Site icon Tech Khmer

Android App ចំនួន ៨ មាន​បង្កប់​មេរោគ​ទាញ​ទិន្នន័យ​ធនាគារ​ពី​ទូរស័ព្ទ

Android App មាន​មេរោគ

Android App មាន​មេរោគ

ក្រុម​អ្នក​ស្រាវជ្រាវ​ផ្នែក​សន្តិសុខ​បច្ចេកវិទ្យា​មក​ពី​ក្រុមហ៊ុន Check Point Research រក​ឃើញ​កម្មវិធី Android នៅ​លើ Google Play Store ចំនួន​៨ មាន​បង្កប់​មេរោគ AlienBot Banker និង MRAT ដែល​អាច​ទាញ​យក​ទិន្នន័យ​ពី​កម្មវិធី​ធនាគារ (Bank Application) ព្រម​ទាំង​អាច​គ្រប់គ្រង​ទូរស័ព្ទ​របស់​អ្នក​ប្រើប្រាស់​បាន​ទាំងស្រុង​ទៀត​ផង។

ក្រុមហ៊ុន Google បាន​លុប​កម្មវិធី​ដែល​មាន​បង្កប់​មេរោគ​ទាំងនោះ​ចេញ​ពី​ហាង Play Store របស់​ខ្លួន​រួច​ហើយ​នៅ​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ បន្ទាប់​ពី​ទទួល​បាន​របាយការណ៍​ពី​អ្នក​ជំនាញ​ផ្នែក​សន្តិសុខ​បច្ចេកវិទ្យា​នៅ​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០២១។

របាយការណ៍​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​សន្តិសុខ​បច្ចេកវិទ្យា​នៃ​ក្រុមហ៊ុន Check Point ដែល​ដាក់​នៅ​លើ​គេហទំព័រ​របស់​ក្រុមហ៊ុន បញ្ជាក់​ថា មេរោគ​នេះ​ត្រូវ​បាន​គេ​ហៅ​ថា Clast82 ហើយ​អ្នក​បង្កើត app ទាំងនោះ​ប្រើប្រាស់​បច្ចេកទេស​ដើម្បី​ជៀស​ផុត​ពី​ការ​ត្រួតពិនិត្យ​របស់ Google Play Protect ដើម្បី​ទទួល​បាន​ការ​អនុញ្ញាត​ឱ្យ​ដាក់​កម្មវិធី​នៅ​លើ Google Play Store បន្ទាប់​មក​ពួក​គេ​ក៏​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​ដោយ​ដាក់​បញ្ចូល​មេរោគ AlienBot Banker និង MRAT ហើយ​ពេល​ខ្លះ​ពួក​គេ​ប្រើ encryption លាក់​កូដ​មាន​មេរោគ​ដើម្បី​អាច​ដាក់​កម្មវិធី​ទៅ​ក្នុង Play Store បាន។

មេរោគ AlienBot ជា​ប្រភេទ​មេរោគ​ដែល​គេ​ប្រើ​ទៅ​លើ​ឧបករណ៍​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Android ដែល​អនុញ្ញាត​ឱ្យ​ក្រុម​វាយប្រហារ​អាច​បញ្ចូល​កូដ​មេរោគ​ទៅ​ក្នុង​កម្មវិធី​ហិរញ្ញវត្ថុ​ពី​ចម្ងាយ​បាន បន្ទាប់​មក​ក្រុម​វាយប្រហារ​ទាញ​យក​ទិន្នន័យ​គណនី​ហិរញ្ញវត្ថុ និង​គ្រប់គ្រង​លើ​ឧបករណ៍​របស់​ជន​រងគ្រោះ​បាន​ទាំងស្រុង​តែ​ម្ដង។

កម្មវិធី​ទាំង ៨ នេះ​រួមមាន៖

  1. Cake VPN
  2. Pacific VPN
  3. eVPN
  4. BeatPlayer
  5. QR/Barcode Scanner MAX
  6. Music Player
  7. tooltipnatorlibrary
  8. QRecorder
Cake VPN
BeatPlayer
Qrecorder New

ក្រុម​ការងារ ថិចខ្មែរ (Tech Khmer) សូម​ណែនាំ​ប្រិយមិត្ត​គួរ​តែ​ឆែក​មើល​ថា​តើ​អ្នក​បាន​ដំឡើង​កម្មវិធី​ខាង​លើ​នៅ​ក្នុង​ឧបករណ៍​របស់​អ្នក​ឬ​អត់។ ប្រសិន​បើ​អ្នក​បាន​ដំឡើង​វា សូម​លុប​វា​ចេញ​ពី​ឧបករណ៍​របស់​អ្នក​ភ្លាម៕

Comments

Exit mobile version