ហ្វេសប៊ុក (Facebook) លុបចោលគណនីក្លែងក្លាយ (Fake Account) ជាង ៥ពាន់លានគណនីនៅក្នុងឆ្នាំ២០១៩ នេះ ព្រមទាំងលុបរូបភាពរាប់រយលានរូបភាពដែលបង្ហាញពីការរំលោភបំពានលើកុមារ និងរូបភាពទាក់ទងនឹងអំពើអត្តឃាត។
កាលពីថ្ងៃពុធ ទី១៣ ខែវិច្ឆិកា ក្រុមហ៊ុនហ្វេសប៊ុកបាននិយាយថា គណនីក្លែងក្លាយ (Fake Account) ប្រមាណ ៥,៤ពាន់លានគណនី ត្រូវបានក្រុមហ៊ុនលុបចេញពីបណ្ដាញសង្គមរបស់ខ្លួននៅក្នុងឆ្នាំ២០១៩ នេះ ក្នុងការខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងបន្លំនៅលើបណ្ដាញសង្គម។ ក្រុមហ៊ុនបញ្ជាក់ថា ចាប់ពីខែមេសា ដល់ខែកញ្ញា ឆ្នាំ២០១៩ ក្រុមហ៊ុនបានលុបគណនីក្លែងក្លាយ ៣,២ពាន់លានគណនី។
តាមរយៈសារព័ត៌មាន Channel News Asia ចុះផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ក្រុមហ៊ុនហ្វេសប៊ុកបាននិយាយថា ដោយមានការកើនឡើងក្នុងការបង្កើតគណនីក្លែងបន្លំ ក្រុមហ៊ុនបានបង្កើនការការពារ និងជារឿយៗក្រុមហ៊ុនតែងលុបចោលនូវគណនីភ្លាមៗតែប៉ុន្មាននាទីប៉ុណ្ណោះបន្ទាប់ពីគណនីនោះត្រូវបានបង្កើតឡើង។
ហ្វេសប៊ុកបញ្ជាក់នៅក្នុងរបាយការណ៍តម្លាភាពចុងក្រោយរបស់ខ្លួនថា «យើង (ក្រុមហ៊ុន) បានបង្កើនសមត្ថភាពរបស់យើងក្នុងការស្វែងរក និងប្លុកការប៉ុនប៉ងបង្កើតគណនីក្លែងក្លាយ និងគណនីរំលោភបំពាន។ យើងអាចប៉ាន់ស្មានបានថា ជារៀងរាល់ថ្ងៃ យើង (ក្រុមហ៊ុន) បានរារាំងការប៉ុនប៉ងបង្កើតគណនីក្លែងក្លាយរាប់លានដងដោយប្រើប្រាស់ប្រព័ន្ធស្វែងរកទាំងនេះ។»
ទោះយ៉ាងណា របាយការណ៍តម្លាភាពនោះក៏បានបញ្ជាក់ផងដែរថា បណ្ដាញសង្គម Instagram ក៏ត្រូវបានគេសម្គាល់ឃើញថាជាកន្លែងដែលគួរឱ្យព្រួយបារម្ភអំពីការកើនឡើងនូវព័ត៌មានក្លែងក្លាយ៕
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិ និងមនុស្សជាទីស្រឡាញ់របស់អ្នកឲ្យបានដឹងផង។ សូមអរគុណ!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.netទៅចុះផ្សាយដោយគ្មានការអនុញ្ញាត។