Site icon Tech Khmer

បែកធ្លាយ​ទិន្នន័យ​ប្រមាណ ៥៣៣​លាន​គណនី​ហ្វេសប៊ុក​រួម​មាន​កម្ពុជា​ដែរ

ទិន្នន័យ​របស់​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក (Facebook) ប្រមាណ ៥៣៣​លាន​គណនី​បែកធ្លាយ។

ទិន្នន័យ​របស់​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក (Facebook) ប្រមាណ ៥៣៣​លាន​គណនី​បែកធ្លាយ។

ទិន្នន័យ​របស់​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក (Facebook) ប្រមាណ ៥៣៣​លាន​គណនី​បែកធ្លាយ​នៅ​លើ​វេទិកា​អ៊ីនធឺណិត ប៉ុន្តែ​អ្នក​នាំពាក្យ​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក​អះអាង​ថា​ជា​ទិន្នន័យ​ចាស់​ច្រើន​ឆ្នាំ​មក​ហើយ។

សារព័ត៌មាន RT របស់​រុស្ស៊ី ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០២១ នេះ​ឱ្យ​ដឹង​ថា ទិន្នន័យ​របស់​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ដែល​បែកធ្លាយ​នោះ​រួមមាន​ឈ្មោះ​ពេញ លេខ​ទូរស័ព្ទ Facebook ID អ៊ីមែល និង​ប្រវត្តិរូប​សង្ខេប ហើយ​ប៉ះពាល់​ដល់​អ្នក​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​ចំនួន ១០៦​ប្រទេស។ ប្រទេស​ដែល​ប៉ះពាល់​ច្រើន​ជាង​គេ​គឺ សហរដ្ឋ​អាមេរិក ដែល​មាន​ជាង ៣២​លាន​គណនី។ ចំណែកឯ​ប្រទេស​អង់គ្លេស មាន​ប្រមាណ ១១​លាន​គណនី និង​ឥណ្ឌា មាន​ប្រមាណ ៦​លាន​គណនី។

ចំពោះ​ប្រទេស​កម្ពុជា​វិញ​ក៏​មាន​ទិន្នន័យ​អ្នក​ប្រើប្រាស់​នៅ​ក្នុង​បញ្ជី​ទិន្នន័យ​បែកធ្លាយ​នោះ​ដែរ។ យោង​តាម​ឯកសារ​ដែល​បង្ហោះ​នៅ​លើ​គណនី Twitter របស់​អ្នក​ជំនាញ​សន្តិសុខ​អ៊ីនធឺណិត លោក Alon Gal ឱ្យ​ដឹង​ថា គណនី​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​នៅ​កម្ពុជា ដែល​បែកធ្លាយ​មាន​ប្រមាណ ២៨៣៨​គណនី។

ទោះជាយ៉ាងណា ក្រុមហ៊ុន​ហ្វេសប៊ុក​ថា​មិន​គួរ​ព្រួយ​បារម្ភ​ពេក​នោះ​ទេ ដោយ​ហេតុ​ថា​ទិន្នន័យ​ទាំងនោះ​ជា​ទិន្នន័យ​ចាស់​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​ទិន្នន័យ​ផ្នែក​ខ្លះ​ក៏​ធ្លាប់​ត្រូវ​បាន​ប្រកាស​បែកធ្លាយ​រួច​ដែរ។

អ្នក​នាំ​ពាក្យ​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក អ្នកស្រី Liz Bourgeois បញ្ជាក់​នៅ​លើ​គណនី Twitter របស់​អ្នកស្រី​ថា ទិន្នន័យ​ទាំងនោះ​ជា​ទិន្នន័យ​ចាស់​ដែល​ត្រូវ​បាន​រកឃើញ​នៅ​ឆ្នាំ​២០១៩ ហើយ​ក្រុមហ៊ុន​បាន​ជួសជុល​ចំណុច​ងាយ​រងគ្រោះ​ដែល​អនុញ្ញាត​ឱ្យ​ហេគឃឺ​ទាញ​យក​ទិន្នន័យ​រួចរាល់​ហើយ​នៅ​ខែ​សីហា ក្នុង​ឆ្នាំ​ដដែល​នោះ។

ផ្ទុយ​ពី​អ្នក​នាំ​ពាក្យ​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក អ្នក​ជំនាញ​សន្តិសុខ​អ៊ីនធឺណិត​ដែល​បាន​រកឃើញ​ទិន្នន័យ​បែកធ្លាយ​នេះ លោក Alon Gal ជឿជាក់​ថា​ស្ថានភាព​ជាក់ស្ដែង​ប្រហែល​មិន​ដូច​ការ​អះអាង​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក​នោះ​ទេ។ លោក​ថា​ទិន្នន័យ​ទាំងនោះ​អាច​ត្រូវ​បាន​ប្រើប្រាស់​ដោយ​ក្រុម​ហេគឃឺ ដើម្បី​បន្លំ​ជា​អ្នក​ប្រើប្រាស់​ពិតប្រាកដ​ក្នុង​សកម្មភាព​បោកប្រាស់​នានា។ លោក​បារម្ភ​ថា ទិន្នន័យ​ឯកជន​ដូចជា​លេខ​ទូរស័ព្ទ​របស់​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​រាប់​លាន​នាក់ អាច​នឹង​ត្រូវ​ក្រុម​ខិលខូច​ប្រើប្រាស់​ក្នុង​សកម្មភាព​ឆបោក​ជាដើម។

កាល​ពី​ចុង​ឆ្នាំ​២០១៨ ក្រុមហ៊ុន​ហ្វេសប៊ុក​ត្រូវ​បាន​បង្ខំ​ឱ្យ​សុំ​ទោស បន្ទាប់​ពី​មាន​កំហុស​នៅ​ក្នុង software របស់​ក្រុមហ៊ុន​ដែល​អនុញ្ញាត​ឱ្យ​ភាគី​ទី​បី​អាច​ចូល​មើល​រូបថត​មនុស្ស​ជិត ៧​លាន​នាក់។ ហេតុការណ៍​នេះ​កើត​ឡើង​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​បន្ទាប់​ពី​ក្រុម​ហេគឃឺ​បាន​ចូល​មើល​ទិន្នន័យ​របស់​អ្នក​ប្រើប្រាស់​ចំនួន ២៩​លាន​គណនី។

បន្ទាប់​មក​ទៀត​នៅ​ខែ​ឧសភា ឆ្នាំ​២០១៩ ទិន្នន័យ​ដែល​មាន​ផ្ទុក​ព័ត៌មាន​លម្អិត និង​កំណត់ត្រា​របស់​មនុស្ស​ជាង ៤៩​លាន​នាក់​ត្រូវ​បាន​បែកធ្លាយ​ដោយ​ក្រុមហ៊ុន​ទីផ្សារ​ឥណ្ឌា ខណៈ​នៅ​ខែ​កញ្ញា ឆ្នាំ​២០១៩ ដដែល លេខ​ទូរស័ព្ទ​ប្រហែល ៤១៩​លាន​លេខ​ទូរស័ព្ទ​ដែល​ភ្ជាប់​នៅ​ក្នុង​គណនី​ហ្វេសប៊ុក ត្រូវ​បាន​ទុក​ដោយ​មិន​បាន​ការពារ​នៅ​លើ​ម៉ាស៊ីន​មេ (Server)៕

Comments

Exit mobile version