Site icon Tech Khmer

ការ​ការពារ​ខ្លួន​នៅ​លើ​បណ្ដាញ​សង្គម

ការ​ការពារ​ខ្លួន​នៅ​លើ​បណ្ដាញ​សង្គម (Protecting Yourself on Social Networks)

ការ​ការពារ​ខ្លួន​នៅ​លើ​បណ្ដាញ​សង្គម (Protecting Yourself on Social Networks)

នៅ​ពេល​ថ្មីៗ​នេះ អង្គការ ឡូខឺឡាយហ្សេសិន លែប (Localization Lab) ផ្សព្វផ្សាយ​អត្ថបទ​ជា​ភាសា​ខ្មែរ ណែនាំ​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ពី​របៀប​ការពារ​ខ្លួន​នៅ​លើ​បណ្ដាញ​សង្គម (Protecting Yourself on Social Networks)។

Localization Lab គឺ​ជា​សហគមន៍​សកល​មួយ​មាន​អ្នក​ចូលរួម​គាំទ្រ​ជាង ៦០០០​នាក់​ក្នុង​ការ​បកប្រែ និង​ធ្វើ​មូលដ្ឋានីយកម្ម​ឧបករណ៍​សេរីភាព​អ៊ីនធឺណិត (Internet Freedom Tools) ដែល​ជា​បច្ចេកវិទ្យា​ទាក់ទង​នឹង​ការ​ប្រើប្រាស់​អ៊ីនធឺណិត សន្តិសុខ​លើ​អ៊ីនធឺណិត អក្ខរកម្ម​ឌីជីថល និង​ភាព​អនាមិក​នៅ​លើ​អនឡាញ ដើម្បី​ធានា​ថា​មនុស្ស​ជុំវិញ​ពិភពលោក​មាន​មធ្យោបាយ​សុវត្ថិភាព​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​នៅ​លើ​អ៊ីនធឺណិត។

បើ​តាម​វេបសាយ​របស់ Localization Lab ឱ្យ​ដឹង​ថា អត្ថបទ​នេះ​បកប្រែ​ចេញ​ពី​អត្ថបទ​ដើម​ជា​ភាសា​អង់គ្លេស​របស់​អង្គការ Electronic Frontier Foundation (EFF) ក្នុង​ផ្នែក​ការពារ​ខ្លួន​ពី​ការ​ឃ្លាំ​មើល (SURVEILLANCE SELF-DEFENSE)។ អត្ថបទ​ណែនាំ​នេះ​មាន​ចំណុច​សំខាន់ៗ​ចំនួន​ប្រាំមួយ។

Tech Khmer សូម​ដកស្រង់​ខ្លឹមសារ​ទាំងស្រុង​មក​បង្ហាញ​ប្រិយមិត្ត​ដូច​ខាង​ក្រោម​នេះ

បណ្ដាញ​សង្គម គឺ​ជា​គេហទំព័រ​ដែល​មាន​ប្រជាប្រិយភាព​បំផុត​នៅ​ក្នុង​ចំណោម​គេហទំព័រ​ទាំងឡាយ​នៅ​លើ​អ៊ីនធឺណិត។ ហ្វេសប៊ុក មាន​អ្នក​ប្រើប្រាស់​ជាង ១​ប៊ី​លាន​នាក់ ហើយ​អ៊ីនស្ដាក្រាម និង​ថ្វីតធឺ មាន​អ្នក​ប្រើប្រាស់​រាប់​រយ​លាន​នាក់។ ដំបូង​ឡើយ បណ្ដាញ​សង្គម​ត្រូវ​បាន​គេ​បង្កើត​ឡើង​ក្នុង​គំនិត​នៃ​ការ​ចែក​រំលែក​អត្ថបទ រូបថត និង​ព័ត៌មាន​ផ្ទាល់​ខ្លួន។ ឥឡូវ​នេះ ពួក​វា​ក៏​បាន​ក្លាយ​ទៅ​ជា​វេទិកា​សម្រាប់​ការ​រៀបចំ និង​ការ​និយាយ។ សកម្មភាព​ណា​មួយ​នៃ​សកម្មភាព​ទាំងនេះ អាច​ពឹង​ផ្អែក​លើ​ឯកជនភាព និង​ឈ្មោះ​តំណាង។

ដូច្នេះ សំណួរ​ខាង​ក្រោម​នេះ គឺ​មាន​សារសំខាន់​ណាស់​ដើម្បី​ពិចារណា​នៅ​ពេល​ប្រើប្រាស់​បណ្ដាញ​សង្គម៖ តើ​ខ្ញុំ​អាច​ប្រាស្រ័យ​ទាក់ទង​ជាមួយ​នឹង​គេហទំព័រ​ទាំងនោះ​ដោយ​របៀប​ម៉េច ខណៈ​ដែល​កំពុង​ការពារ​ខ្លួន? មូលដ្ឋាន​ឯកជនភាព​របស់​ខ្ញុំ? អត្តសញ្ញាណ​របស់​ខ្ញុំ? បញ្ជី​ទំនាក់ទំនង និង​សមាគម​របស់​ខ្ញុំ? តើ​ព័ត៌មាន​អ្វី​ដែល​ខ្ញុំ​ចង់​រក្សា​ជា​ឯកជន ហើយ​តើ​ខ្ញុំ​ចង់​រក្សា​ជា​លក្ខណៈ​ឯកជន​ពី​អ្នក​ណា​ខ្លះ?

អាស្រ័យ​ទៅ​លើ​កាលៈទេសៈ​របស់​អ្នក អ្នក​ប្រហែល​ជា​ត្រូវ​ការ​ការពារ​ខ្លួន​ឯង​ប្រឆាំង​នឹង​បណ្ដាញ​សង្គម​ផ្ទាល់ ឬ​ក៏​ត្រូវការ​ការពារ​ពី​អ្នក​ប្រើប្រាស់​ផ្សេង​ទៀត​នៃ​គេហទំព័រ ឬ​ក៏​ត្រូវ​ការពារ​ទាំង​ពីរ។

គន្លឹះ​ក្នុង​ការ​ចងចាំ​នៅ​ពេល​បង្កើត​គណនី

ត្រួត​ពិនិត្យ​គោលការណ៍​ឯកជនភាព​នៃ​បណ្ដាញ​សង្គម

ព័ត៌មាន​ដែល​រក្សា​ទុក​ដោយ​ភាគី​ទី​បី គឺ​ស្ថិត​នៅ​ក្រោម​គោលការណ៍​របស់​ពួក​គេ ហើយ​អាច​ត្រូវ​បាន​គេ​ប្រើប្រាស់​ក្នុង​គោល​បំណង​ពាណិជ្ជកម្ម ឬ​ចែក​រំលែក​ជាមួយ​ក្រុមហ៊ុន​ដទៃ​ទៀត ដូចជា​ក្រុមហ៊ុន​ទីផ្សារ​ជាដើម។ ខណៈ​ដែល​អ្នក​អាន​គោលការណ៍​ឯកជនភាព​ជា​ភារកិច្ច​ស្ទើរតែ​មិន​អាច​ទៅ​រួច​មួយ​នោះ អ្នក​ប្រហែល​ជា​ចង់​អាន​ផ្នែក​ដែល​ពិពណ៌នា​អំពី​របៀប​ទិន្នន័យ​របស់​អ្នក​ត្រូវ​បាន​គេ​ប្រើប្រាស់​នៅ​ពេល​វា​ត្រូវ​បាន​គេ​ចែក​រំលែក​ជាមួយ​ភាគី​ផ្សេង​ទៀត និង​ពី​របៀប​ភាគី​នោះ​ឆ្លើយតប​ទៅ​នឹង​ការ​ស្នើសុំ​ឱ្យ​អនុវត្ត​ច្បាប់។

បណ្ដាញ​សង្គម ជា​ធម្មតា​គឺ​រក​ប្រាក់​ចំណេញ​សម្រាប់​អាជីវកម្ម ហើយ​ជា​រឿយៗ វា​ប្រមូល​ព័ត៌មាន​រសើប​លើស​ពី​អ្វី​ដែល​អ្នក​បាន​ផ្ដល់​ឱ្យ ដូចជា​កន្លែង​ដែល​អ្នក​នៅ ចំណាប់​អារម្មណ៍​របស់​អ្នក និង​ការ​ផ្សាយ​ពាណិជ្ជកម្ម​ដែល​អ្នក​ប្រតិកម្ម​ទៅ​នឹង​អ្វី​ដែល​អ្នក​បាន​ទស្សនា​គេហទំព័រ​ទាំងនោះ (ឧទាហរណ៍៖ តាម​រយៈ​ប៊ូតុង «ចូល​ចិត្ត»)។ ពិចារណា​ទប់ស្កាត់ឃូគឃី​របស់​ភាគី​ទី​បី និង​ប្រើ​ផ្នែក​បន្ថែម​សម្រាប់​បង្ខាំង​ការ​តាមដាន​របស់​កម្មវិធី​រុករក ដើម្បី​ធានា​ថា​ព័ត៌មាន​មិន​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ភាគី​ទី​បី។

ប្ដូរ​ការ​កំណត់​ឯកជនភាព​របស់​អ្នក

ជាពិសេស ប្ដូរ​ការ​កំណត់​លំនាំ​ដើម។ ឧទាហរណ៍ តើ​អ្នក​ចង់​ចែក​រំលែក​ប្រកាស​របស់​អ្នក​ជា​សាធារណៈ ឬ​ជាមួយ​តែ​ក្រុម​មនុស្ស​ជាក់លាក់​ណា​មួយ? តើ​ពួក​គេ​អាច​ស្វែងរក​អ្នក​ឃើញ​ដោយ​ប្រើប្រាស់​អាសយដ្ឋាន​អ៊ីមែល ឬ​ក៏​លេខ​ទូរស័ព្ទ? តើ​អ្នក​ចង់​ឱ្យ​ទីតាំង​របស់​អ្នក​ត្រូវ​ចែក​រំលែក​ដោយ​ស្វ័យប្រវត្តិ​ឬ​ទេ?

ទោះ​បី​ជា​រាល់​វេទិកា​នៃ​បណ្ដាញ​សង្គម​មាន​ការ​កំណត់​តែ​មួយ​គត់​ក៏ដោយ ក៏​អ្នក​អាច​ស្វែងរក​គំរូ​កំណត់​មួយ​ចំនួន​ទៀត​បាន​ដែរ។

ទាញ​យក​អត្ថប្រយោជន៍​នៃ «ការ​ត្រួត​ពិនិត្យ» សន្តិសុខ និង​ឯកជនភាព។ ហ្វេសប៊ុក ហ្គូហ្គល និង​គេហទំព័រ​សំខាន់ៗ​ផ្សេង​ទៀត ផ្ដល់​នូវ​មុខងារ «ការ​ត្រួត​ពិនិត្យ​សន្តិសុខ»។ គោលការណ៍​ណែនាំ​នេះ នាំ​ផ្លូវ​អ្នក​តាម​រយៈ​ការ​កំណត់​ឯកជនភាព​ទូទៅ និង​សន្តិសុខ​ជា​លក្ខណៈ​ភាសា​សាមញ្ញ និង​វា​ជា​មុខងារ​ដ៏​ល្អ​សម្រាប់​អ្នក​ប្រើប្រាស់។

ចុងក្រោយ សូម​ចងចាំ​ថា ការ​កំណត់​ឯកជនភាព គឺ​អាច​មាន​ការ​ផ្លាស់ប្ដូរ។ នៅ​ពេល​ខ្លះ ការ​កំណត់​ឯកជនភាព​ទាំងនេះ​មាន​លក្ខណៈ​កាន់​តែ​រឹងមាំ និង​មាន​ច្រើន​ផ្នែក ហើយ​ជួនកាល​មិន​អ៊ីចឹង​ទេ។ សូម​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​ផ្លាស់ប្ដូរ​ទាំងនេះ​ឱ្យ​ដិតដល់ ដើម្បី​ពិនិត្យ​មើល​ថា តើ​ព័ត៌មាន​ឯកជន​ណា​មួយ​ដែល​នឹង​ត្រូវ​គេ​ចែក​រំលែក ឬ​ប្រសិន​បើ​ការ​កំណត់​បន្ថែម​ណា​មួយ​អនុញ្ញាត​ឱ្យ​អ្នក​គ្រប់គ្រង​លើ​ឯកជនភាព​របស់​អ្នក។

រក្សា​ព័ត៌មាន​ផ្ទាល់​ខ្លួន​ដាច់​ដោយឡែក​ពី​គ្នា

សម្រាប់​ពួក​យើង​ភាគច្រើន វា​មាន​សារសំខាន់​ដើម្បី​រក្សា​អត្តសញ្ញាណ​គណនី​ដាច់​ដោយឡែក​ពី​គ្នា។ វិធី​នេះ​អាច​អនុវត្ត​ចំពោះ​គេហទំព័រ​ណាត់​ជួប គេហទំព័រ​ព័ត៌មាន​ផ្ទាល់​ខ្លួន​អាជីព គណនី​អនាមិក និង​គណនី​នៅ​ក្នុង​សហគមន៍​ផ្សេងៗ។

លេខ​ទូរសព្ទ និង​រូបថត គឺ​ជា​ព័ត៌មាន​ពីរ​ប្រភេទ​ដែល​ត្រូវ​មើល​ជាប់​ជានិច្ច។ ជាពិសេស រូបថត​អាច​បន្លំ​ភ្ជាប់​គណនី​ដែល​អ្នក​ចង់​រក្សា​ឱ្យ​នៅ​ដាច់​ដោយឡែក​ពី​គ្នា។ នេះ​ជា​បញ្ហា​ទូទៅ​ដែល​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ជាមួយ​នឹង​គេហទំព័រ​ណាត់​ជួប និង​គេហទំព័រ​ព័ត៌មាន​ផ្ទាល់​ខ្លួន​អាជីព។ ប្រសិន​បើ​អ្នក​ចង់​រក្សា​ភាព​អនាមិក​របស់​អ្នក ឬ​រក្សា​អត្តសញ្ញាណ​គណនី​ជាក់លាក់​ឱ្យ​នៅ​ដាច់​ដោយឡែក​ពី​គ្នា សូម​ប្រើ​រូបថត ឬ​រូបភាព​ដែល​អ្នក​មិន​ធ្លាប់​ប្រើប្រាស់​នៅ​កន្លែង​ផ្សេង​នៅ​លើ​អ៊ីនធឺណិត។ ដើម្បី​ពិនិត្យ​មើល​វា អ្នក​អាច​ប្រើ​មុខងារ​ស្វែងរក​រូបភាព​បញ្ច្រាស​របស់​ហ្គូហ្គល ។

អថេរ​ចាំបាច់​ផ្សេង​ទៀត​ដើម្បី​មើល​រួម​មាន ឈ្មោះ​របស់​អ្នក (សូម្បី​តែ​ឈ្មោះ​ហៅ​ក្រៅ) និង​អ៊ីមែល​របស់​អ្នក។ ប្រសិន​បើ​អ្នក​រក​ឃើញ​ថា​ព័ត៌មាន​មួយ​ក្នុង​ចំណោម​ព័ត៌មាន​ទាំងនេះ​ស្ថិត​នៅ​កន្លែង​ដែល​អ្នក​មិន​បាន​រំពឹង​ទុក សូម​កុំ​ភ័យ​ខ្លាច ឬ​ភ័យ​ស្លន់ស្លោ។ ផ្ទុយ​ទៅ​វិញ គិត​នៅ​ក្នុង​ជំហាន​របស់​កូន​ក្មេង៖ ជំនួស​ឱ្យ​ការ​ព្យាយាម​លុប​ព័ត៌មាន​ទាំងអស់​អំពី​អ្នក​ចេញ​ពី​អ៊ីនធឺណិត​ទាំងស្រុង អ្នក​គ្រាន់​តែ​ផ្ដោត​ទៅ​លើ​ព័ត៌មាន​ជាក់លាក់ ដូចជា តើ​ពួក​វា​នៅ​កន្លែង​ណា ហើយ​តើ​អ្នក​អាច​ធ្វើ​អ្វី​បាន​ចំពោះ​ពួក​វា។

ផ្ស៊ាំ​ខ្លួន​អ្នក​ទៅ​នឹង​ការ​កំណត់​ក្រុម​នៅ​ក្នុង​ហ្វេសប៊ុក

ក្រុម​នៅ​ក្នុង​ហ្វេសប៊ុក គឺ​ជា​កន្លែង​កំពុង​មាន​ការ​កើន​ឡើង​សម្រាប់​សកម្មភាព​សង្គម ការ​តស៊ូ​មតិ និង​សកម្មភាព​រសើប​ផ្សេង​ទៀត ហើយ​ការ​កំណត់​ក្រុម អាច​មាន​ការ​យល់​ច្រឡំ។ ស្វែងយល់​បន្ថែម​អំពី​ការ​កំណត់​ក្រុម ហើយ​ប្រសិន​បើ​អ្នក​ចាប់​អារម្មណ៍​ចង់​រៀន​បន្ថែម​អំពី​ការ​កំណត់​ក្រុម សូម​ធ្វើ​ការ​ជាមួយ​ពួក​វា​ដើម្បី​រក្សា​ក្រុម​របស់​អ្នក​នៅ​ក្នុង​ហ្វេសប៊ុក​ជា​លក្ខណៈ​ឯកជន និង​មាន​សុវត្ថិភាព

ឯកជនភាព​គឺ​ជា​ក្រុម​កីឡា

កុំ​គ្រាន់​តែ​ផ្លាស់ប្ដូរ​ការ​កំណត់ និង​ឥរិយាបថ​នៃ​បណ្ដាញ​សង្គម​ផ្ទាល់​ខ្លួន​របស់​អ្នក សូម​និយាយ​ជាមួយ​មិត្តភ័ក្ដិ​របស់​អ្នក​អំពី​ទិន្នន័យ​រសើប​បំផុត​ដែល​អ្នក​បង្ហាញ​អំពី​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត។ សូម្បី​តែ​អ្នក​មិន​មាន​គណនី​បណ្ដាញ​សង្គម ឬ​សូម្បី​តែ​អ្នក​ដក​ស្លាក​ខ្លួន​ឯង​ចេញ​ពី​ប្រកាស​ក៏ដោយ ក៏​មិត្តភ័ក្ដិ​របស់​អ្នក​នៅ​តែ​អាច​កំណត់​អត្តសញ្ញាណ​របស់​អ្នក រាយការណ៍​ពី​ទីតាំង​របស់​អ្នក និង​ធ្វើ​ឱ្យ​ទំនាក់ទំនង​របស់​ពួក​គេ​ជាមួយ​អ្នក​ក្លាយ​ជា​សាធារណៈ។ ការ​ការពារ​ឯកជនភាព មិន​មែន​មាន​ន័យ​ត្រឹម​តែ​ថែ​រក្សា​ខ្លួន​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ថែរក្សា​មិត្តភ័ក្ដិ​របស់​យើង​ទៀត​ផង។

ដើម្បី​ចូល​ទៅ​អាន​អត្ថបទ​នេះ​នៅ​លើ​វេបសាយ Localization Lab សូម​ចុច​ត្រង់​នេះ!

Comments

Exit mobile version