Site icon Tech Khmer

Messenger Kids ជួយ​ឪពុក​ម្ដាយ​គ្រប់គ្រង​កូនៗ​ជជែក​កម្សាន្ត

Messenger Kids

Messenger Kids

បន្ទាប់​ពី​ក្រុមហ៊ុន​ហ្វេសប៊ុក (Facebook) បាន​ពិភាក្សា​ជាមួយ​ឪពុក​ម្ដាយ​រាប់​ពាន់​គ្រួសារ សមាគម និង​អ្នក​ជំនាញ​នៅ​សហរដ្ឋ​អាមេរិក រួច​មក ក្រុមហ៊ុន​ហ្វេសប៊ុក​បាន​រក​ឃើញ​ថា វា​ពិត​ជា​ចាំបាច់​ណាស់​ដែល​ត្រូវ​បង្កើត​កម្មវិធី​ទូរស័ព្ទ​មួយ​ទៀត ដែល​អាច​ឲ្យ​កុមារៗ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​មនុស្ស​ជា​ទី​ស្រឡាញ់ ប៉ុន្តែ​អាច​ឲ្យ​ឪពុក​ម្ដាយ​គ្រប់គ្រង​ទំនាក់ទំនង​របស់​ពួក​គេ​បាន នោះ​គឺ​កម្មវិធី Messenger Kids ។

ប្រធាន​ផ្នែក​គ្រប់គ្រង​ផលិតផល​នៃ​ក្រុមហ៊ុន​ហ្វេសប៊ុក លោក Loren Cheng ឲ្យ​ដឹង​តាម​រយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ចុង​ឆ្នាំ​២០១៧ ថា ក្រុមហ៊ុន​សម្រេច​ដាក់​ឲ្យ​ប្រើប្រាស់​កម្មវិធី​ថ្មី​មួយ គឺ Messenger Kids ដែល​ធ្វើ​ឲ្យ​កុមារៗ​ងាយស្រួល និង​មាន​សុវត្ថិភាព​ក្នុង​ការ​ជជែក​កម្សាន្ត​ជា​វីដេអូ និង​ផ្ញើ​សារ​ជាមួយ​ក្រុម​គ្រួសារ និង​មិត្តភ័ក្ដិ។

សេចក្ដី​ប្រកាស​ដដែល​ឲ្យ​ដឹង​ទៀត​ថា កម្មវិធី​ជជែក​កម្សាន្ត​សម្រាប់​កុមារ​នេះ គឺ​ជា​កម្មវិធី standalone app ដែល​ដំឡើង​នៅ​លើ tablet smartphone (ទូរស័ព្ទ​ឆ្លាតវៃ) របស់​កុមារ ប៉ុន្តែ​អាច​គ្រប់គ្រង​ចេញ​ពី​គណនី​ហ្វេសប៊ុក​របស់​ឪពុក​ម្ដាយ។ មាន​ន័យ​ថា នៅ​ពេល​កម្មវិធី​នេះ​ត្រូវ​បាន​ដំឡើង និង​កំណត់​ដោយ​ឪពុក​ម្ដាយ​របស់​ពួក​គេ នោះ​កុមារៗ​ទាំងនោះ​អាច​ចាប់ផ្ដើម​ជជែក​កម្សាន្ត​ជា​លក្ខណៈ​មួយ​ទល់​នឹង​មួយ ឬ​ក៏​លក្ខណៈ​ជា​ក្រុម​ជាមួយ​មនុស្ស​ដែល​ឪពុក​ម្ដាយ​បាន​អនុញ្ញាត​ពី​គណនី​របស់​ឪពុក​ម្ដាយ។ ដូច្នេះ កុមារៗ​មិន​អាច​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​មនុស្ស​ដែល​ឪពុក​ម្ដាយ​របស់​ពួក​គេ​មិន​បាន​អនុញ្ញាត​នោះ​ទេ។

កម្មវិធី​ជជែក​កម្សាន្ត​របស់​កុមារ។

របៀប​ដំឡើង និង​ដំណើរការ​កម្មវិធី Messenger Kids

ឪពុក​ម្ដាយ​ត្រូវ​តែ​ដំឡើង​កម្មវិធី​នេះ​ឲ្យ​កូនៗ​របស់​ពួក​គេ។ ដើម្បី​កំណត់​គណនី​កូនៗ​របស់​អ្នក​បាន សូម​អនុវត្ត​តាម​ជំហាន​ខាង​ក្រោម៖

  1. ទាយ​យក (Download) កម្មវិធី​ជជែក​កម្សាន្ត​សម្រាប់​កុមារ ដើម្បី​ដំឡើង​លើ iPad, iPod touch, iPhone ឬ​ឧបករណ៍​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Android
  2. បន្ទាប់​មក កំណត់​ឧបករណ៍​របស់​កូនៗ​របស់​អ្នក​ដោយ​ប្រើប្រាស់​គណនី​ហ្វេសប៊ុក​របស់​អ្នក​ដើម្បី log in (username & password)។ ក្នុង​ករណី​នេះ អ្នក​មិន​បាន​បង្កើត​គណនី​ហ្វេសប៊ុក​សម្រាប់​កូនៗ ឬ​ក៏​អនុញ្ញាត​ឲ្យ​ប្រើ​គណនី​ហ្វេសប៊ុក​របស់​អ្នក​ទេ។
  3. បង្កើត​គណនី (Create an account) មួយ​សម្រាប់​កូនៗ​របស់​អ្នក ដោយ​បង្កើត​ឈ្មោះ​ឲ្យ​កូន​របស់​អ្នក។ បន្ទាប់​មក ប្រគល់​ឧបករណ៍​នោះ​ឲ្យ​កូន​របស់​អ្នក​ជា​ការ​ស្រេច។
  4. លោក​អ្នក​អាច​បន្ថែម​មនុស្ស​ដែល​លោក​អ្នក​ចង់​ឲ្យ​កូន​របស់​អ្នក​អាច​ជជែក​ជាមួយ​បាន (add contact) សូម​ចុច​លើ សញ្ញា​ឆ្នូត​បី (More) នៅ​គណនី​ហ្វេសប៊ុក​របស់​អ្នក (Facebook App) រួច​ជ្រើស​យក Messenger Kids និង​ចាប់ផ្ដើម​បន្ថែម​មនុស្ស​ទៅ​ឲ្យ​កូនៗ​របស់​អ្នក។

ជា​រឿង​ល្អ​មែនទែន កម្មវិធី​ជជែក​កម្សាន្ត​សម្រាប់​កុមារ​នេះ​ពុំ​មែន​ការ​ផ្សាយ​ពាណិជ្ជកម្ម​នោះ​ទេ។ លើស​ពី​នេះ​ទៀត ហ្វេសប៊ុក​បាន​បញ្ជាក់​ថា ព័ត៌មាន​របស់​កូនៗ​របស់​អ្នក​នៅ​លើកម្មវិធិ​ជជែក​កម្សាន្ត​នេះ មិន​ត្រូវ​បាន​យក​មក​ប្រើ​ដើម្បី​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នោះ​ដែរ។

ទោះ​យ៉ាង​ណា​ក៏ដោយ កម្មវិធី​សម្រាប់​កុមារ​នេះ​មិន​ទាន់​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ទូទាំង​ពិភពលោក​នៅ​ឡើយ​ទេ។ ប្រសិន​បើ​លោក​អ្នក​មិន​អាច​ដំឡើង ឬ​ដំណើរការ​កម្មវិធី​នេះ​បាន​ទេ មាន​ន័យ​ថា កម្មវិធី​នេះ​មិន​ទាន់​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​នៅ​ប្រទេស​របស់​អ្នក​នោះ​ទេ។

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ឲ្យ​បាន​ដឹង​អំពី​ព័ត៌មាន​នេះ​ផង។ សូម​អរគុណ!

កម្មវិធី​ជជែក​កម្សាន្ត​របស់​កុមារ។
កម្មវិធី​ជជែក​កម្សាន្ត​របស់​កុមារ។
កម្មវិធី​ជជែក​កម្សាន្ត​របស់​កុមារ។

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

Exit mobile version