Site icon Tech Khmer

ចាប់​យុវជន​ម្នាក់​ដែល Hack គណនី​ហ្វេសប៊ុក​ជាង​២០០​គណនី​និង​ឆបោក​ប្រាក់

ជន​សង្ស័យ​ឈ្មោះ គ្រួច ស៊ីឆៃ ពាក់ព័ន្ធ​នឹង​ករណី​លួច​ចូល​គណនី​ហ្វេសប៊ុក (Facebook) អ្នក​ដទៃ​ដោយ​គ្មាន​ការ​អនុញ្ញាត និង​ឆបោក​ប្រាក់។ (Credit: ACCP)

ជន​សង្ស័យ​ឈ្មោះ គ្រួច ស៊ីឆៃ ពាក់ព័ន្ធ​នឹង​ករណី​លួច​ចូល​គណនី​ហ្វេសប៊ុក (Facebook) អ្នក​ដទៃ​ដោយ​គ្មាន​ការ​អនុញ្ញាត និង​ឆបោក​ប្រាក់។ (Credit: ACCP)

កម្លាំង​សមត្ថកិច្ច​រាជធានី​ភ្នំពេញ ចាប់​ខ្លួន​យុវជន​ម្នាក់​ដែល​លួច​ចូល​គណនី​ហ្វេសប៊ុក (Hacked Facebook Account) អ្នក​ដទៃ​រហូត​ជាង ២០០​គណនី ដើម្បី​ឆបោក​យក​ប្រាក់​តាម​គ្រប់​រូបភាព ហើយ​ក្នុង​នោះ​មាន​គណនី​ហ្វេសប៊ុក​ចំនួន ៥០​គណនី​ដែល​ចាញ់​បោក​យុវជន​រូប​នេះ។

ការ​ចាប់​ខ្លួន​យុវជន​ម្នាក់​នេះ បន្ទាប់​ពី​ជន​រងគ្រោះ​បាន​ដាក់​ពាក្យ​បណ្ដឹង​ពី​បទ​លួច​ចូល​ប្រើប្រាស់​គណនី​ហ្វេសប៊ុក​អ្នក​ដទៃ​ដោយ​គ្មាន​ការ​អនុញ្ញាត រួច​ឆាត (ផ្ញើ​សារ) ទៅ​ខ្ចី​ប្រាក់​ពី​មិត្តភ័ក្ដិ​នៅ​ក្នុង​ហ្វេសប៊ុក ដោយ​តម្រូវ​ឱ្យ​ផ្ញើ​ប្រាក់​តាម​ក្រុមហ៊ុន​វេរ​លុយ។

ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ឧត្ដមសេនីយ៍ឯក ជា ពៅ មាន​ប្រសាសន៍​ថា យុវជន​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ត្រង់​ចំណុច​ផ្លូវ​លេខ​១៨២ សង្កាត់​ទឹកល្អក២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៩។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទំព័រ​ហ្វេសប៊ុក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣១ ឧសភា។

លោក​ឧត្ដមសេនីយ៍ឯក​បន្ត​ថា ប្រតិបត្តិការ​ចាប់​ខ្លួន​យុវជន​ដែល​លួច​គណនី​ហ្វេសប៊ុក​អ្នក​ដទៃ​នេះ ដឹកនាំ​ដោយ​ឧត្ដមសេនីយ៍ទោ ស៊ីវ ឈាន់ សហការ​ជាមួយ​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​នាយ​ឧត្ដមសេនីយ៍​សន្តិ​បណ្ឌិត នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ដោយ​មាន​ការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​រង រៀល សុភិន។

ជន​សង្ស័យ​ឈ្មោះ គ្រួច ស៊ីឆៃ ពាក់ព័ន្ធ​នឹង​ករណី​លួច​ចូល​គណនី​ហ្វេសប៊ុក (Facebook) អ្នក​ដទៃ​ដោយ​គ្មាន​ការ​អនុញ្ញាត និង​ឆបោក​ប្រាក់។ (Credit: ACCP)

ឧត្ដមសេនីយ៍ឯក ជា ពៅ ឲ្យ​ដឹង​ទៀត​ថា យុវជន​ដែល hack គណនី​ហ្វេសប៊ុក​អ្នក​ដទៃ​នេះ​មាន​ឈ្មោះ គ្រួច ស៊ីឆៃ ជនជាតិ​ខ្មែរ កើត​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​១៩៩៧ មុខ​របរ​មិន​ពិត​ប្រាកដ មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​សង្កាត់​ភ្នំពេញថ្មី ខណ្ឌ​សែនសុខ។ ក្រោយ​ចាប់​ខ្លួន ជន​សង្ស័យ​រូប​នេះ​បាន​សារភាព​ថា ខ្លួន​ធ្លាប់​ឆបោក​ប្រាក់​ជា​ច្រើនសា និង​លួច​ចូល​គណនី​ហ្វេសប៊ុក​បាន​ប្រហែល ២០០​គណនី ហើយ​ក្នុង​ចំណោម​គណនី​ទាំងនោះ មាន​គណនី​ជាង ៥០​គណនី​ដែល​រូប​គេ​ឆបោក​យក​ប្រាក់​បាន​សម្រេច។

បច្ចុប្បន្ន នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា កំពុង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី។ នាយកដ្ឋាន​បញ្ជាក់​ផង​ដែរ​ថា កន្លង​ទៅ នាយកដ្ឋាន​បាន​ទទួល​ពាក្យ​បណ្ដឹង​ពាក់ព័ន្ធ​នឹង​ករណី​នេះ​ជាច្រើន​ពី​ជន​រងគ្រោះ។

ទោះ​យ៉ាង​ណា ឯកឧត្តម​ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ក្រើន​រំឭក​ដល់​ពលរដ្ឋ​ដែល​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ករណី​ដែល​មាន​ការ​ផ្ញើ​សារ​ខ្ចី​ប្រាក់​តាម​បណ្ដាញ​សង្គម ដោយ​ឱ្យ​ផ្ញើ​ប្រាក់​ទៅ​លេខ​ដែល​មិន​មែន​ជា​លេខ​របស់​ម្ចាស់​គណនី​ហ្វេសប៊ុក។ ឧត្តមសេនីយ៍ឯក​ណែនាំ​ថា មុន​នឹង​ផ្ញើ​ប្រាក់​ឱ្យ​នរណា​ម្នាក់ សូម​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហៅ​ទូរស័ព្ទ (Call) ទៅ​បញ្ជាក់​ពី​ម្ចាស់​គណនី​ហ្វេសប៊ុក​អំពី​ការ​ខ្ចី​ប្រាក់​នេះ​ជា​មុន​សិន។

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​អ្នក​ឱ្យ​បាន​ដឹង​ផង។ សូម​អរគុណ..!

សារ​របស់​ជន​សង្ស័យ​ឈ្មោះ គ្រួច ស៊ីឆៃ ដោយ​ប្រើប្រាស់​គណនី​ហ្វេសប៊ុក​អ្នក​ដទៃ​ផ្ញើ​ខ្ចី​លុយ។ (Credit: ACCP)
សារ​របស់​ជន​សង្ស័យ​ឈ្មោះ គ្រួច ស៊ីឆៃ ដោយ​ប្រើប្រាស់​គណនី​ហ្វេសប៊ុក​អ្នក​ដទៃ​ផ្ញើ​ខ្ចី​លុយ។ (Credit: ACCP)

អត្ថបទ​ទាក់ទង

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.netទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

Exit mobile version