ពាក្យសម្ងាត់ (Password) របស់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក (Facebook) រាប់រយលានគណនី ត្រូវបានរកឃើញថាត្រូវបានរក្សាទុកក្នុងទម្រង់អាចអានបាន (Plain Text) ដែលមិនបានធ្វើកូដនីយកម្ម (Encrypted) មុននឹងរក្សាទុកក្នុងប្រព័ន្ធទិន្នន័យឡើយ (Database)។
ក្រុមហ៊ុនហ្វេសប៊ុក (Facebook) ប្រកាសនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ នេះថា ក្រុមហ៊ុនបានរកឃើញពាក្យសម្ងាត់របស់អ្នកប្រើប្រាស់គណនីហ្វេសប៊ុកមួយចំនួនត្រូវបានរក្សាទុកក្នុងទម្រង់អាចអានបាន (readable) នៅក្នុងប្រព័ន្ធរក្សាទិន្នន័យផ្ទៃក្នុងរបស់ក្រុមហ៊ុន។ ការរកឃើញនេះ បន្ទាប់ពីក្រុមហ៊ុនបានធ្វើការត្រួតពិនិត្យទៅលើប្រព័ន្ធសន្តិសុខរបស់ហ្វេសប៊ុកកាលពីខែមករា កន្លងទៅនេះ។
ទោះយ៉ាងណា ក្រុមហ៊ុនហ្វេសប៊ុកបញ្ជាក់ថា ក្រុមហ៊ុនបានជួសជុលនូវបញ្ហានេះរួចរាល់ហើយ និងដើម្បីជាការប្រុងប្រយ័ត្ន ក្រុមហ៊ុននឹងជូនដំណឹងដល់អ្នកប្រើប្រាស់ទាំងអស់ដែលរងគ្រោះក្នុងករណីនេះ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ហ្វេសប៊ុកដដែល ឲ្យដឹងទៀតថា ពាក្យសម្ងាត់ដែលត្រូវបានរកឃើញថាត្រូវបានរក្សាទុកក្នុងទម្រង់អាចអានបាននោះ ពុំមានអ្នកខាងក្រៅក្រុមហ៊ុនហ្វេសប៊ុកមើលឃើញនោះទេ ហើយក្រុមហ៊ុនក៏រកមិនឃើញភស្តុតាងណាមួយរហូតដល់ថ្ងៃនេះ ដែលថាបុគ្គលិកក្រុមហ៊ុនហ្វេសប៊ុកបានរំលោភបំពាន ឬ accessed ទៅកាន់ពាក្យសម្ងាត់នោះឡើយ។
ក្រុមហ៊ុនប៉ាន់ស្មានថា ករណីនេះអាចប៉ះពាល់ដល់អ្នកប្រើប្រាស់ Facebook Lite រាប់រយលានគណនី អ្នកប្រើប្រាស់ Facebook រាប់សិបលានគណនី និងអ្នកប្រើប្រាស់ Instagram រាប់សិបពាន់គណនី។
ក្រុមហ៊ុនអះអាងថា នៅពេលអ្នកប្រើប្រាស់បង្កើតគណនីភ្លាម គឺហ្វេសប៊ុកនឹងធ្វើកូដនីយកម្មពាក្យសម្ងាត់នោះ សូម្បីតែបុគ្គលិកក្រុមហ៊ុនក៏មិនអាចមើលឃើញដែរ ដោយក្រុមហ៊ុនប្រើបច្ចេកទេស និង function ដើម្បីជំនួសពាក្យសម្ងាត់ពិតរបស់អ្នកប្រើប្រាស់ដោយសំណុំនៃតួអក្សរចៃដន្យវិញ។
ទោះបីជាក្រុមហ៊ុនហ្វេសប៊ុកបញ្ជាក់ថាពាក្យសម្ងាត់ទាំងនោះមិនបានលេចធ្លាយទៅខាងក្រៅក៏ដោយ ប៉ុន្តែ Tech Khmer លើកទឹកចិត្តលោកអ្នកសូមប្រញាប់ផ្លាស់ប្ដូរពាក្យសម្ងាត់ថ្មីដើម្បីសុវត្ថិភាពគណនីហ្វេសប៊ុក និងគណនី Instagram របស់លោកអ្នក។
អត្ថបទទាក់ទង
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកឲ្យបានដឹងអំពីព័ត៌មាននេះផង។ សូមអរគុណ!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.netទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕