ពាក្យសម្ងាត់ (Password) ត្រូវបានបង្កើតឡើងដើម្បីការពារគណនីនៅលើអនឡាញ (Online Account) ដូចជាគណនីហ្វេសប៊ុក (Facebook Account) គណនីជីមែល (Gmail Account) គណនីយ៉ាហ៊ូ (Yahoo Account) គណនីធនាគារអនឡាញ និងគេហទំព័រទិញលក់ទំនិញអនឡាញជាដើម។
ចុះបើពាក្យសម្ងាត់របស់អ្នកត្រូវបានគេលួចយក បំបែកបាន ឬរាវរកឃើញ តើនឹងមានរឿងអ្វីខ្លះកើតឡើងចំពោះគណនីនៅលើអនឡាញ និងទិន្នន័យរបស់អ្នក? ច្បាស់ណាស់ នៅពេលនោះរូបភាពឯកជនរបស់អ្នកអាចនឹងត្រូវជនខិលខូចទាំងនោះដាក់បង្ហាញនៅលើអ៊ីនធឺណិត ឬនឹងត្រូវពួកគេគំរាមកំហែងទាមទារឲ្យបង់លុយជាថ្នូរនឹងមិនបង្ហាញព័ត៌មានទាំងនោះ។ល។ លើសពីនេះទៀត ប្រសិនបើអ្នកជាអ្នកជំនួញ ហើយផ្ទុកទិន្នន័យសំខាន់ៗនៅលើអ៊ីមែល ឬ Online Storage ហើយត្រូវបានក្រុមជនខិលខូចលួចយកបាន នោះអាជីវកម្មរបស់អ្នកអាចនឹងជួបហានិភ័យច្រើនជាក់ជាមិនខាន ដូចជាបាត់បង់ទំនុកចិត្តពីដៃគូអាជីវកម្ម ឬត្រូវគូប្រកួតប្រជែងដណ្ដើមទីផ្សារជាដើម។
ដូច្នេះ ការបង្កើតពាក្យសម្ងាត់ដែលមានសុវត្ថិភាពសម្រាប់គណនីអនឡាញរបស់អ្នក គឺមានសារសំខាន់ណាស់ដែលអាចជួយ៖
- ការពារព័ត៌មានឯកជនរបស់អ្នកឲ្យមានសុវត្ថិភាព
- ការពារគណនីអ៊ីមែល ឯកសារ និងទិន្នន័យផ្សេងៗទៀត
- ការពារមិនឲ្យអ្នកណាម្នាក់អាចលួចចូលទៅក្នុងគណនីអនឡាញរបស់អ្នក។
Tech Khmer សូមលើកយកគន្លឹះខ្លះៗក្នុងការបង្កើតពាក្យសម្ងាត់ដែលមានសុវត្ថិភាពដូចខាងក្រោមនេះ៖
ជំហានទី១៖ អ្នកត្រូវប្រាកដថា
- ពាក្យសម្ងាត់របស់អ្នកគឺចាប់ពី ១២តួឡើងទៅ
- មានបញ្ចូលទាំងអក្សរតូច អក្សរធំ (a-z, A-Z)
- មានបញ្ចូលលេខ (0-9)
- និងមានបញ្ចូលនិមិត្តសញ្ញាផងដែរ (+-*/\=?^!…)។
អ្នកត្រូវចាំថា៖
- ពាក្យសម្ងាត់មួយរបស់អ្នក មិនត្រូវបានប្រើសម្រាប់គណនីអនឡាញច្រើននោះទេ។
- អ្នកមិនត្រូវប្រើពាក្យសម្ងាត់ដែលធ្លាប់ប្រើពីមុននោះទេ។
អត្ថបទគួរអាន៖ តើ Password និង Passphrase ខុសគ្នាដូចម្ដេច? ហើយមួយណាល្អជាង?
អានអត្ថបទផ្សេងទៀត៖
- គណនីហ្វេសប៊ុកត្រូវគេលួច អាចដាក់ពាក្យប្ដឹងទៅនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា
- របៀបចាក់សោគណនីហ្វេសប៊ុកពីរជាន់
- បង្កើតគណនី Apple ID ដោយមិនចាំបាច់មាន Visa Card/Master Card នៅលើ iPhone
ជំហានទី២៖ របៀបបង្កើតពាក្យសម្ងាត់ដែលមានសុវត្ថិភាពខ្ពស់
- បញ្ចូលអក្សរ លេខ និងនិមិត្តសញ្ញារួមគ្នា៖ ជ្រើសរើសពាក្យ ឬឃ្លាណាមួយធ្វើជាពាក្យសម្ងាត់ រួចហើយប្ដូរតួអក្សរខ្លះទៅជាលេខ និងនិមិត្តសញ្ញាជំនួសវិញ។
=> ជម្រើសទី១ ប្ដូរតួអក្សរមួយចំនួនទៅជាលេខ និងនិមិត្តសញ្ញា។ ឧទាហរណ៍ ឃ្លា «Welcome to Cambodia» ប្ដូរទៅជា «W3lc0m3t0c@mb0d!@»។ ដោយប្ដូរ អក្សរ e ទៅជាលេខ 3 ប្ដូរអក្សរ o ទៅជាលេខ 0 ប្ដូរអក្សរ a ទៅសញ្ញា @ ប្ដូរអក្សរ i ទៅជាសញ្ញា ! ។ល។ លោកអ្នកក៏អាចជ្រើសរើសគំរូផ្សេងពីនេះបានផងដែរ។
=> ជម្រើសទី២ ជ្រើសរើសប្រយោគវែងណាមួយដែលអ្នកងាយចាំ រួចជ្រើសយកតែតួអក្សរដំបូងនៃពាក្យនីមួយៗនៅក្នុងប្រយោគនោះ។ ឧទាហរណ៍ ប្រយោគ «Uncle Peter always ate chocolate-covered everything» ប្ដូរទៅជា «4P@@cce!»។ ដោយប្ដូរអក្សរ U ទៅជាលេខ 4 ប្ដូរអក្សរ a ទៅជាសញ្ញា @ ជាដើម។
- ជៀសវាងយកព័ត៌មានទាក់ទងនឹងខ្លួនឯងមកធ្វើជាពាក្យសម្ងាត់ដែលអាចឲ្យអ្នកដទៃអាចងាយស្រួលក្នុងការទាយពាក្យសម្ងាត់របស់អ្នក ដូចជាកុំប្រើឈ្មោះហៅក្រៅរបស់អ្នក កុំប្រើឈ្មោះ ឬលេខផ្លូវរបស់អ្នក កុំប្រើឈ្មោះសាច់ញាតិជិតដិតរបស់អ្នក កុំប្រើឈ្មោះសត្វចិញ្ចឹមរបស់អ្នកជាដើម។
- កុំប្រើពាក្យ ឃ្លា ឬក៏ទម្រង់ណាមួយដែលសាមញ្ញឲ្យសោះ ដូចជាពាក្យ password, letmein, abcd, 1234, qwerty, qazwsx ។ល។
- កុំប្រើពាក្យសម្ងាត់ដដែលឡើងវិញឲ្យសោះ មានន័យថា កុំប្រើពាក្យសម្ងាត់របស់គណនីអ៊ីមែលដូចនឹងពាក្យសម្ងាត់របស់គណនីធនាគារ ជាដើម។ ដូច្នេះ គ្រប់គណនីអនឡាញត្រូវតែមានពាក្យសម្ងាត់ផ្សេងៗគ្នា។
ជំហានទី៣៖ តើត្រូវរក្សាពាក្យសម្ងាត់ដោយរបៀបណា?
បន្ទាប់ពីអ្នកបានបង្កើតពាក្យសម្ងាត់ដែលមានសុវត្ថិភាពខ្ពស់ហើយ សូមរក្សាវាទុកឲ្យមានសុវត្ថិភាព ដោយជៀសវាងសរសេរវាទុកនៅលើតុ ឬបិទនៅលើកុំព្យូទ័រ ជាដើម។ ប្រសិនបើអ្នកមានពាក្យសម្ងាត់ច្រើន ហើយពិបាកក្នុងការចងចាំ សូមពិចារណាក្នុងការប្រើប្រាស់កម្មវិធីគ្រប់គ្រងពាក្យសម្ងាត់ (password manager) ណាមួយដែលអ្នកជឿទុកចិត្ត។
ជាចុងក្រោយ ដើម្បីជៀសវាងក្នុងករណីអ្នកភ្លេចពាក្យសម្ងាត់ និងមិនចង់បាត់បង់គណនីអនឡាញរបស់អ្នក សូមធ្វើការរៀបចំវិធីសាស្ត្រស្រោចស្រង់គណនី (recovery) អនឡាញរបស់អ្នកជាមុន ដូចជាបញ្ចូលលេខទូរស័ព្ទ ឬគណនីអ៊ីមែលទៅក្នុងគណនីអនឡាញដែលអាចឲ្យអ្នកមានលទ្ធភាពស្រោចស្រង់វាមកវិញ។
អត្ថបទបន្ទាប់ Tech Khmer នឹងលើកយកការប្រើប្រាស់កម្មវិធីគ្រប់គ្រងពាក្យសម្ងាត់ (Password Manager) មកបង្ហាញជូនលោកអ្នក៕