ទូរសព្ទស្មាតហ្វូន (Smartphone) របស់ប្រទេសវៀតណាម បង្ហាញខ្លួនលើកដំបូងនៅប្រទេសមីយ៉ាន់ម៉ា (Myanmar)។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Plus។
ក្រុមហ៊ុន BKAV Corporation បានប្រារព្ធពិធីសម្ពោធកាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ ដើម្បីដាក់បង្ហាញទូរសព្ទឆ្លាតវៃរបស់ខ្លួនដែលផលិតនៅប្រទេសវៀតណាម ឈ្មោះ Bphone 3 ទៅកាន់ទីផ្សារប្រទេសមីយ៉ាន់ម៉ា។
Bphone 3 គឺជាទូរសព្ទជំនាន់ទី៣។ វាត្រូវបានដាក់លក់កាលពីខែតុលា ឆ្នាំ២០១៨ ដែលមានទំហំអេក្រង់ ៦អ៊ីន (inch) ប្រភេទ ១៨:៩ HD ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ៨.១ និង CPU ជំនាន់ Snapdragon Qualcomm 636 មួយបន្ទះ ដែលធ្វើឱ្យល្បឿនរបស់វាលឿនជាងទូរសព្ទ Bphone 2។
បើតាមសារព័ត៌មានដដែលឱ្យដឹងថា ទូរសព្ទ Bphone 3 ឈ្នះពានរង្វាន់ទូរសព្ទល្អបំផុតរបស់វៀតណាម នៅក្នុងកម្មវិធីពានរង្វាន់បច្ចេកវិទ្យារបស់វៀតណាម ឆ្នាំ២០១៩ (VnExpress Tech Awards) កាលពីដើមឆ្នាំនេះ។
ទោះយ៉ាងណា មុននឹងឈានជើងចូលទីផ្សារប្រទេសមីយ៉ាន់ម៉ា ក្រុមហ៊ុននេះបានចំណាយពេល ៦ខែក្នុងការសិក្សាអំពីទីផ្សារប្រទេសមីយ៉ាន់ម៉ា បណ្ដុះបណ្ដាលបុគ្គលិក និងបង្កើតកម្មវិធីដើម្បីគាំទ្រដល់អតិថិជនក្នុងតំបន់។
ក្រុមហ៊ុនក៏បានបង្កើតសាខាមួយនៅទីក្រុងយ៉ាំងហ្គោន (Yangon) និងមជ្ឈមណ្ឌលសេវាកម្មចំនួនបីផងដែរ។
ហាងប្រហែល ១០០កន្លែងទូទាំងប្រទេសមីយ៉ាន់ម៉ា នឹងមានដាក់លក់ទូរសព្ទ Bphone 3 ក្នុងតម្លៃប្រហែល ៣៣១ដុល្លារសហរដ្ឋអាមេរិក និង Bphone 3 Pro ក្នុងតម្លៃប្រហែល ៤៦១ដុល្លារសហរដ្ឋអាមេរិក បន្ទាប់ពីការសម្ពោធនេះរួច។
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់អ្នកផង។ សូមអរគុណ..!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.netទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕