ។ ចងចាំថា ធនាគារយើងខ្ញុំមិនដែលប្រើប្រាស់អ៊ីមែលដែលមានអាសយដ្ឋាន ababakn.com, advancebankasia.com, ababankofasla.com, advancebankofasia.com, ababnkofasla.com, accountant.com, ababcambodia.org, ababankonline.com, ababkonline.com, ababnk.com, abacamb.com, advancedbankasia.com ឬអាសយដ្ឋានអ៊ីមែលស្រដៀងៗនេះឡើយ ហើយធនាគារ ABA ក៏មិនដែលស្នើឲ្យភាគីទី៣ណាផ្សេងទៀត ទាក់ទងអតិថិជនដើម្បីទៅទទួលយករង្វាន់ បណ្តាំមរតក និងអំណោយនានានោះទេ។ អ៊ីមែលផ្លូវការរបស់យើង គឺត្រូវចេញពីអាសយដ្ឋាន តែប៉ុណ្ណោះ!
- ខ្លឹមសារនៃអ៊ីមែលដែលចាប់ផ្តើមជាមួយនឹងការបំភ័យ ឬជំរុញអ្នកឲ្យចុចលើលីង ឬដោនឡូដឯកសារភ្ជាប់។
- អ្នកផ្ញើអ៊ីមែលសរសេរឈ្មោះអ្នកមិនត្រឹមត្រូវ ឬមិនបានលើកឡើងពីឈ្មោះអ្នកចំជាដើម។
- ហត្ថលេខារបស់អ៊ីមែលមានភ្ជាប់ជាមួយលីងដែលមិនពាក់ព័ន្ធជាមួយ ABA។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់តំណភ្ជាប់របស់ធនាគារ!
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកបានដឹងផង។ សូមអរគុណ!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.netទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕