Site icon Tech Khmer

នគរបាល​ឃាត់​ខ្លួន​បុរស​ម្នាក់​ពាក់ព័ន្ធ​លួច​គណនី​ហ្វេសប៊ុក​និង​បង្ហោះ​រូប​អាក្រាត

ជន​សង្ស័យ​ឈ្មោះ លី សុខផេង ពាក់ព័ន្ធ​នឹង​លួច​គណនី​ហ្វេសប៊ុក និង​បង្ហោះ​រូបភាព​អាក្រាត​បរិហារ​កេរ្តិ៍​ម្ចាស់​គណនី។

ជន​សង្ស័យ​ឈ្មោះ លី សុខផេង ពាក់ព័ន្ធ​នឹង​លួច​គណនី​ហ្វេសប៊ុក និង​បង្ហោះ​រូបភាព​អាក្រាត​បរិហារ​កេរ្តិ៍​ម្ចាស់​គណនី។

កម្លាំង​នគរបាល​ខណ្ឌ​ចំការមន ឃាត់​ខ្លួន​បុរស​ម្នាក់​ពាក់ព័ន្ធ​នឹង​ករណី​លួច​កាន់កាប់​គណនី​ហ្វេសប៊ុក (Facebook Account) អ្នក​ដទៃ​ដោយ​គ្មាន​ការ​អនុញ្ញាត និង​បង្ហោះ​រូបភាព​អាក្រាត​បរិហារ​កេរ្តិ៍​ម្ចាស់​គណនី​ហ្វេសប៊ុក។

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ផ្សព្វផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​នៅ​យប់​ថ្ងៃ​ទី​០៤ ខែ​មេសា ឆ្នាំ​២០១៩ ឲ្យ​ដឹង​ថា នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សហការ​ជាមួយ​នឹង​សមត្ថកិច្ច​នៃ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ចំការមន បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ឈ្មោះ លី សុខផេង នៅ​ថ្ងៃ​ទី​០៣ ខែ​មេសា ពាក់ព័ន្ធ​នឹង​ករណី​លួច​កាន់កាប់​គណនី​ហ្វេសប៊ុក​អ្នក​ដទៃ​ដោយ​គ្មាន​ការ​អនុញ្ញាត និង​បាន​បង្ហោះ​រូបភាព​អាក្រាត​បរិហារ​កេរ្តិ៍​ម្ចាស់​គណនី​ហ្វេសប៊ុក។

នាយកដ្ឋាន​ឲ្យ​ដឹង​ទៀត​ថា ការ​ឈាន​ដល់​ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ខាង​លើ បន្ទាប់​ពី​មាន​ការ​ឯកភាព​ពី​ព្រះរាជអាជ្ញារង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក រៀល សុភិន និង​មាន​ការ​ចង្អុល​បង្ហាញ​ពី​ដើម​បណ្ដឹង​អំពី​ការ​លួច​កាន់កាប់​គណនី​ហ្វេសប៊ុក និង​បង្ហោះ​រូបភាព​អាក្រាត​របស់​ម្ចាស់​គណនី​ហ្វេសប៊ុក។

រហូត​ដល់​រសៀល​ថ្ងៃ​ទី​០៤ ខែ​មេសា នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​បាន​បញ្ជូន​សំណុំ​រឿង និង​ជន​សង្ស័យ​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី។

កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៩ បុរស​ម្នាក់​ឈ្មោះ វឿន គឹមលន់ អាយុ ២៤​ឆ្នាំ ក៏​ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​ខេត្ត​បន្ទាយមានជ័យ ពាក់ព័ន្ធ​នឹង​ករណី​បង្ហោះ​ព័ត៌មាន​មិន​ពិត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) និង​បណ្ដាញ​សង្គម​យូធូប (YouTube) ក្នុង​គោល​បំណង​រក​ប្រាក់​ចំណូល​ពី​បណ្ដាញ​សង្គម​ទាំងនេះ។ ចំណែក​ឯ​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៨ នាយកដ្ឋាន​ក៏​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ដែល​គំរាម​យក​ប្រាក់​ពី​ជន​រងគ្រោះ ដោយ​ព្រមាន​បង្ហោះ​រូបភាព និង​វីដេអូ​អាក្រាត​របស់​ជន​រងគ្រោះ​នៅ​លើ​បណ្ដាញ​សង្គម បន្ទាប់​ពី​ជន​សង្ស័យ​បោកប្រាស់​បាន​ពី​ជន​រងគ្រោះ។

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ឲ្យ​បាន​ដឹង​អំពី​ព័ត៌មាន​នេះ​ផង។ សូម​អរគុណ!

ជន​សង្ស័យ​ឈ្មោះ លី សុខផេង ពាក់ព័ន្ធ​នឹង​លួច​គណនី​ហ្វេសប៊ុក និង​បង្ហោះ​រូបភាព​អាក្រាត​បរិហារ​កេរ្តិ៍​ម្ចាស់​គណនី។

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.netទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

Exit mobile version