Site icon Tech Khmer

វៀតណាម​គ្រោង​បង្ហោះ​ផ្កាយរណប​រ៉ាដា​តាមដាន​អាកាសធាតុ​ដំបូង​បង្អស់​ផលិត​ដោយ​ខ្លួនឯង​នៅ​ដើម​ឆ្នាំ​២០២៥

ផ្កាយរណប​រ៉ាដា​ឈ្មោះ LOTUSat-1 របស់​វៀតណាម

ផ្កាយរណប​រ៉ាដា​ឈ្មោះ LOTUSat-1 របស់​វៀតណាម សម្រាប់​តាមដាន​អាកាសធាតុ​ដំបូង​បង្អស់ នឹង​ត្រូវ​បាញ់​បង្ហោះ​នៅ​ដើម​ឆ្នាំ​២០២៥ ក្រោយពី​គេ​រំពឹង​ថា​ការ​បង្កើត​ផ្កាយរណប​នេះ​នឹង​ត្រូវ​បញ្ចប់​នៅ​ក្នុង​ខែ​មីនា ឆ្នាំ​២០២៤ នេះ។

យោង​តាម​សារព័ត៌មាន​វៀតណាម VnExpress ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០២៤ ឲ្យ​ដឹង​ថា ផ្កាយរណប​រ៉ាដា​តាមដាន​អាកាសធាតុ​ដំបូង​បង្អស់​របស់​វៀតណាម នេះ មាន​សមត្ថភាព​ផ្ដល់​ការ​ព្រមាន​ជា​មុន​អំពី​គ្រោះ​មហន្តរាយ​ធម្មជាតិ និង​ជួយ​កាត់​បន្ថយ​ការ​ខូចខាត​បណ្ដាល​មកពី​គ្រោះ​ធម្មជាតិ​បាន​រហូត​ដល់ ១០%។

អគ្គនាយក​រង​នៃ​មជ្ឈមណ្ឌល​អវកាស​ជាតិ​វៀតណាម លោក ឡេ ស៊ួន ហុយ (Le Huan Huy) លើកឡើង​នៅ​ក្នុង​សារព័ត៌មាន​វៀតណាម VnExpress ថា ការ​បង្កើត​ផ្កាយរណប​រ៉ាដា LOTUSat-1 គឺ​ទទួល​បាន​ជំនួយ​ពី​វិស្វករ​ជប៉ុន និង​បាន​ចាប់ផ្ដើម​ផលិត​នៅ​ខែ​កញ្ញា ឆ្នាំ​២០១២ នៅ​មជ្ឈមណ្ឌល​ស្ថិត​ក្នុង​ឧទ្យាន Hoa Lac Hi-tech នៃ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម។

លោក​បន្ត​ថា ផ្កាយរណប​នេះ​អាច​ថត​រូប​បាន​គ្រប់​លក្ខខណ្ឌ​អាកាសធាតុ ពពក អ័ព្ទ ឬ​ពន្លឺ​តិច​ក៏ដោយ ដោយសារ​វា​ប្រើ​ឧបករណ៍​ចាប់​សញ្ញា​ប្រើ​រលក​វិទ្យុ​ដើម្បី​អង្កេត​មើល​ផែនដី និង​ដំណើរការ​ដោយ​ឯករាជ្យ​ពី​ប្រភព​ពន្លឺ​ដែល​អាច​ដំណើរការ​បាន ២៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ និង ៧​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍។

លោក ហុយ (Huy) បញ្ជាក់​ថា ការ​បង្កើត​ផ្កាយរណប​រ៉ាដា LOTUSat-1 នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​គម្រោង​របស់​មជ្ឈមណ្ឌល​អវកាស​ជាតិ​វៀតណាម ដើម្បី​ការពារ​គ្រោះ​មហន្តរាយ​ធម្មជាតិ និង​ការ​ប្រែប្រួល​អាកាសធាតុ។

ផ្កាយរណប​រ៉ាដា LOTUSat-1 មាន​ទម្ងន់ ៦០០​គីឡូក្រាម ប្រើ​បច្ចេកវិទ្យា​រ៉ាដា​ចុងក្រោយ​បង្អស់ និង​មាន​គុណសម្បត្តិ​ជាច្រើន​ដូចជា កំណត់​រូបភាព​ចាប់ពី​ទំហំ ១​ម៉ែត្រ​នៅ​លើ​ផែនដី និង​សមត្ថភាព​អាច​អង្កេត​ទាំង​ថ្ងៃ ទាំង​យប់ ហើយ​ផ្ដល់​នូវ​ព័ត៌មាន​សុក្រិត​ដើម្បី​ឆ្លើយតប​នឹង​ការ​កាត់បន្ថយ​ផល​ប៉ះពាល់​បណ្ដាល​មកពី​គ្រោះ​ធម្មជាតិ ការ​ប្រែប្រួល​អាកាសធាតុ ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ និង​តាមដាន​បរិស្ថាន។

ផ្កាយរណប​នេះ​ជា​ផ្កាយរណប​ទី​៤ របស់​វៀតណាម បន្ទាប់ពី​ផ្កាយរណប​ខ្នាត​តូច​ចំនួន​៣ ដូចជា ផ្កាយរណប​ឈ្មោះ PicoDragon សម្រាប់​អង្កេត​ផែនដី ផ្កាយរណប​ឈ្មោះ Nano Dragon និង MicroDragon សម្រាប់​អង្កេត​ដែន​សមុទ្រ ត្រូវ​បាន​បាញ់​បង្ហោះ​ក្នុង​ឆ្នាំ​២០១៣ ២០១៩ និង​ឆ្នាំ​២០២១ ចូល​គន្លង​គោចរ​ពី​ប្រទេស​ជប៉ុន ដោយ​មាន​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​រវាង​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​វៀតណាម (VAST) ជាមួយ​ទីភ្នាក់ងារ​រុករក​អវកាស​ជប៉ុន (JAXA)៕

Comments

Exit mobile version