Site icon Tech Khmer

Password អ្នក​ប្រើ Facebook រាប់​លាន​ត្រូវ​បាន​រក្សា​ទុក​ជា​ទម្រង់​អាន​បាន

ពាក្យ​សម្ងាត់​គណនី​ហ្វេសប៊ុក (Facebook's Account Password)។

ពាក្យ​សម្ងាត់​គណនី​ហ្វេសប៊ុក (Facebook's Account Password)។

ពាក្យ​សម្ងាត់​ (Password) របស់​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) រាប់​រយ​លាន​គណនី ត្រូវ​បាន​រក​ឃើញ​ថា​ត្រូវ​បាន​រក្សា​ទុក​ក្នុង​ទម្រង់​អាច​អាន​បាន (Plain Text) ដែល​មិន​បាន​ធ្វើ​កូដនីយកម្ម (Encrypted) មុន​នឹង​រក្សា​ទុក​ក្នុង​ប្រព័ន្ធ​ទិន្នន័យ​ឡើយ (Database)។

ក្រុមហ៊ុន​ហ្វេសប៊ុក (Facebook) ប្រកាស​នៅ​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៩ នេះ​ថា ក្រុមហ៊ុន​បាន​រក​ឃើញ​ពាក្យ​សម្ងាត់​របស់​អ្នក​ប្រើប្រាស់​គណនី​ហ្វេសប៊ុក​មួយ​ចំនួន​ត្រូវ​បាន​រក្សា​ទុក​ក្នុង​ទម្រង់​អាច​អាន​បាន (readable) នៅ​ក្នុង​ប្រព័ន្ធ​រក្សា​ទិន្នន័យ​ផ្ទៃក្នុង​របស់​ក្រុមហ៊ុន។ ការ​រក​ឃើញ​នេះ បន្ទាប់​ពី​ក្រុមហ៊ុន​បាន​ធ្វើ​ការ​ត្រួត​ពិនិត្យ​ទៅ​លើ​ប្រព័ន្ធ​សន្តិសុខ​របស់​ហ្វេសប៊ុក​កាល​ពី​ខែ​មករា កន្លង​ទៅ​នេះ។

ទោះ​យ៉ាង​ណា ក្រុមហ៊ុន​ហ្វេសប៊ុក​បញ្ជាក់​ថា ក្រុមហ៊ុន​បាន​ជួសជុល​នូវ​បញ្ហា​នេះ​រួចរាល់​ហើយ និង​ដើម្បី​ជា​ការ​ប្រុងប្រយ័ត្ន ក្រុមហ៊ុន​នឹង​ជូន​ដំណឹង​ដល់​អ្នក​ប្រើប្រាស់​ទាំងអស់​ដែល​រងគ្រោះ​ក្នុង​ករណី​នេះ។

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ហ្វេសប៊ុក​ដដែល ឲ្យ​ដឹង​ទៀត​ថា ពាក្យ​សម្ងាត់​ដែល​ត្រូវ​បាន​រក​ឃើញ​ថា​ត្រូវ​បាន​រក្សា​ទុក​ក្នុង​ទម្រង់​អាច​អាន​បាន​នោះ ពុំ​មាន​អ្នក​ខាង​ក្រៅ​ក្រុមហ៊ុន​ហ្វេសប៊ុក​មើល​ឃើញ​នោះ​ទេ ហើយ​ក្រុមហ៊ុន​ក៏​រក​មិន​ឃើញ​ភស្តុតាង​ណា​មួយ​រហូត​ដល់​ថ្ងៃ​នេះ ដែល​ថា​បុគ្គលិក​ក្រុមហ៊ុន​ហ្វេសប៊ុក​បាន​រំលោភ​បំពាន ឬ accessed ទៅ​កាន់​ពាក្យ​សម្ងាត់​នោះ​ឡើយ។

ក្រុមហ៊ុន​ប៉ាន់ស្មាន​ថា ករណី​នេះ​អាច​ប៉ះពាល់​ដល់​អ្នក​ប្រើប្រាស់ Facebook Lite រាប់​រយ​លាន​គណនី អ្នក​ប្រើប្រាស់ Facebook រាប់​សិប​លាន​គណនី និង​អ្នក​ប្រើប្រាស់ Instagram រាប់​សិប​ពាន់​គណនី។

ក្រុមហ៊ុន​អះអាង​ថា នៅ​ពេល​អ្នក​ប្រើប្រាស់​បង្កើត​គណនី​ភ្លាម គឺ​ហ្វេសប៊ុក​នឹង​ធ្វើ​កូដនីយកម្ម​ពាក្យ​សម្ងាត់​នោះ សូម្បី​តែ​បុគ្គលិក​ក្រុមហ៊ុន​ក៏​មិន​អាច​មើល​ឃើញ​ដែរ ដោយ​ក្រុមហ៊ុន​ប្រើ​បច្ចេកទេស និង function ដើម្បី​ជំនួស​ពាក្យ​សម្ងាត់​ពិត​របស់​អ្នក​ប្រើប្រាស់​ដោយ​សំណុំ​នៃ​តួ​អក្សរ​ចៃដន្យ​វិញ។

ទោះ​បី​ជា​ក្រុមហ៊ុន​ហ្វេសប៊ុក​បញ្ជាក់​ថា​ពាក្យ​សម្ងាត់​ទាំងនោះ​មិន​បាន​លេច​ធ្លាយ​ទៅ​ខាង​ក្រៅ​ក៏ដោយ ប៉ុន្តែ Tech Khmer លើក​ទឹក​ចិត្ត​លោក​អ្នក​សូម​ប្រញាប់​ផ្លាស់ប្ដូរ​ពាក្យ​សម្ងាត់​ថ្មី​ដើម្បី​សុវត្ថិភាព​គណនី​ហ្វេសប៊ុក និង​គណនី Instagram របស់​លោក​អ្នក។

អត្ថបទ​ទាក់ទង

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ឲ្យ​បាន​ដឹង​អំពី​ព័ត៌មាន​នេះ​ផង។ សូម​អរគុណ!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.netទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

Exit mobile version